ដោយមានសំឡេងគាំទ្រចំនួន ១៦៥ សំឡេងប្រឆាំងចំនួន ៧ និងសំឡេងអនុប្បវាទចំនួន ១២ ការអនុម័តលើសេចក្តីសម្រេចចិត្តរបស់មហាសន្និបាត អ.ស.ប បានអះអាងថា វិចារណញ្ញាណ យុត្តិធម៌ និងសច្ចភាពគឺនៅខាងប្រជាជនគុយបា។
នេះជាលើកទី ៣៤ ហើយដែលគុយបាបានដាក់ជូនមហាសន្និបាតអ.ស.ប នូវសេចក្តីព្រាងសេចក្តីសម្រេចចិត្ត អំពាវនាវឱ្យអាមេរិកលុបបំបាត់ការហ៊ុំពទ្ធ័នេះ។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលគុយបាតែងតែបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចសម្រាប់កិ្ចចសន្ទនាដោយផ្អែកលើសមភាព ការគោរពច្បាប់អន្តរជាតិ និងអធិបតេយ្យភាពជាតិ។ មុននោះ ក្នុងសន្និសីទសារព័ត៌មានមួយ រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodríguez Parrilla បានឲ្យដឹងថា ការខូចខាតដែលបណ្តាលមកពីគោលនយោបាយរបស់សហរដ្ឋអាមេរិកត្រូវបានប៉ាន់ប្រមាណ ៧,៥៥៦ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៤ កើនឡើងជិត ៥០% បើធៀបនឹងឆ្នាំមុន។
យោងតាមលក្ខខណ្ឌនៃសេចក្តីសម្រេចចិត្តដែលត្រូវបានអនុម័ត មហាសន្និបាតអ.ស.បបានអំពាវនាវដល់ប្រទេសដទៃទៀតដែលបាននិងកំពុងអនុវត្តន៍ច្បាប់ ឬវិធានការគាំទ្រការហ៊ុំពទ្ធ័លើគុយបា ឱ្យលុបចោល ឬនិរាការណ៍ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅក្នុងសម័យប្រជុំនៃមហាសន្និបាតអ.ស.បលើកនេះ តំណាងបណ្តាប្រទេស និងក្រុមអន្តរជាតិក៏បានសម្តែងការប្រឆាំងជំទាស់ចំពោះសង្គ្រាមសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងទីក្រុងហាវ៉ាណា ហើយបានបដិសេធការដាក់បញ្ចូលគុយបាក្នុងបញ្ជីប្រទេសដែលឧបត្ថម្ភពួកភេរវកម្ម៕
