ការព្រមាននេះត្រូវបាននាំចេញត្រឹមតែ ២ ថ្ងៃ មុនពេលទីក្រុងតេអេរ៉ង់ និងក្រុមប្រទេសអឺរ៉ុបសំខាន់ៗចំនួនបី (E3) ធ្វើការចរចាជុំថ្មី ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាសរបស់អ៊ីរ៉ង់។

រូបភាព៖ REUTERS/Dado Ruvic

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងតេអេរ៉ង់ អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Kazem Gharibabadi បានសង្កត់ធ្ងន់ថា ទោះបីជាមានសម្ពាធយ៉ាងខ្លាំងពីមតិសាធារណៈក្នុងប្រទេស ឱ្យដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល លើមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ កាលពីខែមិថុនាក៏ដោយ ក៏ទីក្រុងតេអេរ៉ង់នៅតែបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវសន្ធិសញ្ញាដែលប្រទេសនេះបានចូលរួមតាំងពីឆ្នាំ ១៩៧០។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីដែលបណ្តាប្រទេសអឺរ៉ុបអនុវត្តន៍យន្តការដាក់ទណ្ឌកម្មអន្តរជាតិឡើងវិញលើប្រទេសអ៊ីរ៉ង់ នោះប្រទេសឥស្លាមនេះប្រាកដជានឹងមិនអាចបន្តការអត់ធ្មត់បានឡើយ ដែលមានន័យថា ទីក្រុងតេអេរ៉ង់អាចនឹងដកខ្លួនចេញពីសន្ធិសញ្ញា NPT។

កាលពីសប្តាហ៍មុន ប្រទេសអឺរ៉ុបសំខាន់ៗចំនួនបី គឺចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានព្រមានថា នឹងអនុវត្តយន្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញប្រឆាំងនឹងអ៊ីរ៉ង់ ប្រសិនបើភាគីនានាមិនអាចឈានដល់កិច្ចព្រមព្រៀងថ្មីស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់មុនថ្ងៃទី ៣១ ខែសីហាឆ្នាំនេះ៕