អញ្ជើញមកដល់ភូមិទេសចរណ៍សហគមន៍នៅតំបន់ជនបទថ្មី Yen Chau
(VOVWORLD) - ភូមិ Kha ឃុំ Sap Vat ស្រុក Yen Chau ខេត្ត Son La នៅតែរក្សាបាននូវលក្ខណៈវប្បធម៌ដ៏ពិសេសដោយឡែកជាច្រើនរបស់ប្រជាពលរដ្ឋជនជាតិ Thai ដោយគួបផ្សំជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់បំព្រង។ ទីនេះត្រូវបានគេវិនិយោគ ដើម្បីអភិវឌ្ឍន៍គំរូ ទេសចរណ៍សហគមន៍ដោយតភ្ជាប់នឹងការកសាងជនបទថ្មី។ នេះគឺជាគោលដៅមួយក្នុងចំណោមគោលដៅដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរនៅលើដំណើរទស្សនា Son La - ភាគពាយ័ព្យ។
ប្រជាជននៅភូមិ Kha ចូលរួមពិធីបុណ្យប្រពៃណីនៅក្នុងព្រៃភូមិ។ (រូបថត៖ VOV) |
ភូមិ Kha មានទីតាំងនៅលើផ្លូវហាយវេលេខ ៦ ដែលងាយស្រួលសម្រាប់ភ្ញៀវទេសចរមកពីតំបន់ទំនាប។ ភូមិនេះមានប្រជាជនជាង ៩០គ្រួសារ ដែលសុទ្ធសឹងជាជនជាតិ Thai។ មកដល់ភូមិ Kha ភ្ញៀវទេសចរអាចលង់ខ្លួននៅក្នុងលំហធម្មជាតិដ៏ស្ងប់ស្ងាត់នៃភូមិបុរមបុរាណរបស់ជនជាតិ Thai។ បច្ចុប្បន្នភូមិ Kha មានផ្ទះឈើផុតពីដីប្រពៃណីជាច្រើនរបស់ជនជាតិ Thai; ប្រជាជននៅតែរក្សានិងពង្រីកលក្ខណៈវប្បធម៌ពិសេសដូចជា៖ ពិធីបុណ្យទាន ការច្រៀងចម្រៀងប្រជាប្រិយ ការសំដែងឧបករណ៍ភ្លេងជនជាតិ; ថែរក្សារបរសិប្បកម្មប្រពៃណីដូចជា របរតម្បាញក្រណាត់ និងប៉ាក់កន្សែង pieu; របរតម្បាញប្រដាប់ប្រដារប្រើប្រាស់ប្រចាំថ្ងៃដូចជា កន្ត្រក អួនដាក់ត្រី។ លោក Quang Van Phanh អ្នកស្រុកភូមិ Kha បានឲ្យដឹងថា៖
“នៅថ្ងៃទី១០ ខែមិគសិរ ជារៀងរាល់ឆ្នាំ យើងត្រូវធ្វើពិធីសែនម្ដង។ ពិធីសែននេះគឺដើម្បីបួងសួងសុំឲ្យអ្នកភូមិមានសុខភាពល្អ រកស៊ីមានបាន ប្រមូលផលដំណាំបានល្អ មានគោក្របីមានសុខភាពល្អគ្មានជំងឺ”។
អាស្រ័យដោយមានប្រៀបខ្លាំង និងសក្ដានុពលដែលមានស្រាប់ ស្រុក Yen Chau បានអនុវត្តន៍គម្រោងអភិវឌ្ឍន៍គំរូទេសចរណ៍ជនបទនៅភូមិ Kha ជាមួយនឹងផែនការកសាងផលិតផលទេសចរណ៍ក្នុងរយៈពេល ៥ ឆ្នាំ ដោយមានទុនវិនិយោគសរុបចំនួន ៤៣ ពាន់លានដុង (ជិត ១,៧ លានដុល្លារអាមេរិក)។ យោងតាមលោក Lu Van Cuong ប្រធានគណៈកម្មាធិការប្រជាជនស្រុក Yen Chau បានឲ្យដឹងថា ដើម្បីកសាងភូមិ Kha ក្លាយទៅជាភូមិទេសចរណ៍សហគមន៍ដោយផ្សារភ្ជាប់នឹងការកសាងជនបទថ្មីនោះ គណៈកម្មាធិការប្រជាជនស្រុក Yen Chau បានដឹកនាំអង្គភាពមុខងារដើម្បីកសាងនិងណែនាំការអនុវត្តសំណុំលក្ខណៈវិនិច្ឆ័យស្តីពីបរិយាកាសវប្បធម៌នៅតំបន់ទេសចរណ៍សហគមន៍ភូមិ Kha; រៀបចំវគ្គបណ្តុះបណ្តាល លើកកម្ពស់ការយល់ដឹងអំពីបរិយាកាសវប្បធម៌ កសាងស្តង់ដារនៃរបៀបរស់នៅ អាកប្បកិរិយាក្នុងការប្រាស្រ័យទាក់ទង ការប្រព្រឹត្ត ក៏ដូចជាសកម្មភាពអាជីវកម្មទេសចរណ៍ផ្សេងៗទៀត។
“បច្ចុប្បន្ននេះ យើងខ្ញុំបានរៀបចំផែនការដើម្បីនាំគ្រួសារក្នុងភូមិទៅទស្សនា និងសិក្សានៅតាមតំបន់ទេសចរណ៍ផ្សេងៗ ដែលមានលក្ខណៈស្រដៀងនឹងស្ថានភាពជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ Kha។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏នាំប្រជាពលរដ្ឋទៅកាន់ទីកន្លែងដែលកំពុងមានកម្មវិធីណែនាំអំពីវិធីសាស្ត្រធ្វើទេសចរណ៍ ដើម្បីឲ្យប្រជាពលរដ្ឋអាចស្វែងយល់និងសិក្សា។ យើងខ្ញុំក៏បានជម្រាបជូនទៅខេត្ត ហើយត្រូវបានខេត្តដឹកនាំឲ្យកសាងភូមិ Kha ទៅជាភូមិទេសចរណ៍វប្បធម៌គំរូ ដោយប្រើប្រាស់ប្រភពទុនពីកម្មវិធីគោលដៅជាតិ និងប្រភពថវិកាស្របច្បាប់ ដើម្បីអភិវឌ្ឍន៍ភូមិ Kha ក្លាយទៅជាភូមិទេសចរណ៍វប្បធម៌សហគមន៍ដែលអនុម័តដោយខេត្ត Son La”។
អ្នកភូមិថែរក្សារបរត្បាញឬស្សីនិងផ្តៅ ដើម្បីបម្រើភ្ញៀវទេសចរ។ (រូបថត៖ VOV) |
អនុវត្តន៍គម្រោងអភិវឌ្ឍន៍គំរូទេសចរណ៍ជនបទ ភូមិ Kha បានជ្រើសរើសគ្រួសារចំនួន ៥ ដែលមានលទ្ធភាពជួសជុល និងកែលម្អទៅជាផ្ទះសំណាក់បែបហូមស្ទេ; គ្រួសារចំនួន ៣ ដែលមានលទ្ធភាពបើកភោជនីយដ្ឋានម្ហូបជនជាតិ; គ្រួសារចំនួន ៣ ដែលមានលទ្ធភាពត្បាញក្រណាត់ ប៉ាក់កន្សែង pieu ត្បាញឫស្សីនិងផ្តៅដោយដៃ ដើម្បីបម្រើភ្ញៀវទេសចរ។ គ្រួសារជាច្រើននៅក្នុងភូមិ Kha ត្រូវបានបំប៉នចំណេះដឹងអំពីទេសចរណ៍សហគមន៍។ ភូមិក៏បានបង្កើតក្រុមសិល្បៈប្រជាប្រិយចំនួនពីរ ដែលហ្វឹកហាត់និងសម្តែងបទចម្រៀង គ្បាច់របាំ និងតន្ត្រីប្រជាប្រិយជាប្រចាំ ដើម្បីបម្រើភ្ញៀវទេសចរផងដែរ។ អ្នកស្រី Vi Thi Thanh រស់នៅភូមិ Kha បានចែករំលែកថា៖
“គ្រួសាររបស់ខ្ញុំបានចុះឈ្មោះចូលរួមធ្វើទេសចរណ៍។ ក្រោយពីចុះឈ្មោះរួច គ្រួសារបានទិញភួយ ពូកថ្មីដើម្បីត្រៀមខ្លួនជាស្រេចទទួលភ្ញៀវ។ ពេលភ្ញៀវមកដល់ យើងខ្ញុំតែងតែចម្អិនម្ហូបរបស់ជនជាតិ Thai ដូចជាបន្លែល្ហុង សម្លរ bon ទំពាំងស្ងោរ មាន់ និងត្រីអាំងដើម្បីបម្រើភ្ញៀវ”។
លោក Quang Van Chien អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Sap Vat ក៏បានឲ្យដឹងថា៖
“ខេត្តនិងស្រុកបានយកចិត្តទុកដាក់និងមានគោលជំហរកសាងភូមិ Kha ទៅជាគោលដៅទេសចរណ៍សហគមន៍ ដូច្នេះឃុំយើងសប្បាយរីករាយណាស់។ យើងខ្ញុំបានសហការជាមួយស្រុក និងអង្គភាពប្រឹក្សាដើម្បីធ្វើការអង្កេត និងរៀបចំផ្លូវថ្នល់ឡើងវិញ ហើយបានបង្កើតសហករណ៍ទេសចរណ៍ ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើការរួមគ្នា និងសិក្សាពីវិធីធ្វើទេសចរណ៍ប្រកបដោយប្រសិទ្ធភាព”។
ជាមួយនឹងគុណសម្បត្តិនៃទីតាំងភូមិសាស្រ្ត លក្ខខណ្ឌអាកាសធាតុ ដីធ្លី និងកត្តាផ្សេងៗទៀត ដែលសមស្របនឹងទេសចរណ៍សហគមន៍ រួមជាមួយនឹងការជួយជ្រោមជ្រែងពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ភូមិ Kha បានកសាងគំរូទេសចរណ៍សហគមន៍ដោយជោគជ័យ។ អាស្រ័យហេតុនេះ ថែរក្សាវប្បធម៌ប្រចាំស្រុក បង្កើនប្រាក់ចំណូលសម្រាប់គ្រួសារពីសេវាកម្មទេសចរណ៍ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅមូលដ្ឋាន៕