ក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៧ ខែមេសា បានចេញសេចក្តីប្រកាសព័ត៌មានអបអរសាទរចំពោះលោក តូ ឡឹម អគ្គលេខាបក្សកុម្មុយនិស្តវៀតណាម ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ ព្រមទាំងអបអរសាទរចំពោះលោក ឡេ មិញហ៊ុង សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន ភាគីសហរដ្ឋអាមេរិកបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយវៀតណាម ដែលត្រូវបាន
កសាងឡើងដោយផ្អែកលើចំណងមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងផលប្រយោជន៍រួមអស់រយៈពេលជាងបីទសវត្សរ៍កន្លងមក។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់វៀតណាមក្នុងការជំរុញវិបុលភាពសេដ្ឋកិច្ច ការពង្រីកការជួបប្រាស្រ័យរវាងប្រជាជន ក៏ដូចជាការសម្របសម្រួលជំរុញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។
ភាគីសហរដ្ឋអាមេរិកក៏បានបង្ហាញពីបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នាយករដ្ឋមន្ត្រី លោក ឡេ មិញហ៊ុង និងរដ្ឋាភិបាលវៀតណាម ដើម្បីជំរុញសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាបន្តធ្វើឱ្យប្រទេសទាំងពីរកាន់តែមានសុវត្ថិភាព រឹងមាំ និងវិបុលភាពជាងមុន៕
