អញ្ជើញមកទស្សនាកសិដ្ឋានកាហ្វេពិសេសនៅខេត្ត Dak Lak
(VOVWORLD) - Dak Lak ត្រូវបានគេចាត់ទុកថាជា "រាជធានីនៃកាហ្វេ" របស់ប្រទេសវៀតណាមនៅតំបន់ Tay Nguyen។ ទីនេះមិនត្រឹមតែល្បីល្បាញដោយសារគ្រាប់កាហ្វេប្រកបដោយគុណភាពប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរជាមួយនឹងភាពស្រស់ស្អាតនៃរដូវផ្ការីកទៀតផង។ កសិដ្ឋានកាហ្វេដែលមានផ្ការីកស្គុះស្គាយបង្អួតសម្រស់ពណ៌សក្បុស ភាយក្លិនក្រអូបឈ្ងុយឈ្ងប់ និងរសជាតិកាហ្វេពិសេស បានធ្វើឱ្យទីនេះក្លាយជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរគ្រប់រូប។
កុមារ និងក្រុមគ្រួសារទៅលេងសួនកាហ្វេនៅ Ray Nha Si។
រូបថត៖ Huong Ly/VOV |
សម្របខ្លួនក្នុងលំហបៃតង ត្រជាក់ស្រួលនៃចម្ការកាហ្វេដែលកំពុងចេញផ្កាពណ៌សក្បុសនៅកសិដ្ឋាន Aeroco ទីក្រុង Buon Ma Thuot ខេត្ត Dak Lak អ្នកស្រី Tran Thi Thu Thuy ភ្ញៀវទេសចរម្នាក់មកពីខេត្ត Ninh Binh មិនអាចទប់អារម្មណ៍អន្ទះសារ នៅពេលបានឃើញដោយផ្ទាល់ភ្នែកនូវដំណើរការផលិតកាហ្វេតាមវិធីសាស្ត្រប្រកបដោយនិរន្តរភាព។ អ្នកស្រីបានយល់កាន់តែច្បាស់អំពីតម្លៃនៃកាហ្វេមួយកែវៗ និងការខិតខំប្រឹងប្រែងនៅពីក្រោយគ្រាប់កាហ្វេនីមួយៗ៖
“នេះជាលើកទីមួយហើយដែលខ្ញុំបានចូលរួមទស្សនានិងស្វែងយល់ពីដំណើរការផលិតកាហ្វេបែបសរីរាង្គ។ ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ បន្ទាប់ពីបានទៅដល់ចម្ការ ហើយទស្សនាតំបន់ផលិតកម្មនៅទីនេះ ខ្ញុំយល់ឃើញថា ដើម្បីផលិតបាននូវគ្រាប់កាហ្វេប្រកបដោយគុណភាពខ្ពស់ គឺទាមទារឲ្យមានដំណើរការដ៏តឹងរ៉ឹងនិងល្អិតល្អន់បំផុត”។
ភ្ញៀវទេសចរស្វែងយល់អំពីដំណាក់កាលមួយក្នុងចំណោមដំណាក់កាលជាច្រើនក្នុងដំណើរ "ពីកសិដ្ឋានដល់កែវកាហ្វេ"។ រូបថត៖ Huong Ly/VOV |
មិនត្រឹមតែទៅទស្សនាកសិដ្ឋាន Aeroco ទីក្រុង Buon Ma Thuot ប៉ុណ្ណោះទេ ភ្ញៀវទេសចរក៏អាចរីករាយនឹងបទពិសោធន៍សម្រាកលំហែកាយនៅលើភ្នំកាហ្វេដ៏បៃតងនៅ Ray Nha Si ទៀតផង។ នេះគឺជាគោលដៅដ៏គួរឱ្យចាប់អារម្មណ៍មួយនៅស្រុក Cu Mgar ខេត្ត Dak Lak ដែលរួមបញ្ចូលគ្នាប្រកបដោយភាពសុខដុមរមនារវាងទេសចរណ៍អេកូឡូស៊ី និងវប្បធម៌កាហ្វេ។ ភ្ញៀវទេសចរអាចបេះផ្លែកាហ្វេទុំដោយខ្លួនឯង សាកល្បងជាមួយនឹងការកែច្នៃបឋម ការសម្ងួត និងការលីងគ្រាប់កាហ្វេ។ ចំណុចពិសេសមួយទៀតគឺបទពិសោធន៍ឆុងកាហ្វេដោយដៃ ចាប់ពីវិធីចម្រោះបែបប្រពៃណី រហូតដល់វិធីទំនើបៗ ដូចជា pour-over ឬ cold brew។ លោក Shiono Tatsuya ភ្ញៀវទេសចរមកពីប្រទេសជប៉ុនបានចែករំលែកថា៖
“ខ្ញុំចូលចិត្តបទពិសោធន៍កាហ្វេនៅទីនេះណាស់។ វាពិតជាគួរឱ្យចាប់អារម្មណ៍។ ថ្វីត្បិតតែខ្ញុំធ្លាប់បានទទួលទានកាហ្វេនៅច្រើនកន្លែងក៏ដោយ ប៉ុន្តែដំណើរការ ចាប់ពីការដាំ បេះផ្លែ សម្ងួត និងឆុងកាហ្វេនៅទីនេះ បានជួយខ្ញុំយល់ដឹងច្រើនថែមទៀតអំពីកាហ្វេវៀតណាម គុណភាពនៃកាហ្វេវៀតណាមគឺល្អណាស់ ហើយរសជាតិក៏ឆ្ងាញ់ដែរ។ ខ្ញុំនឹងបន្តត្រឡប់មកវិញជាមួយមិត្តភក្តិ និងសាច់ញាតិ ដើម្បីស្វែងយល់បន្ថែមអំពីកាហ្វេវៀតណាម”។
ភ្ញៀវទេសចរសាកល្បងជាមួយនឹងបទពិសោធន៍ឆុងកាហ្វេដោយផ្ទាល់ដៃ។
រូបថត៖ Huong Ly/VOV |
ដំណើរកម្សាន្តណែនាំពីប្រភេទពូជកាហ្វេពិសេសរបស់ខេត្ត Dak Lak បានជួយឱ្យភ្ញៀវទេសចរយល់ដឹងបន្ថែមទៀតអំពីភាពខុសគ្នារវាងប្រភេទកាហ្វេនានា; ការណែនាំអំពីសិល្បៈលីង កិនកាហ្វេតាមកម្រិតនីមួយៗ ស្វែងយល់ពីការផ្លាស់ប្ដូររសជាតិតាមពេលវេលា និងសីតុណ្ហភាព។ ក្នុងឱកាសពិធីបុណ្យកាហ្វេ Buon Ma Thuot លើកទី ៩ (ថ្ងៃទី ១០-១៣ ខែមីនា) បណ្ដាកសិដ្ឋាននៅ Dak Lak បានបណ្តាក់ទុនពង្រីកសកម្មភាពទាំងនេះ។ លោកស្រី Duong Nu Thien An ស្ថាបនិកម៉ាកយីហោ Si កាហ្វេ បានចែករំលែកថា៖
“នៅកសិដ្ឋាន Si កាហ្វេ មានបទពិសោធន៍អំពីរបៀបកែច្នៃកាហ្វេ របៀបលីងកាហ្វេ របៀបឆុងកាហ្វេឱ្យបានត្រឹមត្រូវ។ ភ្ញៀវទេសចរបានទទួលទានកាហ្វេដែលពួកគេធ្វើដោយផ្ទាល់ដៃ។ ទាំងនេះគឺជាបទពិសោធន៍ដែលភ្ញៀវទេសចរអាចចូលរួមបាន”។
យោងតាមលោក Nguyen Thien Van អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានឲ្យដឹងថា មូលដ្ឋានមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍទេសចរណ៍ ដោយតភ្ជាប់នឹងការស្វែងយល់ពីវប្បធម៌កាហ្វេ... នេះជាទិសដៅសំខាន់មួយដើម្បីជួយបង្កើនតម្លៃសេដ្ឋកិច្ចនៃឧស្សាហកម្មកាហ្វេរបស់ខេត្ត។ បច្ចុប្បន្នខេត្តកំពុងផ្តោតលើការជួយទ្រទ្រង់គំរូផលិតកម្មកាហ្វេប្រកបដោយនិរន្តរភាព ដោយរួមបញ្ចូលគ្នានូវការអភិវឌ្ឍទេសចរណ៍ ដើម្បីអភិរក្សនូវអត្តសញ្ញាណវប្បធម៌ផង និងបង្កើនផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ប្រជាជនផង។ ខេត្ត Dak Lak នឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍នៅតាមតំបន់ដាំដុះកាហ្វេសំខាន់ៗ ហើយលើកទឹកចិត្តកិច្ចសហប្រតិបត្តិការរវាងអង្គភាពអាជីវកម្ម និងប្រជាកសិករ ដើម្បីកសាងផលិតផលទេសចរណ៍ដ៏វិសេសវិសាល។ លោក Nguyen Thien Van បានឲ្យដឹងថា៖
“ដើម្បីអនុវត្តន៍ទេសចរណ៍ឆ្លងកាត់បទពិសោធន៍ ទេសចរណ៍អេកូឡូស៊ី និងទេសចរណ៍អត្តសញ្ញាណនោះ ខេត្តនឹងអនុវត្តន៍ដំណោះស្រាយនានា ក្នុងនោះយើងផ្តោតលើការបង្កើតលក្ខខណ្ឌសម្រាប់ម្ចាស់ចម្ការ និងអ្នកវិនិយោគ មានសេវាកម្ម និងគោលដៅជាច្រើនសម្រាប់បម្រើភ្ញៀវទេសចរ ដើម្បីឱ្យភ្ញៀវទេសចរអាចរីករាយជាមួយនឹងលក្ខណៈវប្បធម៌ និងលក្ខណៈពិសេសក្នុងការផលិត ការឆុង និងការទទួលទានកាហ្វេ Dak Lak”។
ការរួមបញ្ចូលគ្នានៃវិស័យកសិកម្ម និងទេសចរណ៍មិនត្រឹមតែនាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ដល់ភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងបើកទិសដៅអភិវឌ្ឍន៍ថ្មីសម្រាប់ទាំងវិស័យទេសចរណ៍ និងកសិកម្មនៅ Dak Lak ទៀតផង។ ជាមួយនឹងគោលដៅទាក់ទាញដូចជា៖ កសិដ្ឋានកាហ្វេសរីរាង្គ និងទេសចរណ៍កសិកម្មកាហ្វេនោះ នៅពេលដែលមានការវិនិយោគ និងការតម្រង់ទិសយ៉ាងត្រឹមត្រូវ វានឹងរួមចំណែកផ្សព្វផ្សាយរូបភាពទឹកដី មនុស្ស និងម៉ាកយីហោកាហ្វេ Buon Ma Thuot ទៅកាន់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ៕