របកគំហើញបច្ចេកវិទ្យាក្នុងការការពារដែនអាកាសមាតុភូមិ
(VOVWORLD) - អគ្គក្រុមហ៊ុនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Viettel (VHT) ចំណុះសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍យោធា (Viettel) ទើបតែបានដាក់ឱ្យដំណើរការសាកល្បងជាផ្លូវការនូវប្រព័ន្ធគ្រប់គ្រងដែនអាកាស - ស្វ័យប្រវត្តិកម្មបញ្ជាការដែលមានឈ្មោះថា VQ-2M។ ការបង្កើតប្រព័ន្ធនេះគឺគូសញ្ញាជំហានអភិវឌ្ឍន៍ថ្មីមួយរបស់ឧស្សាហកម្មការពារជាតិ ដោយបញ្ជាក់ពីស្វ័យភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសជាតិក្នុងការការពារអធិបតេយ្យភាពដែនអាកាស។
មជ្ឈមណ្ឌលត្រួតពិនិត្យប្រព័ន្ធអ៊ីនធឺណិតនៃសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មទូរគមនាគមន៍យោធានៅតំបន់បច្ចេកវិទ្យាខ្ពស់ Hoa Lac ទីក្រុងហាណូយ។ រូបថត៖ qdnd.vn
|
ទើបតែដាក់ឱ្យដំណើរការកាលពីខែកញ្ញាកន្លងមក VQ-2M គឺជាប្រព័ន្ធឃ្លាំមើលដែលរួមបញ្ចូលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត យកតម្រាប់ប្រតិបត្តិការពេលវេលាជាក់ស្តែង និងដំណើរការដោយស្វ័យប្រវត្តិ។ ចាប់ពីស្ថានីយ៍រ៉ាដាដី យន្តហោះឈ្លបយកការណ៍គ្មានមនុស្សបើក រហូតដល់ផ្កាយរណបសង្កេតការណ៍ ទាំងអស់ត្រូវបានភ្ជាប់ទៅបណ្តាញបង្រួបបង្រួម ដោយបង្កើតជា "បណ្តាញអេឡិចត្រូនិច" ដែលគ្របដណ្តប់លើផ្ទៃមេឃរបស់មាតុភូមិ។
នៅមជ្ឈមណ្ឌលបញ្ជាការ VQ-2M ជួរអេក្រង់ត្រូវបានបំភ្លឺយ៉ាងភ្លឺស្វាង។ ទិន្នន័យពីឧបករណ៍ចាប់សញ្ញារាប់រយត្រូវបានបញ្ជូនមក និងរួមបញ្ចូលគ្នាក្នុងរយៈពេលមួយវិនាទី។ នៅលើផែនទីឌីជីថល 3D វត្ថុដែលផ្លាស់ទីនីមួយៗត្រូវបានសម្គាល់ កំណត់អត្តសញ្ញាណ និងចាត់ថ្នាក់តាមកម្រិតគ្រោះថ្នាក់។ សញ្ញាចម្លែកៗនីមួយៗដែលលេចឡើងនៅលើផ្ទៃមេឃ មិនថាជាយន្តហោះគ្មានមនុស្សបើកតូចមួយ ឬយន្តហោះរយៈចម្ងាយឆ្ងាយនោះទេ មិនអាចគេចផុតពី "ភ្នែក" របស់ VQ-2M បានទេ។
ប្រព័ន្ធ VQ-2M ជួយចាប់យករូបភាពទេសភាពនៃដែនអាកាសវៀតណាម ដោយមានជើងហោះហើរប្រហែល ៤.០០០-៥.០០០ ជើងក្នុងមួយថ្ងៃ រួមទាំងជើងហោះហើរដែលមិនបានគ្រោងទុក។ ឧត្តមសេនីយ៍ឯក Vu Dai Duong អនុប្រធានកងទ័ពអាកាសការពារដែនអាកាស-កងទ័ពអាកាស បាននិយាយថា ប្រព័ន្ធនេះអាចដំណើរការរបាយការណ៍ស៊ើបការណ៍សម្ងាត់ចំនួន ៣០០ ក្នុងពេលដំណាលគ្នាក្នុងរយៈពេល ៥ វិនាទី។ ក្នុងពេលជាមួយគ្នានេះ ការគណនាវាលរ៉ាដា និងតំបន់កម្លាំងបាញ់ជួយមេបញ្ជាការគណនា វាយតម្លៃ និងប្រយុទ្ធប្រកបដោយប្រសិទ្ធភាព៖ “Viettel បានសម្របសម្រួលយ៉ាងល្អជាមួយកងទ័ពការពារដែនអាកាស-ទ័ពអាស ក្នុងការរៀបចំដាក់ពង្រាយប្រព័ន្ធនេះ។ ប្រព័ន្ធស្វ័យប្រវត្តិកម្មបញ្ជាការ VQ-2M នេះជួយមេបញ្ជាការ និងក្រុមប្រយុទ្ធកំណត់អត្តសញ្ញាណគោលដៅ ក៏ដូចជាដំណើរការ និងឆ្លើយតបយ៉ាងត្រឹមត្រូវចំពោះគោលដៅយ៉ាងឆាប់រហ័ស”។
កងទ័ពការពារដែនអាកាស - ទ័ពអាកាស កំពុងហ្វឹកហាត់ការប្រើប្រាស់ប្រព័ន្ធឃ្លាំមើល និងការពារដែនអាកាស VQ-2M។ រូបថត៖ Le Su/qdnd.vn |
ប្រព័ន្ធ VQ-2M គឺជារបកគំហើញដ៏សំខាន់មួយនៅក្នុងស្វ័យប្រវត្តិកម្មបញ្ជាការ និងប្រតិបត្តិការប្រយុទ្ធ ដែលត្រូវបានបង្កើតឡើងពីប្រព័ន្ធ VQ-1M ដែលបានអនុវត្តមុខងារការពារដែនអាកាសជាតិចាប់តាំងពីឆ្នាំ ២០១៥ ដែលជាលើកដំបូងដែលវៀតណាមមានប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ដែលគ្រប់គ្រង និងផលិតដោយសហគ្រាសក្នុងស្រុក និងដាក់ឱ្យប្រើប្រាស់ក្នុងសេវាកម្មយោធា។
ការធ្វើជាម្ចាស់បច្ចេកវិទ្យាចាប់ពីការរចនាគោលការណ៍រហូតដល់ការសរសេរកម្មវិធីដើម្បីគ្រប់គ្រងប្រតិបត្តិការទាំងមូលនៃប្រព័ន្ធបញ្ជា និងត្រួតពិនិត្យគឺមានសារៈសំខាន់ខ្លាំងណាស់។ មិនត្រឹមតែជាគម្រោងបច្ចេកទេសប៉ុណ្ណោះទេ VQ-2M ក៏ជាសក្ខីភាពនៃភាពច្នៃប្រឌិតរបស់វិស្វករនៅក្នុងកងទ័ព ដែលជា "យុទ្ធជនឌីជីថល" នៃយុគសម័យ ៤.០។ លោក Nguyen Dinh Viet ប្រធានក្រុមគម្រោង VQ-2M នៃសម្ព័ន្ធក្រុមហ៊ុន Viettel បានបញ្ជាក់ថា៖ “សមយុទ្ធលើកនេះគឺជាមូលដ្ឋានសម្រាប់យើងដើម្បីបញ្ជាក់ដោយទំនុកចិត្តថា ប្រព័ន្ធ VQ-2M អាចត្រូវបានប្រើប្រាស់ក្នុងបរិយាកាសជាក់ស្តែង ដោយបំពេញតាមតម្រូវការកាន់តែខ្ពស់របស់កងទ័ពការពារដែនអាកាស-ទ័ពអាកាសវៀតណាម។ ប្រព័ន្ធនេះធានានូវភាពចល័ត និងស្ថានភាពប្រយុទ្ធស្មុគស្មាញ។ លើសពីនេះ យើងនឹងបន្តស្រាវជ្រាវដើម្បីអនុវត្តបច្ចេកវិទ្យាទាក់ទងនឹងការរៀនម៉ាស៊ីនទិន្នន័យធំ និងបញ្ញាសិប្បនិម្មិត ដើម្បីបង្កើនសមត្ថភាពក្នុងការគាំទ្រដំណើរការដោយស្វ័យប្រវត្តិនៅក្នុងលំហាត់ប្រយុទ្ធបន្ទាប់”។
ពីមជ្ឈមណ្ឌលបញ្ជាការ បញ្ជាសម្របសម្រួលអាចត្រូវបានផ្ញើភ្លាមៗទៅកាន់អង្គភាពប្រយុទ្ធ ចាប់ពីកងវរសេនាធំមីស៊ីល ស្ថានីយ៍រ៉ាដា រហូតដល់កងទ័ពអាកាសប្រយុទ្ធ។
អ្នកបច្ចេកទេសនៃក្រុមហ៊ុនចម្កាត់ឯកបុគ្គល ព័ត៌មាន M1 (សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម ទូរគមនាគមន៍យោធា) ផលិតឧបករណ៍បច្ចេកវិទ្យាខ្ពស់ សម្រាប់ប្រព័ន្ធព័ត៌មាននិងបណ្តាញទំនាក់ទំនងយោធា។ រូបថត៖ Hong Sam/qdnd.vn |
ល្បឿនលឿន ភាពត្រឹមត្រូវ និងសុវត្ថិភាព គឺជាលក្ខណៈវិនិច្ឆ័យបីដែលត្រូវបានដាក់ជាអាទិភាពក្នុងប្រតិបត្តិការប្រព័ន្ធ VQ-2M។ នៅក្នុងប្រតិបត្តិការជាក់ស្តែង ប្រព័ន្ធ VQ-2M ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងដោយសារល្បឿនដំណើរការដ៏លឿនបំផុត និងសមត្ថភាពវិភាគព័ត៌មានឆ្លាតវៃ។ វរសេនីយ៍ឯក Nguyen Anh Thai មេបញ្ជាការកងវរសេនាធំលេខ ២៨២ ការពារដែនអាកាស - កងទ័ពអាកាស បានឲ្យដឹងថា៖ “បើប្រៀបធៀបទៅនឹងមុន នៅពេលដែល ការចូលរួមរបស់មនុស្សជាកត្តាចម្បង ឥឡូវនេះ ប្រព័ន្ធឆ្លាតវៃ និងឧបករណ៍ឆ្លាតវៃបានចូលរួម និងឧបត្ថម្ភយ៉ាងច្រើន។ ប្រព័ន្ធនេះជួយក្រុមប្រយុទ្ធឱ្យធ្វើជាម្ចាស់កាន់តែប្រសើរ ដំណើរការលឿនជាងមុន និងកាន់តែត្រឹមត្រូវជាង”។
រហូតមកដល់ពេលនេះ ប្រព័ន្ធនេះត្រូវបានដាក់ពង្រាយ និងដំឡើងនៅទីស្នាក់ការកណ្តាលការពារដែនអាកាស - កងទ័ពអាកាសទូទាំងប្រទេស ពីភាគខាងជើងទៅភាគខាងត្បូង ពីព្រំដែនរហូតដល់កោះសមុទ្រ។ មិនត្រឹមតែជាប្រព័ន្ធបច្ចេកទេសប៉ុណ្ណោះទេ នោះក៏ជា "ខែលដែក" ដើម្បីការពារដែនអាកាសផងដែរ។
ជាមួយនឹងការអភិវឌ្ឍយ៉ាងខ្លាំងនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការពឹងផ្អែកលើខ្លួនឯងនៅក្នុងឧស្សាហកម្មការពារជាតិបានក្លាយជារឿងសំខាន់ជាងពេលណាៗទាំងអស់។ ការបង្កើតប្រព័ន្ធការពារដែនអាកាស VQ-2M គឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់អំពីទ្ធានុភាព និងបញ្ញារបស់វៀតណាមនៅក្នុងយុគសម័យឌីជីថល។ រហូតមកដល់ពេលនេះ មានតែប្រទេសប្រហែល ១០ ប៉ុណ្ណោះនៅលើពិភពលោកដែលអាចអភិវឌ្ឍប្រព័ន្ធនេះដោយឯករាជ្យ។ VQ-2M រួមជាមួយនឹងបច្ចេកវិទ្យាជាច្រើនទៀតយុទ្ធជនកងទ័ពវៀតណាមបង្កើតឡើងផ្ទាល់ បានសម្គាល់ជំហានអភិវឌ្ឍន៍ថ្មីមួយរបស់ឧស្សាហកម្មការពារជាតិវៀតណាម ដោយធ្វើអោយប្រសើរឡើងនូវគុណភាពនៃការត្រៀមខ្លួនប្រយុទ្ធ មិនអនុញ្ញាតឱ្យមាតុភូមិអសកម្ម និងភ្ញាក់ផ្អើលឡើយ នៅក្នុងគ្រប់ស្ថានភាពទាំងអស់៕