ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបជាមួយអគ្គលេខាធិការអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) លោកស្រី Siti Rozaimeriyanty Dato Haji Abdul Rahman។ (រូបថត៖ Le Tuyet/VOV)

នារសៀលថ្ងៃទី២៥ ខែសីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបជាមួយអគ្គលេខាធិការអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) លោកស្រី Siti Rozaimeriyanty Dato Haji Abdul Rahman ក្នុងដំណើរបំពេញទស្សនកិច្ចចូលរួមសកម្មភាព និងកម្មវិធីរបស់ AIPA នៅវៀតណាម។

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអះអាងថា វៀតណាមជាសមាជិកដ៏សកម្ម និងមានការទទួលខុសត្រូវរបស់ AIPA ហើយជានិច្ចកាលគោរពតួនាទីរបស់អន្តរសភាអាស៊ាន ក្នុងការជំរុញសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់។ លោកប្រធានរដ្ឋសភាបានចាត់ទុកថា នាពេលខាងមុខ អាស៊ាននឹងឈានចូលដំណាក់កាលអភិវឌ្ឍន៍ថ្មី ដោយអនុវត្តន៍ចក្ខុវិស័យសហគមន៍ឆ្នាំ ២០៤៥ និងយុទ្ធសាស្ត្រសហប្រតិបត្តិការលើវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច សង្គម-វប្បធម៌ និងការតភ្ជាប់។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ថា ឱកាសមានច្រើន ប៉ុន្តែបញ្ហាប្រឈមក៏មិនតិចដែរ ជាពិសេសក្នុងបរិបទបច្ចុប្បន្ន។ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ តាមលោកប្រធានរដ្ឋសភា អាស៊ានត្រូវសាមគ្គីគ្នាកាន់តែជិតស្និទ្ធ និងសហការកាន់តែមានប្រសិទ្ធភាព ដោយផ្តោតលើការទាញយកអត្ថប្រយោជន៍ពីកម្លាំងចលករកំណើនថ្មីដូចជា វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល ជាដើម។

ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ Le Tuyet/VOV)

រីឯខ្លួនវិញ អគ្គលេខាធិការ AIPA លោកស្រី Siti Rozaimeriyanty Dato Haji Abdul Rahman បានវាយតំលៃខ្ពស់ចំពោះសភានៃប្រទេសនានា ក្នុងនោះមានវៀតណាម ដែលបានសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយ AIPA និងមានគំនិតផ្ដួចផ្ដើមជាច្រើនសម្រាប់អាស៊ាន។ លោកស្រីអគ្គលេខាធិការ AIPA បានវាយតំលៃខ្ពស់ចំពោះសន្និសីទ “AIPA Roadshow” ដែលរៀបចំឡើងជាលើកដំបូងនៅវៀតណាមផងដែរ៕