អគ្គលេខាបក្ស លោក តូ ឡឹម បានអញ្ជើញប្រគល់គ្រឿងឥស្សិរយយសវីរៈនារីពលកម្មជូនចំពោះ អតីតអនុប្រធានរដ្ឋ លោកស្រី Nguyen Thi Binh។ (រូបថត៖ Van Hieu/VOV) |
សេចក្តីសម្រេចចិត្តប្រគល់កិត្តិនាមវីរៈនារីពលកម្មជូនចំពោះលោកស្រី Nguyen Thi Binh គឺដើម្បីទទួលស្គាល់ការរួមចំណែកដ៏ធំធេងរបស់លោកស្រីក្នុងវិស័យកិច្ចការបរទេស រួមចំណែកក្នុងបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រទេសជាតិ។
លោកស្រី Nguyen Thi Binh ឈ្មោះពិត គឺ Nguyen Thi Chau Sa ដែលបច្ចុប្បន្នលោកស្រីមានអាយុ ៩៨ ឆ្នាំ។ នៅចុងឆ្នាំ ១៩៦៨ លោកស្រីបានទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីចូលរួមសន្និសីទមួយពិភាក្សាអំពីការបញ្ចប់សង្រ្គាម និងការស្ដារឡើងវិញនូវសន្តិភាពនៅក្នុងប្រទេសវៀតណាម ក្នុងឋានៈជាអ្នកតំណាងរណសិរ្សរំដោះជាតិវៀតណាមខាងត្បូង។ បន្ទាប់ពីរដ្ឋាភិបាលបដិវត្តបណ្តោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូងត្រូវបានបង្កើតឡើងនៅខែមិថុនា ឆ្នាំ ១៩៦៩ លោកស្រីត្រូវបានប្រគល់ភារកិច្ចសំខាន់គឺកាន់ដំណែងរដ្ឋមន្ត្រីក្រសួងការបរទេស និងជាប្រធានគណៈប្រតិភូចរចានៅសន្និសីទទីក្រុងប៉ារីស។ សន្និសីទទីក្រុងប៉ារីសគឺជាការចរចាដ៏យូរអង្វែងដែលមានរយៈពេល ៤ ឆ្នាំ ៨ខែ និង ១៦ ថ្ងៃដោយមានកិច្ចប្រជុំផ្លូវការជាង ២០០, កិច្ចប្រជុំឯកជនចំនួន ៤៥ និងសន្និសីទសារព័ត៌មានជាង ៥០០។ ជ័យជំនះយោធាជាបន្តបន្ទាប់នៅលើសមរភូមិបានបង្កើតឱកាសសម្រាប់អ្នកចរចាវៀតណាម ដើម្បីបង្ខំឱ្យគូប្រជែងទទួលយកលក្ខខណ្ឌជាមូលដ្ឋានចាំបាច់ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការបញ្ចប់សង្គ្រាម និងការស្ដារឡើងវិញនូវសន្តិភាពនៅវៀតណាមនៅថ្ងៃទី ២៧ ខែមករាឆ្នាំ ១៩៧៣៕

