លក្ខណៈវិសេសវិសាលនៃភោជនីហារ Lang Son

(VOVWORLD) - ខេត្ត Lang Son ស្ថិតនៅភាគឦសាននៃប្រទេសវៀតណាម។ មិនត្រឹមតែជាទឹកដីព្រំដែនដែលមានទេសភាពធម្មជាតិដ៏អស្ចារ្យ ទីតាំងប្រវត្តិសាស្ត្រល្បីៗ និងវប្បធម៌ដែលសំបូរទៅដោយអត្តសញ្ញាណជនជាតិប៉ុណ្ណោះទេ ទីនេះក៏មានមុខម្ហូបដ៏ពិសេសដោយឡែក បង្កប់នូវរសជាតិនៃតំបន់ព្រៃភ្នំទៀតផង។

លក្ខណៈវិសេសវិសាលនៃភោជនីហារ Lang Son  - ảnh 1មុខម្ហូប ទាខ្វៃ និងនំច្រើនប្រភេទ នៃខេត្ត Lang Son។ (រូបថត៖ VOV4)

មកដល់មជ្ឈមណ្ឌលនៅតាមឃុំ ស្រុក និងទីក្រុង Lang Son (ខេត្ត Lang Son) ភ្ញៀវទេសចរអាចប្រទះឃើញហាងលក់សាច់ជ្រូកខ្វៃ និងសាច់ទាខ្វៃយ៉ាងងាយស្រួល។ លោក Hoang San អ្នកលក់ជ្រូកខ្វៃ នៅវិថី Bac Son ទីក្រុង Lang Son បាននិយាយថា ដំបូងឡើយ អ្នកត្រូវជ្រើសរើសជ្រូកដែលមានរោមរលោង ក្រាស់ និងវែង មានទម្ងន់ពី ២៥ ដល់ ៤០ គីឡូក្រាម៖

“ត្រូវចំណាយពេលពី ៤ ទៅ ៦ ខែដើម្បីឱ្យសត្វជ្រូកធំធាត់បានល្មមៗហើយ ទើបវាមានសាច់ឆ្ងាញ់។ ដំបូងឡើយ ត្រូវមានវត្ថុធាតុដើមល្អ ហើយអ្នកកែច្នៃមានបទពិសោធន៍គ្រប់គ្រាន់។ ភ្លើងត្រូវតែក្តៅល្មម ទើបបង្កើតបាននូវមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់”។

អ្នកស្រី Trieu Nguyet Nga នៅភូមិ Quynh Son (ស្រុក Bac Son) បាននិយាយថា ដើម្បីចម្អិនសាច់ជ្រូកខ្វៃឱ្យឆ្ងាញ់ មេចុងភៅត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន៖

“សម្រាប់សាច់ជ្រូកខ្វៃ មេចុងភៅនឹងប្រើប្រាស់គ្រឿងផ្សំស្នូលគឺផ្លែនិងស្លឹក ម៉ាកម៉ិត (Mac mat) ដើម្បីដាក់នៅខាងក្នុង។ នៅពេលខ្វៃដោយផ្ទាល់ជាមួយកំដៅធ្យូងអុស នៅពេលដែលជ្រូកជិតឆ្អិន មេចុងភៅនឹងលាបទឹកឃ្មុំពិសេសមួយស្រទាប់ ដើម្បីបង្កើតជាពណ៌រលោង ក៏ដូចជាក្លិនឈ្ងុយ រសជាតិផ្អែមសម្រាប់មុខម្ហូប”។

លក្ខណៈវិសេសវិសាលនៃភោជនីហារ Lang Son  - ảnh 2ជ្រូកខ្វៃគឺជាមុខម្ហូបដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរនៅពេលមកដល់ Lang Son។
(រូបថត៖ VOV)

រួមជាមួយសាច់ជ្រូកខ្វៃ មុខម្ហូបទាខ្វៃក៏ជាមុខម្ហូបពិសេសរបស់ប្រជាជនខេត្ត Lang Son ផងដែរ។ ទាខ្វៃពិសេស Lang Son ត្រូវបានកែច្នៃពីសត្វទាដែលប្រជាពលរដ្ឋជនជាតិ Tay-Nung ចិញ្ចឹមតាមដងអូរ ទន្លេ និងបឹង។ ដើម្បីកែច្នៃទាខ្វៃដ៏ឈ្ងុយឆ្ងាញ់ បន្ទាប់ពីបោចរោម វះពោះ និងសម្អាតទារួច មេចុងភៅនឹងប្រឡាក់វាជាមួយគ្រឿងទេស ដោយប្រើគ្រឿងផ្សំស្នូលគឺស្លឹក ម៉ាកម៉ិត ក្រអូប។ អ្នកស្រី Trieu Nguyet Nga នៅស្រុក Huu Lung បានឲ្យដឹងថា៖

“ជនជាតិ Tay ចាប់ទាដែលត្រូវបានចិញ្ចឹមបែបធម្មជាតិ បន្ទាប់មកត្រូវបានប្រឡាក់ដោយស្លឹកម៉ាក់ម៉ិតស្រស់ ហើយខ្វៃលើកំដៅនៃធ្យូងអុស។ មានគ្រឿងទេសផ្សេងៗគ្នាសម្រាប់តំបន់នីមួយៗ ប៉ុន្តែគ្រឿងទេសដែលមិនអាចខ្វះបានគឺស្លឹកម៉ាក់ម៉ិត ដើម្បីបង្កើតក្លិនឈ្ងុយ និងរសជាតិក្រាស់សម្រាប់សាច់ទា ដែលបានបង្កើតនូវចំណុចគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់មុខម្ហូបទាខ្វៃនៅ Bac Son”។

ជាមួយនឹងសាច់ទាខ្វៃ អ្នកស្រុកក៏កែច្នៃទៅជាមុខម្ហូបហ្វើទាដ៏ទាក់ទាញខ្លាំងផងដែរ។ ទឹកស៊ុបមានពណ៌ងងឺត នៅពីក្រោមគឺសសៃហ្វើ គ្របដណ្ដប់ដោយសាច់ទាខ្វៃដែលមានស្បែកពណ៌ស្លាបកន្លាត ហើយរំលេចដោយពណ៌ខៀវនៃស្លឹកខ្ទឺម។ ពេលទទួលទាន អ្នកអាចដាក់បន្ថែមទំពាំងជូរនិងម្ទេសបន្តិចដើម្បីបង្កើនភាពទាក់ទាញរបស់ចានហ្វើ។

មកដល់ Lang Son ក្នុងប៉ុន្មានថ្ងៃនៃនិទាឃរដូវ ក្នុងអាកាសធាតុត្រជាក់ស្រាលៗ ភ្ញៀវទេសចរមិនអាចរំលងមុខម្ហូប ឃៅញុក (khau nhuc) ដ៏សម្បូរទៅដោយរសជាតិ និងក្លិនក្រអូបដែលមិនអាចបំភ្លេចបាន។ ឃៅញុក ត្រូវបានធ្វើពីសាច់ជ្រូក៣ជាន់។ ក្នុងភាសារបស់អ្នកស្រុក “ឃៅ” មានន័យថា ចំហុយរហូតដល់ទន់ ហើយ “ញុក” មានន័យថា សាច់។ កាលពីមុន មុខម្ហូបនេះមិនអាចខ្វះបានក្នុងឱកាសពិធីបុណ្យទាន បុណ្យតេតរបស់ប្រជាពលរដ្ឋបណ្ដាជនជាតិ។ សព្វថ្ងៃនេះ ឃៅញុក បានក្លាយជាមុខម្ហូបដ៏ល្បីល្បាញមួយ ដែលបង្កើតឡើងតម្លៃនៃភោជនីហាររបស់ខេត្ត Lang Son ។ លោក Nong Van Khoat នៅស្រុក Binh Gia បានឲ្យដឹងថា៖

“ឃៅញុក គឺជាមុខម្ហូបដ៏ពេញនិយមរបស់ប្រជាជន Binh Gia ហើយជាមុខម្ហូបពិសេសដែលបានកែច្នៃសម្រាប់ពិធីមង្គលការ ពិធីបុណ្យទានរបស់ជនជាតិ។ ដើម្បីធ្វើ ឃៅញុក ឲ្យឆ្ងាញ់ ដំបូងឡើយត្រូវជ្រើសរើសជ្រូកល្អ ជ្រើសរើសផ្នែកសាច់ឆ្ងាញ់ដូចសាច់ជ្រូក៣ជាន់ រួចយកមកផ្ទះលាងសម្អាត ហាន់សាច់ជាដុំការ៉េ ដោយមួយដុំៗមានទម្ងន់ប្រហែល ០,៨ ទៅ ១ គីឡូក្រាម”។

បន្ទាប់ពីជ្រើសរើសសាច់ជ្រូក៣ជាន់ស្រស់ឆ្ងាញ់ហើយ មេចុងភៅនឹងហាន់វាជាដុំការ៉េ ហើយដាក់ក្នុងឆ្នាំងស្ងោររហូតដល់ឆ្អិន។

“ស្ងោររហូតដល់ឆ្អិនរួចយកចេញ យកចង្កាក់ស្រួចមកចងជាបាច់ បន្ទាប់មកត្រាំទឹកខ្មេះ ខ្ញី គ្រឿងទេស រួចដាក់ក្នុងខ្ទះចៀនរហូតដល់ក្រៀម យកចេញ ហាន់ជាបន្ទះល្មមៗ ហើយដាក់ចូលក្នុងចានគោម ដាក់បន្ថែមគ្រឿងទេសរួមមានផ្សិតត្រចៀកកណ្ដុរ ផ្សិតក្រអូប ផ្លែម៉ាក់ម៉ិត សាច់ចិញ្ច្រាំ និងគ្រឿងទេសមួយចំនួនផ្សេងទៀត បន្ទាប់មកដាក់ក្នុងឆ្នាំង គ្របដណ្តប់ជាមួយស្លឹកម៉ាក់ម៉ិតខាងលើ បន្ទាប់មកចម្អិនដោយចំហាយទឹករយៈពេលពី ៣ ដល់ ៤ ម៉ោង”។

ឃៅញុក អាចបរិភោគជាមួយបាយ នំបុ័ង និងបន្លែសម្រាប់អាហារពេលព្រឹក ឬអាហារចម្បង។ សាច់ជ្រូក ៣ ជាន់ទន់ ជ្រាបគ្រឿងទេសក្រអូប ស្បែកផ្អែមបន្តិចជាមួយរសជាតិទឹកឃ្មុំ មានផ្នែកខ្លាញ់តែមិនទ្រលាន់ទាល់តែសោះ។ អ្វីៗទាំងអស់លាយឡំគ្នាជាមុខម្ហូបមួយ ដែលធ្វើអោយអ្នកទទួលទានមិនអាចបំភ្លេចបាននូវរសជាតិនៃម្ហូបមួយនេះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ