ថែរក្សាវប្បធម៌វៀតណាមក្នុងគ្រួសារវៀតណាម-ឥណ្ឌូនេស៊ី
(VOVWORLD) - ការអប់រំក្នុងគ្រួសារគឺជាចំណុចចាប់ផ្តើមនៃសេចក្តីស្នេហាជាតិ។ ពីរឿងនិទានរបស់ជីដូន មុខម្ហូបរបស់ម្តាយ ឬរូបថតជាមួយលោកអ៊ំ ហូ ដែលបានព្យួរយ៉ាងឱឡារិកនៅក្នុងផ្ទះ បានបណ្តុះសេចក្តីស្រឡាញ់ចំពោះវៀតណាមនៅក្នុងបេះដូងអ្នកស្រី Almy - ជំនាន់ទី ៤ ក្នុងគ្រួសារ - និងសមាជិកក្រុមគ្រួសារវៀតណាម - ឥណ្ឌូនេស៊ីរបស់នាងនៅទីក្រុងហ្សាកាតា។
ជារៀងរាល់ ២-៣ ឆ្នាំម្តង លោកស្រី Tran Ngoc Tu និងកូនចៅរបស់ខ្លួនបានទៅទស្សនស្ថានទូតវៀតណាមប្រចាំទីក្រុងហ្សាកាតា។ លោកស្រី Tran Ngoc Tu អាយុ ៨៦ ឆ្នាំ ជាកូនស្រីរបស់ស្រ្តីម្នាក់មកពីខេត្ត Binh Dinh រៀបការជាមួយបុរសជនជាតិឥណ្ឌូនេស៊ី ដែលធ្វើការនៅទីក្រុង Da Lat ហើយបានតាំងទីលំនៅនៅទីក្រុង Bandung ខេត្ត Java ខាងលិច តាំងពីឆ្នាំ ១៩៤៦មក។ ការជជែកនិងជួបជាមួយឯកអគ្គរដ្ឋទូតនិងកម្មាភិបាលស្ថានទូត គឺជាមធ្យោបាយមួយសម្រាប់លោកស្រី Tran Ngoc Tu ជួយឲ្យកូនចៅរបស់ខ្លួន យល់ដឹងអំពីឫសគល់នៃប្រជាជាតិវៀតណាម។ ក្នុងឱកាសដ៏សំខាន់នីមួយៗ ក្រុមគ្រួសារមានសមាជិកជិត ៣០ នាក់ តាំងពីជីដូនដល់កូនចៅ ស្លៀកពាក់អាវផាយប្រពៃណីមកស្ថានទូតវៀតណាម ដើម្បីប្រគល់ជូនមុខម្ហូបប្រពៃណី ដូចជា ត្រីចៀន ឬណែមចៀន ដែលគ្រួសារបានរៀបចំដោយផ្ទាល់។ លោក Rizal កូនប្រសាររបស់លោកស្រី Ngoc Tu បានចែករំលែកថា៖ “គាត់តែងតែរំលឹកយើងថា ការដែលក្រុមគ្រួសារទៅទស្សនានៅស្ថានទូតវៀតណាមប្រចាំនៅទីក្រុងហ្សាកាតា មិនត្រឹមតែជាឱកាសដើម្បីជួបជាមួយឯកអគ្គរដ្ឋទូត និងប្រជាជនវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យកូនចៅ យល់ដឹងកាន់តែច្បាស់អំពីឫសគល់របស់ពួកគេ ហើយថា ពួកគេនៅតែបង្ហូរឈាមវៀតណាមតាមសរសៃរបស់ខ្លួន”។
គ្រួសារលោកស្រី Tran Ngoc Tu។ |
ក្រឡែកមើលរូបថតក្នុងអាល់ប៊ុមដ៏មានតម្លៃរបស់គ្រួសារ ថ្វីត្បិតតែការចងចាំមិនច្បាស់ក៏ដោយ លោកស្រី Tran Ngoc Tu មិនអាចលាក់មោទនភាពរបស់ខ្លួនបានទេ នៅពេលនិយាយអំពីរូបថតដែលលោកស្រីថតជាមួយលោកអ៊ំហូ ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ១៩៥៩។ នៅពេលនោះ លោកស្រី Tu កំពុងរៀនថ្នាក់មធ្យមសិក្សា បានទៅជាមួយឪពុកម្តាយនិងប្អូនស្រីដើម្បីជួបលោកអ៊ំហូ។ លោកស្រី Tran Ngoc Tu បានរំលឹកឡើងវិញថា៖ “ម្តាយរបស់ខ្ញុំបានយំដោយក្តីរីករាយនៅពេលបានជួបលោកអ៊ំហូ។ ឪពុកខ្ញុំប្រាប់ថា លោកអ៊ំហូត្រូវបានប្រជាជនវៀតណាមទាំងមូលគោរពស្រលាញ់ខ្លាំងណាស់ ខ្ញុំពិតជាមានមោទនភាពនិងសប្បាយរីករាយណាស់ដែលបានទទួលស្វាគមន៍លោកអ៊ំហូនៅប្រទេសឥណ្ឌូនេស៊ី។ លោកអ៊ំហូ បានសម្តែងសេចក្តីរីករាយចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីប្រជាជនឥណ្ឌូនេស៊ី ហើយបានសួរសុខទុក្ខសមាជិកម្នាក់ៗក្នុងគ្រួសារយើង”។
លោកស្រី Tu បានរីកសាយភាយសេចក្តីស្រលាញ់និងមោទនភាពចំពោះវៀតណាមដល់សមាជិកគ្រួសារម្នាក់ៗ ដើម្បីឲ្យការចងចាំ លក្ខណៈវប្បធម៌ និងរឿងជួបលោកអ៊ំហូ មិនត្រឹមតែជាមោទនភាពរបស់លោកស្រី Tu ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមោទនភាពរបស់មនុស្សជាច្រើនជំនាន់ក្នុងគ្រួសាររបស់លោកស្រី រួមទាំងលោក Firman ចៅប្រុសរបស់លោកស្រី Tu ផងដែរ៖ “ខ្ញុំពិតជាមានមោទនភាពណាស់ដែលគ្រួសាររបស់ខ្ញុំបានជួបលោកអ៊ំហូ ជាពិសេសជីដូនរបស់ខ្ញុំតែងតែមានមោទនភាពពីរឿងនេះ។ ក្តីរំជួលចិត្ត និង មោទនភាពបានបង្ហាញក្នុងពាក្យសម្តីនិងក្រសែភ្នែករបស់ជីដូន នៅពេលនិយាយអំពីរឿងនេះ”។
លោកស្រី Tran Ngoc Tu ចែករំលែកអំពីអនុស្សាវរីយ៍ នៃជំនួបជាមួយលោកអ៊ំហូ។ |
ជាពិសេសសម្រាប់អ្នកស្រី Almy ដែលជាជំនាន់ទី៤ ក្នុងគ្រួសារ ថ្វីត្បិតតែមិនទាន់បានទៅលេងវៀតណាមក៏ដោយ នាងតែងតែមានអារម្មណ៍ថាប្រទេសនេះពិតជាស្និទ្ធស្នាលខ្លាំងណាស់ ក្នុងរឿងរ៉ាវរបស់ជីដូន។ ប្រការនេះបានជំរុញឲ្យនាងស្វែងយល់អំពីប្រទេសជាតិ វប្បធម៌ និងប្រជាជនវៀតណាម ដើម្បីសរសេរសារណាបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ។
អ្នកស្រី Almy បានចែករំលែកថា មានពេលខ្លះ នាងពិបាករកឯកសារនិងសម្ភារៈ នៅពេលនោះ នាងបានទៅជួបជីដូន ស្តាប់រឿងរ៉ាវអំពីប្រទេសវៀតណាមនិងពិសារមុខម្ហូបវៀតណាមដែលជីដូនបានចម្អិន ដើម្បីទទួលបានកម្លាំងចិត្តបន្ថែមទៀតក្នុងការសរសេរសារណាបញ្ចប់ការសិក្សារបស់ខ្លួន។
អ្នកស្រី Almy ជាមួយសារណាបញ្ចប់ការសិក្សាឧទ្ទេសនាមអំពីវៀតណាម។ |
សារណាបញ្ចប់ការសិក្សាមាន ៩៥ ទំព័រក្រោមប្រធានបទ "កិច្ចខិតខំប្រឹងប្រែងការទូតរបស់ឥណ្ឌូនេស៊ីក្នុងការលើកកម្ពស់ចំនួនភ្ញៀវមកពីប្រទេសវៀតណាម ២០១៩-២០២៣" របស់នារីវ័យក្មេងទទួលបានពិន្ទុល្អ ដោយបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមិត្តភក្តិនិងគ្រូបង្រៀននៅសាលា។ អ្នកស្រី Almi បានចែករំលែកថា៖
“ប្រហែលជាសេចក្តីស្រឡាញ់របស់ខ្ញុំចំពោះវៀតណាមតែងតែមាន ដូច្នេះហើយ អត្ថបទរបស់ខ្ញុំទទួលបានពិន្ទុល្អណាស់។ ដោយជ្រើសរើសប្រធានបទទេសចរណ៍ ខ្ញុំក៏មានបំណងចង់ឧទ្ទេសនាមអំពីវៀតណាមដល់មិត្តភក្តិឥណ្ឌូនេស៊ីផងដែរ។ ខ្ញុំសង្ឃឹមថា នឹងមានប្រជាជនឥណ្ឌូនេស៊ីកាន់តែច្រើននឹងមកស្វែងយល់ប្រទេសវៀតណាម និងផ្ទុយទៅវិញ។ ខ្ញុំមានមោទនភាពចំពោះទឹកដីដែលជីដូនជីតារបស់ខ្ញុំបានកើតមកនិងធំដឹងក្តី"។
ការសិក្សាភាសាវៀតណាម ធ្វើការងារទាក់ទងវៀតណាម ឬការរួមចំណែកដ៏តូចតាច់ ដើម្បីតភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺជាបំណង់ប្រាថ្នារបស់នារីវ័យក្មេងពោរពេញដោយក្តីស្រមៃនិងមហិច្ឆតារូបនេះ នៅពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។
ដោយសារតែមិនអាចវិលត្រឡប់មកប្រទេសវៀតណាមបានញឹកញាប់ អ្នកស្រី Tran Ngoc Tu តែងតែខិតខំព្យាយាមជួយកូនៗចៅៗ ចងចាំស្រុកកំណើត និងថែរក្សាសម្រស់ប្រពៃណី ដោយបង្រៀនរូបមន្តធ្វើម្ហូបវៀតណាមរបៀបដេរប៉ាក់អាវផាយបុរាណក្នុងឱកាសពិសេស និងបង្រៀនភាសាវៀតណាមឲ្យកូនចៅរបស់ខ្លួន។ ប្រការនេះ បានបង្កើតការតភ្ជាប់និងសេចក្តីស្រឡាញ់ចំពោះឫសគល់វៀតណាមក្នុងមហាគ្រួសារវៀតណាម-ឥណ្ឌូនេស៊ីផងដែរ៕