សេចក្តីព្រមាននេះ ត្រូវបានធ្វើឡើងនៅពេលដែលអ៊ីស្រាអែល និងអ៊ីរ៉ង់ឈានចូលថ្ងៃទី ៨ ជាប់គ្នានៃការប្រយុទ្ធគ្នាយ៉ាងកាចសាហាវ។ ភាគីទាំងពីរបានបើកការវាយប្រហាររយៈចម្ងាយឆ្ងាយបន្ថែមទៀតដោយអាវុធទំនើបប្រឆាំងនឹងគ្នាទៅវិញទៅមក។

ការព្រមានអំពីគ្រោះមហន្តរាយនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលត្រូវបានធ្វើឡើងដោយអគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោក Grossi បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍នៃការវាយប្រហាររបស់អ៊ីស្រាអែលទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr របស់អ៊ីរ៉ង់ ហានិភ័យនៃការរីកសាយភាយសារធាតុវិទ្យុសកម្មនុយក្លេអ៊ែរគឺខ្ពស់ណាស់ ហើយប្រការនេះអាចបង្កឱ្យមានគ្រោះមហន្តរាយដល់តំបន់ទាំងមូល។

ការព្រមានអំពីគ្រោះមហន្តរាយនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់កើតឡើងនៅពេលដែលអ៊ីស្រាអែលបន្តបង្កើនយុទ្ធនាការវាយប្រហារទ្រង់ទ្រាយធំលើគោលដៅយោធា ទីតាំងនុយក្លេអ៊ែរ ហេដ្ឋារចនាសម្ព័ន្ធថាមពល និងគម្រោងជាច្រើនទៀតនៅក្នុងប្រទេសអ៊ីរ៉ង់។

ផ្ទុយទៅវិញ អ៊ីរ៉ង់បានធ្វើការវាយឆ្មក់ដោយមីស៊ីលផ្លោងចំនួន២គ្រាប់ និងការវាយប្រហារដោយយន្តហោះដ្រូនជាច្រើនលើកមកលើអ៊ីស្រាអែល។ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) បានប្រកាសថា បានដាក់ពង្រាយមីស៊ីលល្បឿនលឿនជាងសំឡេង ដើម្បីវាយប្រហារលើអ៊ីស្រាអែល ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីតាំងយុទ្ធសាស្ត្រក្នុងតំបន់ Tel Aviv, Haifa និង Beersheba ៕