ព័ត៌មានរបស់ IRNA បានបញ្ជាក់ថា៖ “អ៊ីរ៉ង់បានផ្ញើការឆ្លើយតបរបស់ខ្លួនទៅកាន់ប៉ាគីស្ថាន ចំពោះសំណើរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្គ្រាម” ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតនៃសំណើនោះទេ។ អ៊ីរ៉ង់បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបញ្ចប់ជម្លោះទាំងស្រុង។
មុននោះ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បាននិយាយថា ទីក្រុងតេអេរ៉ង់បានបង្ហើយការទាមទាររបស់ខ្លួនទាក់ទងនឹងសំណើបញ្ចប់ជម្លោះ ប៉ុន្តែនឹងប្រកាសតែនៅពេលវេលាដ៏សមស្របប៉ុណ្ណោះ។
ក្នុងពេលជាមួយគ្នានោះ ការប្រយុទ្ធគ្នានៅមជ្ឈិមបូព៌ានៅតែបន្តកើនឡើង។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Israel Katz នាថ្ងៃទី ៦ ខែមេសា បានឲ្យដឹងថា នាយករដ្ឋមន្ត្រីប្រទេសនេះ លោក Netanyahu បានបញ្ជាឱ្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) បន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអ៊ីរ៉ង់។
កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) កាលពីថ្ងៃទី ៦ មេសា បានប្រកាសថា លោក Majid Khademi ប្រធានផ្នែកចារកម្មនៃកងកម្លាំងនេះ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមជើងអាកាសនៅព្រឹកថ្ងៃដដែល។ IRGC ក៏បានប្រកាសផងដែរថា ពួកគេបានវាយប្រហារលើនាវាចម្បាំង USS Tripoli (LHA-7) ដែលដឹកទាហានជាង ៥០០០ នាក់ និងនាវាកុងតឺន័រ SDN7 របស់អ៊ីស្រាអែល ដែលបណ្តាលឱ្យមានអគ្គីភ័យធំមួយ។
នៅចំពោះមុខភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានព្រមានអំពីផលវិបាកដ៏គ្រោះថ្នាក់ នៃសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងផលប៉ះពាល់អវិជ្ជមានធ្ងន់ធ្ងរលើសេដ្ឋកិច្ចសកល ហើយបានសង្កត់ធ្ងន់ថា វិសាលភាពភូមិសាស្ត្រនៃជម្លោះនេះ បានពង្រីក។ នាថ្ងៃទី ៦ មេសា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa បានថ្កោលទោសការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ជាពិសេសមូលដ្ឋានថាមពល ក្នុងអំឡុងពេលសង្គ្រាម គឺជាអំពើខុសច្បាប់ និងមិនអាចទទួលយកបានឡើយ ព្រមទាំងបានសង្កត់ធ្ងន់ថា “មានតែដំណោះស្រាយការទូតប៉ុណ្ណោះ ទើបអាចដោះស្រាយមូលហេតុឫសគល់នៃជម្លោះបាន”៕
