ពិធីចុចប៊ូតុង បង្ហាញមុខសៀវភៅ “វិទ្យុសំឡេងវៀតណាម ៨០ ឆ្នាំ រួមដំណើរជាមួយប្រទេសជាតិ”។ រូបថត៖ VOV

សៀវភៅ “វិទ្យុសំឡេងវៀតណាម ៨០ ឆ្នាំ រួមដំណើរជាមួយប្រទេសជាតិ” ត្រូវបាន VOV សម្របសម្រួលជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ Su That ចុះផ្សាយក្នុងឱកាសរំលឹកខួបលើកទី ៨០ ទិវាបង្កើត VOV (ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៤៥ ដល់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥)។ ថ្លែងមតិក្នុងពិធីនេះ លោក Pham Manh Hung អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមបានសង្កត់ធ្ងន់ថា៖

លោក Pham Manh Hung អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម។ រូបថត៖ VOV

“ក្នុងបរិយាកាសអបអរសាទរខួបលើកទី ៨០ បដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិទី ២ កញ្ញា ក៏ជាថ្ងៃដែលវិទ្យុសម្លេងវៀតណាមរំលឹកខួបលើកទី ៨០ ទិវាបង្កើតរបស់ខ្លួន ការបោះពុម្ភសៀវភៅនេះ មានសារៈសំខាន់ណាស់ ដោយបង្ហាញពីការគោរពនិងការដឹងគុណចំពោះការរួមវិភាគទានរបស់ជំនាន់មុនៗ ដែលបានកសាងនិងពូនជ្រុំគុណតម្លៃដ៏សក្ដិសិទ្ធិនៃ “សម្លេងវៀតណាម” ក្នុងដំណើរលំបាកបំផុតរបស់ប្រទេសជាតិ; បង្ហាញពីការប្តេជ្ញាចិត្ត និងក្តីស្រមៃរបស់ “សម្លេងវៀតណាម” នាបច្ចុប្បន្ន ដែលកំពុងហើយជានិច្ចកាលរួមដំណើរជាមួយប្រទេសជាតិ និងប្រជាជន ក្នុងយុគសម័យថ្មី”។

ដោយមានកម្រាស់ជិត ៥០០ ទំព័រ សៀវភៅ “វិទ្យុសំឡេងវៀតណាម ៨០ ឆ្នាំ រួមដំណើរជាមួយប្រទេសជាតិ” ផ្តោតលើ៖ ការបង្ហាញឡើងវិញនូវប្រពៃណី និងភាពអង់អាចក្លាហានដើម្បីជំនះរាល់ការលំបាកក្នុងរយៈពេល ៨០ ឆ្នាំនៃការកសាងនិងអភិវឌ្ឍន៍ អះអាងពីឋានៈរបស់វិទ្យុសម្លេងវៀតណាមក្នុងបេះដូងរបស់ប្រទេសជាតិនិងប្រជាជន; ឆ្លុះបញ្ជាំងពីការផ្សាភ្ជាប់និងការលះបង់របស់កម្មាភិបាល អ្នកសារព័ត៌មាន និងអ្នកបច្ចេកទេសជាច្រើនជំនាន់ ជាមួយនឹងបេសកកម្មដ៏ថ្លៃថ្នូគឺ៖ ភ្ជាប់ឆន្ទៈរបស់បក្សជាមួយនឹងបេះដូងប្រជាជន; តម្រង់ទិសយុទ្ធសាស្ត្រអភិវឌ្ឍន៍ក្នុងយុគសម័យឌីជីថល នៅចំពោះមុខដំណាក់កាលថ្មីរបស់ប្រទេសជាតិ។

សៀវភៅ “វិទ្យុសំឡេងវៀតណាម ៨០ ឆ្នាំ រួមដំណើរជាមួយប្រទេសជាតិ”។ រូបថត៖ VOV

ចំណុចថ្មីគួរឲ្យកត់សម្គាល់នោះគឺថា សៀវភៅនេះមានកម្មវិធី QR code ដែលជួយអ្នកអានទទួលបានព័ត៌មានបន្ថែមទៀតអំពីដំណាក់កាលអភិវឌ្ឍន៍ អង្គភាពពាក់ព័ន្ធ ក្រុមអ្នកដឹកនាំ និងពានរង្វាន់ដ៏ថ្លៃថ្លារបស់វិទ្យុសម្លេងវៀតណាម៕