នៅលើរថភ្លើង ថ្នាក់ដឹកនាំនៃសហគ្រាសផ្លូវដែកចិន បានជម្រាបជូនអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អំពីការអភិវឌ្ឍនៃឧស្សាហកម្មផ្លូវដែករបស់ប្រទេសចិន។ តាមនោះ គិតត្រឹមដើមឆ្នាំ២០២៦ ប្រព័ន្ធផ្លូវដែកដែលកំពុងប្រតិបត្តិការរបស់ប្រទេសចិន មានប្រវែងសរុប ១៦៥.០០០ គីឡូម៉ែត្រ។ ក្នុងនោះ ផ្លូវដែកល្បឿនលឿន មានប្រវែងប្រហែល ៥៤.០០០គីឡូម៉ែត្រ ដែលនាំមុខគេលើពិភពលោក និងស្រូបយកជាង ៧០% នៃប្រវែងផ្លូវដែកល្បឿនលឿនសរុបរបស់ពិភពលោក។

ដោយសម្តែងការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍបណ្តាញផ្លូវដែកល្បឿនលឿនរបស់ប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានសម្តែងបំណងចង់ឱ្យប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់ផ្លូវដឹកជញ្ជូន រួមទាំងផ្លូវដែក ដើម្បីការអភិវឌ្ឍបៃតង និងកំណើនសេដ្ឋកិច្ចជាតិ។

ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនក្នុងវិស័យផ្លូវដែកល្បឿនលឿន លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឱ្យថ្នាក់ដឹកនាំឧស្សាហកម្មផ្លូវដែក និងសហគ្រាសចិនចែករំលែកបទពិសោធន៍ ហើយជួយគាំទ្រ និងចូលរួមជាមួយវៀតណាមក្នុងដំណើរការសាងសង់ និងផ្ទេរបច្ចេកវិទ្យាដល់គម្រោងផ្លូវដែកសំខាន់ៗនៅក្នុងប្រទេសវៀតណាម៕