នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃដដែល ដែលជាសេចក្តីថ្លែងការណ៍ជាផ្លូវការលើកដំបូងចាប់តាំងពីប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកាសពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់នោះ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ថា អ៊ីស្រាអែលបានទទួលជ័យជម្នះជាប្រវត្តិ សាស្ត្រក្នុងការប្រឈមមុខដាក់គ្នាខាងយោធាដ៏កាចសាហាវជាមួយអ៊ីរ៉ង់ដែលបានអូសបន្លាយរយៈពេល ១២ ថ្ងៃនិងយប់។ ប្រមុខរដ្ឋាភិបាលអ៊ីស្រាអែលបានបញ្ជាក់ជាថ្មីនូវជំហរថា មិនអនុញ្ញាតឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរឡើយ ហើយបានព្រមានថា អ៊ីស្រាអែលនឹងធ្វើសកម្មភាពយ៉ាងខ្លាំងដូចដែលបានធ្វើ ប្រសិនបើទីក្រុងតេអេរ៉ង់ ព្យាយាមស្តារកម្មវិធីនុយក្លេអ៊ែរឡើងវិញ។
ក្នុងពេលជាមួយគ្នានោះ នៅប្រទេសអ៊ីរ៉ង់ លោកប្រធានាធិបតី Masoud Pezeshkian ក៏បានប្រកាសថា អ៊ីរ៉ង់បានទទួលជ័យជម្នះជាប្រវត្តិសាស្ត្រ ហើយបញ្ចប់ សង្គ្រាមរយៈពេល ១២ ថ្ងៃដែលអ៊ីស្រាអែលជាអ្នកផ្ដើម។ លោក Pezeshkian បាន កោតសរសើរការតស៊ូដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ ដែលបង្ខំឱ្យសត្រូវព្រមទទួលបទឈប់បាញ់ និងបោះបង់សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់តែម្ដង។
ទន្ទឹមនឹងនេះ ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់នៅរដ្ឋធានី តេអេរ៉ង់ និងទីក្រុងធំៗជាច្រើនផ្សេងទៀតបានចុះដង្ហែតាមដងផ្លូវដើម្បីអបអរសាទរបទឈប់បាញ់៕
