អ្នកទស្សនារីករាយឆ្លងកាត់បទពិសោធន៍ការពិតនិម្មិត "វិលត្រឡប់ទៅពេលវេលាដ៏ពិសិដ្ឋ" នៅស្តង់តាំងពិព័រណ៌របស់ VOV ក្នុងក្របខណ្ឌនៃការតាំងពិព័រណ៌ “រយៈពេល ៨០ ឆ្នាំនៃដំណើរឯករាជ្យ សេរីភាព សុភមង្គល”

ស្តង់តាំងពិព័រណ៌ដោយប្រធានបទ “រយៈពេល ៨០ ឆ្នាំនៃវិទ្យុសម្លេងវៀតណាមអមដំណើរជាមួយប្រទេសជាតិ” បង្កើតឡើងវិញនូវប្រវត្តិសាស្ត្រតាមរយៈវត្ថុបុរាណដែលទាក់ទងនឹងប្រវត្តិសាស្ត្រនៃការបង្កើត និងអភិវឌ្ឍន៍របស់វិទ្យុសម្លេងវៀតណាម (VOV)។ ជាពិសេស VOV នាំមកជូនអ្នកទស្សនានូវបទពិសោធន៍ VR “វិលត្រឡប់ទៅកាន់ពេលវេលាដ៏ពិសិដ្ឋ” រំលឹកឡើងវិញនូវគ្រាដែលលោកប្រធានហូជីមិញបានអានសេចក្តីប្រកាសឯករាជ្យនាព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥ នៅទីលាន Ba Dinh។ អ្នកស្រី Pham Thi Thu Nga (អាយុ ៥០ឆ្នាំ) នៅទីក្រុងហាណូយ បានចែករំលែកថា៖

“ខ្ញុំកើតនៅឆ្នាំ១៩៧៥ នៅពេលដែលប្រទេសជាតិត្រូវបានរំដោះហើយ ដូច្នេះខ្ញុំគ្រាន់តែដឹងអំពីបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ថ្ងៃទី២ ខែកញ្ញា តាមរយៈសៀវភៅ កាសែត និងឯកសារ ប៉ុន្តែត្រូវបានឆ្លងកាត់បទពិសោធន៍ វិលត្រឡប់ទៅគ្រាប្រទេសជាតិទទួលបានឯករាជ្យ និងបង្កើតឡើងវិញបរិយាកាសដែលលោកប្រធានហូជីមិញអានសេចក្តីប្រកាសឯករាជ្យ ខ្ញុំរំជួលចិត្តយ៉ាងខ្លាំងណាស់។ សូមអរគុណចំពោះកម្មវិធីដែលបាននាំយើងវិលត្រឡប់ទៅគ្រាដ៏គួរឱ្យចាប់អារម្មណ៍នេះ”។

គម្រោង “វិលត្រឡប់ទៅកាន់ពេលវេលាដ៏ពិសិដ្ឋ” គឺជាកិច្ចសហការរវាង VOV និងវិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍ និងទូរគមនាគមន៍ (PTIT)។ គម្រោងនេះប្រើប្រាស់បច្ចេកវិទ្យាមូលដ្ឋានចំនួនពីរ៖ ការពិតនិម្មិត (VR) និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតបរិបទប្រវត្តិសាស្ត្រឡើងវិញ។ អ្នកចូលរួមត្រូវបានបំពាក់ដោយវ៉ែនតា VR Meta Quest ទំនើប ដែលអនុញ្ញាតឱ្យធ្វើចលនាដោយសេរីនៅក្នុងលំហនិម្មិត 3D ទស្សនាទិដ្ឋភាព ៣៦០ ដឺក្រេនៃទីលាន Ba Dinh ចម្រុះពណ៌ជាមួយទង់ជាតិ និងផ្កា ស្តាប់ការអានសេចក្តីប្រកាសឯករាជ្យរបស់លោកប្រធានហូជីមិញ និងសម្របខ្លួននៅក្នុងហ្វូងមនុស្ស។ លោក Ngo Minh Hien អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាមបានចែករំលែកថា៖ “នេះជាគម្រោងរបស់ VOV ដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា (១៩សីហា ១៩៤៥ - ១៩ សីហា ២០២៥) ទិវាបុណ្យជាតិនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ១៩៤៥ - ២ កញ្ញា ២០២៥) និងការបង្កើតវិទ្យុសម្លេងវៀតណាម (៧ កញ្ញា ១៩៤៥ - ៧ កញ្ញា ២០២៥)។ នៅឯការតាំងពិព័រណ៌ VOV នឹងបម្រើប្រជាជនរយៈពេល ៩ថ្ងៃ គឺចាប់ពីថ្ងៃទី ២៨ សីហា ដល់ថ្ងៃទី ៥ កញ្ញា ដើម្បីឲ្យប្រជាជនទទួលបានឆ្លងកាត់បទពិសោធន៍ដ៏ពិសិដ្ឋរបស់ប្រទេសជាតិ"។

ដើម្បីភាពងាយស្រួលក្នុងបទពិសោធន៍នៃកម្មវិធី "វិលត្រឡប់ទៅកាន់ពេលវេលាដ៏ពិសិដ្ឋ" ប្រជាពលរដ្ឋ និងអ្នកទេសចរអាចចុះឈ្មោះតាមអ៊ីនធឺណិតដោយចូលទៅកាន់តំណភ្ជាប់៖ https://thoikhacthienglieng.vtcnews.vn./៕