សកម្មភាពចរាចរណ៍ ផលិតកម្ម សេដ្ឋកិច្ច ពាណិជ្ជកម្ម សេវាកម្ម ទំនាក់ទំនង។ល។ នៅតាមមូលដ្ឋានភាគច្រើនក្នុងប្រទេសអ៊ីរ៉ង់ត្រូវបានស្តារឡើងវិញដូចមុនពេលជម្លោះផ្ទុះឡើងជាមួយអ៊ីស្រាអែលនៅថ្ងៃទី ១៣ ខែមិថុនា។ នៅក្នុងរដ្ឋធានី Tehran ជាតំបន់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតបន្ទាប់ពីជម្លោះរយៈពេល ១២ ថ្ងៃ អ្នកជម្លៀសខ្លួនរាប់ម៉ឺននាក់បានវិលត្រឡប់មកផ្ទះវិញ។
នៅប្រទេសអ៊ីស្រាអែល អាកាសយានដ្ឋានអន្តរជាតិដ៏ធំបំផុតគឺ Ben Gurion ក្នុងទីក្រុង Tel Aviv បានដំណើរការឡើងវិញទាំងស្រុងហើយ។ ក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ និងអន្តរជាតិជាច្រើនក៏បានចាប់ផ្តើមជើងហោះហើរទៅនិងមកពីអ៊ីស្រាអែលឡើងវិញដែរ។ ក្នុងនោះ Flydubai របស់ UAE ជាក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិដំបូងគេដែលបានដំណើរការជើងហោះហើរទៅកាន់អ៊ីស្រាអែលឡើងវិញកាលពីយប់ថ្ងៃទី ២៥ មិថុនា។
ទាក់ទិននឹងការដោះស្រាយផលវិបាកនៃសង្គ្រាម អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានប្រកាសថា ប្រទេសនេះកំពុងរៀបចំដាក់ពាក្យបណ្តឹងទៅកាន់អង្គការសហប្រជាជាតិ ដោយទាមទារឱ្យសហរដ្ឋអាមេរិកផ្តល់សំណងសម្រាប់ការខូចខាតដែលបង្កឡើងដល់រោងចក្រនុយក្លេអ៊ែរចំនួន៣ ក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសកាលពីព្រឹកថ្ងៃទី ២២ ខែមិថុនា។
នាថ្ងៃដដែល រដ្ឋសភាអ៊ីរ៉ង់បានបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់ផ្អាកកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។ សេចក្តីព្រាងច្បាប់នេះត្រូវការអនុម័តដោយក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់៕
