ជាពិសេស ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ បានប្រកាសថា កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ សំដៅទៅលើមូលដ្ឋានទ័ពអាកាស Al Udeid របស់អាមេរិកក្នុងប្រទេសកាតា។ ការវាយប្រហារនេះ គឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកទៅលើរោងចក្រនុយក្លេអ៊ែរចំនួនបីរបស់អ៊ីរ៉ង់ គឺ Fordow Natanz និង Isfahan កាលពីថ្ងៃទី ២១ ខែមិថុនា។ ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់បានអះអាងថា ការវាយប្រហារសងសឹករបស់ប្រទេសខ្លួន មិនមានគោលបំណងបង្កការគំរាមកំហែងដល់ប្រទេសកាតានោះទេ។
មីស៊ីលស្ទាក់ចាប់មួយត្រូវបានមើលឃើញនៅលើផ្ទៃមេឃ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់បានប្រកាសថា ពួកគេបានកំណត់គោលដៅលើមូលដ្ឋាន Al-Udeid ក្នុងប្រទេសកាតា ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Stringer |
ក្រសួងការពារជាតិកាតាបានប្រកាសថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់មីស៊ីលទាំងអស់របស់អ៊ីរ៉ង់ដោយជោគជ័យ ហើយការវាយប្រហារនេះមិនបណ្តាលឱ្យមានអ្នករងរបួស ឬការខូចខាតធ្ងន់ធ្ងរនោះទេ។ អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក Majed al-Ansari បានឲ្យដឹងថា បុគ្គលិកទាំងអស់នៅក្នុងមូលដ្ឋានទ័ព Al Udeid ត្រូវបានជម្លៀសចេញ មុនពេលការវាយប្រហាររបស់អ៊ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកក៏បានរាយការណ៍ថា អ៊ីរ៉ង់បានជូនដំណឹងដល់កាតាជាមុន អំពីការវាយប្រហារនេះ ដើម្បីកាត់បន្ថយការស្លាប់និងរងរបួស៕

