(VOVWORLD) - មនុស្សយន្ត និង AI បំពេញការងារដូចមនុស្សក្នុងភោជនីយដ្ឋាន សណ្ឋាគារ អាហារដ្ឋាន និងសេវាកម្មអាកាសយានដ្ឋាន ត្រូវបានគេពេញនិយម នៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោក។ មិនចាំបាច់ហៅបុគ្គលិក មិនចាំបាច់តម្រង់ជួរ គ្រាន់តែចុចប៊ូតុងមួយ បទពិសោធន៍នៃបច្ចេកវិទ្យាទំនើបនឹងបង្ហាញនៅចំពោះមុខរបស់អ្នក។ “ហាងកាហ្វេអនាគត” ដែលមានទីតាំងនៅផ្លូវ Vu Pham Ham ខ័ណ្ឌ Cau Giay គឺជាហាងកាហ្វេដែលបម្រើដោយមនុស្សយន្ត ដែលបានបើកជាលើកដំបូងនៅទីក្រុងហាណូយ។
“ពេលទៅហាងកាហ្វេគឺជាការនិយមចូលចិត្តនៅរបស់ពួកយើង។ ថ្មីៗនេះ ហាងកាហ្វេមានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន ដោយមានម៉ាស៊ីននិងបច្ចេកវិទ្យាទំនើប ស្និតស្នាល ដើម្បីជួយឱ្យអតិថិជនទទួលបានបទពិសោធន៍សេវាកម្មកាន់តែប្រសើរឡើង មនុស្សយន្តជុងកាហ្វេក៏ឆ្ងាញ់ដែរ ល្អដូចបារីស្តាជំនាញអញ្ជឹង”។
គំរូដ៏ប្លែកនៃហាងកាហ្វេដែលបម្រើដោយមនុស្សយន្ត បានបើកជាលើកដំបូងនៅទីក្រុងហាណូយ។ រូបថត៖ Kim Lieu/VOV ៥ |
ខាងលើនេះគឺជាការចែករំលែករបស់ Thao Anh ពេលមកហាងកាហ្វេដែលប្រើប្រាស់បច្ចេកវិទ្យាមនុស្សយន្តដើម្បីទទួលយកបទពិសោធន៍។
ហាងកាហ្វេអនាគតនៅទីក្រុងហាណូយបានដាក់ឱ្យដំណើរការនូវមនុស្សយន្តឆ្លាតវៃចំនួន ៤ ដែលមានតួនាទីផ្សេងៗគ្នា។ មនុស្សយន្តទីមួយ ដើរតួជា "បារីស្តា" ដែលត្រូវបានដាក់កម្មវិធីជំនាញធ្វើភេសជ្ជៈ។ មនុស្សយន្តទីពីរ ទទួលបន្ទុកបម្រើនិងនាំយកភេសជ្ជៈមកតុសម្រាប់អតិថិជន ដោយមានសមត្ថភាពធ្វើអន្តរកម្មដោយសំឡេង។ មនុស្សយន្តទីបី មានជំនាញក្នុងការសរសេរអក្សរផ្ចង់ ដោយរួមបញ្ចូលគ្នានូវកត្តាទំនើប និងវប្បធម៌ប្រពៃណី។ មនុស្សយន្តចុងក្រោយ ដើរតួជាអ្នកថតរូប ថតពេលវេលាដូចជាអ្នកថតរូបចល័តអញ្ជឹង។ មនុស្សយន្តទាំងអស់នេះ ត្រូវបានរចនានិងរៀបចំកម្មវិធីដោយក្រុមហ៊ុនវៀតណាម តាមតម្រូវការបត់បែនតាមបំណងដែលសមស្របតាមបរិយាកាសប្រតិបត្តិការជាក់ស្តែង។
ក្នុងនាមជាអ្នកបង្កើតគំនិត និងដំណើរការប្រព័ន្ធមនុស្សយន្តនេះ លោកស្រី Ha Phuong អ្នកគ្រប់គ្រងហាងកាហ្វេអនាគតបានចែករំលែកថា៖ “យើងបានគិតអំពីមូលហេតុ ដែលបច្ចេកវិទ្យាមិនត្រូវបានអនុវត្តចំពោះកន្លែងដែលពេញនិយមដូចជាហាងកាហ្វេ ដូច្នេះហើយ យើងបានសម្រេចចិត្តបង្កើតគំរូមួយដែលអាចអនុវត្តបច្ចេកវិទ្យា ដោយតែងតែអភិវឌ្ឍរួមគ្នារវាងវប្បធម៌និងគំនិតច្នៃប្រឌិត។ បច្ចេកវិទ្យាមិនសោះកក្រោះទេ វាក៏មានភាពស្និទ្ធស្នាលជាមួយមនុស្សផងដែរ ហើយស្ទើរតែបានអភិវឌ្ឍទន្ទឹមជាមួយមនុស្សដែរ”។
មនុស្សយន្តត្រូវបានរៀបចំកម្មវិធីចលនាលម្អិតនីមួយៗ ដូចជាការកាន់ស្លាបព្រា ទទួលទឹកក្តៅ ឬចាក់ទឹកកកឱ្យបានត្រឹមត្រូវ។ រូបថត៖ Kim Lieu/VOV5
|
Tu, Bao, Chi, Thu គឺជាឈ្មោះដោយឡែករបស់បុគ្គលិករត់ដោយអគ្គិសនីនៃហាងកាហ្វេលអនាគត។ គួរកត់សម្គាល់ថា បុគ្គលិកទាំងនេះគឺជាមនុស្សយន្ត "ផលិតនៅវៀតណាម" ទាំងស្រុង។ ដូច្នេះហើយ មិនត្រឹមតែមនុស្សយន្តដឹងពីរបៀបធ្វើការប៉ុណ្ណោះទេ ពួកគេថែមទាំងចេះបម្រើឱ្យស្របបរិបទបស់មនុស្សនិងវប្បធម៌នៅវៀតណាមផងដែរ។ ក្រុមប្រតិបត្តិការត្រូវតែរៀបចំកម្មវិធីចលនាលម្អិតនីមួយៗនៃដៃមនុស្សយន្ត ដូចជាការកាន់ស្លាបព្រា ទទួលទឹកក្តៅ ឬចាក់ទឹកកកឱ្យបានត្រឹមត្រូវ។ ការរចនាធ្វើដំណើរ ល្បឿនផ្លាស់ទី និងអន្តរកម្មក៏ត្រូវបានគណនាយ៉ាងប្រុងប្រយ័ត្នផងដែរ ដើម្បីធានាសុវត្ថិភាព។
ដោយធ្វើការផ្ទាល់ជាមួយបុគ្គលិកមនុស្សយន្តនៅក្នុងហាង អ្នកស្រី Hoang Thi Quy បានឲ្យដឹងថា៖ “ដំបូងឡើយ នៅពេលដែលមនុស្សយន្តមកហាងរបស់ខ្ញុំ ខ្ញុំចាប់ផ្តើមឃើញថា ពួកគេដំណើរការយ៉ាងម៉ត់ចត់ ប្រុងប្រយ័ត្ន និងត្រឹមត្រូវបំផុត។ បន្ទាប់មក នៅពេលដែលមានអតិថិជនច្រើន និងមានកិច្ចការច្រើនដែលត្រូវធ្វើ មនុស្សយន្តបានជួយខ្ញុំយ៉ាងច្រើន។ ដូចជាដៃគូ ដូចជាបុគ្គលិកធម្មតារបស់ហាង ដំណើរការការងារ ក៏ដូចជាទំនាក់ទំនងជាមួយអតិថិជន គឺត្រូវបានរៀបចំទុកជាមុន ដែលស្ទើរតែកើតឡើងច្រើនដង។ នៅពេលដែល Tu ធ្វើភេសជ្ជៈរួចហើយ Tu នឹងគ្រវីទង់ជាតិ ដើម្បីជាសញ្ញាថា Tu បានធ្វើរួចរាល់ហើយ”។
ជំនួសឱ្យការទៅហាងកាហ្វេបែបប្រពៃណី មនុស្សវ័យក្មេងបានជ្រើសរើសទៅហាងកាហ្វេអនាគតដើម្បីរីករាយនឹងភាពខុសប្លែកនៅទីនេះ។ គំរូសេវាកម្មរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យានិងមនុស្ស គឺជារបកគំហើញមួយនៅក្នុងជីវភាពទីក្រុងទំនើប។ មនុស្សភាគច្រើនពិតជាស្រឡាញ់ និងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរគួរឱ្យចាប់អារម្មណ៍ទាំងនោះ។
“Nguyen Quynh Anh អតិថិជន Gen Z ម្នាក់បានសម្តែងក្តីរីករាយថា៖ “នេះជាលើកទីមួយហើយដែលខ្ញុំបានទៅហាងកាហ្វេមួយ ដែលមានមនុស្សយន្តបម្រើ។ មិនត្រឹមតែមនុស្សយន្តម្នាក់ប៉ុណ្ណោះទេ ប៉ុន្តែមានមនុស្សយន្ត ៤ នាក់ផងដែរ។ យើងមិនអាចនឹកស្មានថា ជាមនុស្សយន្តអាចបម្រើដូចមនុស្សធម្មតានោះទេ ប៉ុន្តែមនុស្សយន្តទាំងនេះ គេធ្វើបាន ខ្ញុំឃើញថានេះគឺជាបទពិសោធន៍ថ្មីនិងអស្ចារ្យ”។
លោក Hoang Huy សង្កាត់ Hoang Mai ទីក្រុងហាណូយ បានឲ្យដឹងថា៖ “ថ្ងៃនេះជាលើកទីមួយហើយដែលខ្ញុំបានឃើញមនុស្សយន្តបម្រើសេវកម្ម វាដំណើរការយ៉ាងរលូន អន្តរកម្មរបស់មនុស្សយន្តមានបទចម្រៀង ការគួរសម និងការកំប្លែងដែលគួរឲ្យចាប់អារម្មណ៍”។
មនុស្សយន្តឈ្មោះ "Thu" ទទួលបន្ទុកការសរសេរអក្សរផ្ចង់។ រូបថត៖ Kim Lieu/VOV ៥ |
ហាងកាហ្វេអនាគតគឺជាកន្លែងកាហ្វេបច្ចេកវិទ្យា ជាគោលដៅសម្រាប់អ្នកដែលចូលចិត្តបទពិសោធន៍ថ្មីថ្មោងនៅចំកណ្តាលទីក្រុង។ ការមកទីនេះមិនត្រឹមតែជួយឱ្យអ្នករីករាយជាមួយកាហ្វេមួយពែងប៉ុណ្ណោះទេ ថែមទាំងទទួលបានបទពិសោធន៍នៃទីក្រុងហាណូយដ៏ប្លែក ពោពេញទៅដោយថាមវន្ត ច្នៃប្រឌិត និងផ្លាស់ប្តូរដោយឥតឈប់ឈរក្នុងសម័យបច្ចេកវិទ្យា៕