ថ្លែងមតិក្នុងកម្មវិធី "ជំនួបប្រាស្រ័យសារព័ត៌មាន" នៅលើកញ្ចក់ទូរទស្សន៍ NBC រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បាននិយាយថា រុស្ស៊ីបានយល់ព្រមឲ្យមានភាពបត់បែនជាង លើកត្តាមួយចំនួនដែលបានលើកឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានឲ្យដឹងថា នៅពេលឆ្ពោះទៅរកលទ្ធភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែនការកំណត់យន្តការអនុវត្ត និងធានាភាពយូរអង្វែងនៃឯកសារគឺជាកត្តាសំខាន់។

លោក Lavrov បានឲ្យ ដឹងថា ជម្រើសដ៏ល្អបំផុតដើម្បីធានាសន្តិសុខ របស់អ៊ុយក្រែននឹងផ្អែកលើការពិភាក្សាកាលពីមុនរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងខែមីនា ឆ្នាំ ២០២២ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគីយ៉េ។ ប្រមុខការទូតរុស្ស៊ីក៏បានឲ្យដឹងថា រាល់ការប៉ុនប៉ងណាមួយដើម្បីងាកចេញពីក្របខ័ណ្ឌនៃកិច្ចពិភាក្សាខាងលើនឹងពិបាកសម្រេចបានលទ្ធផល។ មួយថ្ងៃមុននេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា លោកអាចជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប៉ុន្តែ គ្រាន់តែបន្ទាប់ពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានយល់ព្រមលើវិធានការធានាសន្តិសុខរបស់អ៊ុយក្រែន ដើម្បីការពារហានិភ័យនៃជម្លោះនាពេលអនាគត៕