ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសំឡេងវៀតណាម VOV5 បានទទួលសំបុត្រ និងទូរស័ព្ទចំនួន ៧៦៤ ពីមិត្តអ្នកស្តាប់មកពី ៣២ ប្រទេសនិងតំបន់ដែនដី ក្នុងនោះកម្មវិធីភាសាខ្មែរទទួលបានសំបុត្រចំនួន ២៤។ ក្រៅពីសំណួរអំពីវប្បធម៌ ប្រទេសជាតិ និងប្រជាជនវៀតណាម យើងខ្ញុំក៏បានទទួលការអបអរសាទរជាច្រើនក្នុងឱកាសបុណ្យតេតប្រពៃណីឆ្នាំ ២០២៥ ផងដែរ។
ពីរាជធានីភ្នំពេញ កម្ពុជា មិត្តអ្នកស្តាប់ ឡាយ ដារិទ្ធ បានផ្ញើរសារជូនពរថា៖ “សូមជូនពរដល់អ្នកផ្សាយសំឡេង VOVទាំងអស់ ប្រកបដោយសុខសន្តិភាព វិបុលភាពនិងជោគជ័យថ្មីៗជាច្រើន។ សូមជូនពរដល់ក្រុមអ្នកផ្សាយសំឡេងនៃកម្មវិធីភាសារខ្មែរ សូមឲ្យមានកម្លាំងពលំបរិបូណ៍ និងមានភាពច្នៃប្រឌិត ដើម្បីនាំមកជូនអ្នកស្តាប់វិទ្យុនូវកម្មវិធីកាន់តែមានគុណភាពនិងកាន់តែទាក់ទាញ។ សូមអរគុណចំពោះការបញ្ជូនព័ត៌មានគួរឱ្យចាប់អារម្មណ៍អំពីប្រទេសជាតិនិងប្រជាជនវៀតណាមអស់រយៈពេលមួយឆ្នាំកន្លងទៅ”។ ចំណែកឯមិត្តអ្នកស្តាប់ Lee Chang Xing នៅទីក្រុង Guangxi ប្រទេសចិន បាននិយាយថា៖ “ខ្ញុំសូមជូនពរដល់បុគ្គលិក VoV ទាំងអស់ជួបតែសេចក្តីសុខក្នុងឆ្នាំថ្មី! សង្ឃឹមថាកម្មវិធីរបស់វិទ្យុសំឡេងវៀតណាមនឹងកាន់តែប្រសើរឡើង ហើយអភិវឌ្ឍន៍កាន់តែខ្លាំង”។
តាងនាមក្រុមអ្នកផ្សាយសំឡេងនៃកម្មវិធីភាសារខ្មែរនិយាយដោយឡែក និងវិទ្យុសំឡេងវៀតណាម VOV និយាយរួម យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសារជូនពរឆ្នាំថ្មីរបស់មិត្តអ្នកស្តាប់ទាំងអស់។ សេចក្តីជូនពររបស់អ្នកគឺជាប្រភពកម្លាំងចិត្តសម្រាប់យើងខ្ញុំខិតខំបន្ថែមទៀតក្នុងឆ្នាំថ្មី។ សង្ឃឹមថា VOV នឹងបន្តជាដៃគូដ៏គួរឱ្យទុកចិត្តរបស់អ្នកក្នុងឆ្នាំ ២០២៥។
មិត្តអ្នកស្តាប់ សុគន្ធារិទ្ធ ពីប្រទេសកម្ពុជា បានសួរអំពីទំនៀមទម្លាប់ដ៏វិសេសវិសាលក្នុងឱកាសបុណ្យតេតប្រពៃណីរបស់វៀតណាម។ ឆ្លើយសំណួររបស់មិត្ត យើងខ្ញុំសូមឧទ្ទេសនាមអំពីទំនៀមទម្លាប់នៃការសរសេរអក្សរដំបូងនៅដើមឆ្នាំ ជាទំនៀមទម្លាប់ដែលបង្ហាញពីការគោរពចំណេះដឹង វប្បធម៌ និងអក្សររបស់ប្រជាជនវៀតណាម។
ពិធីសរសរអក្សរដំបូងនៃឆ្នាំថ្មី នៅវិហារ Trang Trinh - Nguyen Binh Khiem។ |
មិត្តអ្នកស្តាប់ សុគន្ធារិទ្ធ និងប្រិយមិត្តជាទីមេត្រី ទំនៀមទម្លាប់នៃការសរសេរអក្សរដំបូង មានតាំងពីបុរាណកាលដែលផ្តើមចេញពីការគោរពអក្សរនិងចំណេះដឹងរបស់ប្រជាជនវៀតណាម។ នៅក្នុងសង្គមពីបុរាណកាល ការអប់រំមានតម្លៃខ្ពស់ ហើយមនុស្សដែលមានការអប់រំតែងតែត្រូវបានគោរព។ ការសរសេរអក្សរដំបូងនាដើមឆ្នាំថ្មីបានបង្ហាញពីសេចក្តីប្រាថ្នា សូមឲ្យឆ្នាំថ្មី ទទួលបានជោគជ័យក្នុងការសិក្សា ការងារអំណោយផល និងជោគជ័យគ្រប់ភារកិច្ច។ តាមរយៈការសរសេរអក្សរដំបូងនាដើមឆ្នាំថ្មី អ្នកសរសេរតែងតែផ្តាំផ្ញើពាក្យជូនពរក្នុងឆ្នាំថ្មីឱ្យមានសេចក្តីសុខ សុភមង្គល ជោគជ័យ និងសំណាងល្អ ។
ជាធម្មតា មនុស្សម្នានឹងសរសេរអក្សរដំបូងនៃដើមឆ្នាំថ្មី នៅព្រឹកព្រលឹមថ្ងៃទី ១ ឬទី ២ នៃបុណ្យតេត។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចជ្រើសរើសពេលវេលាណាមួយដែលមានអារម្មណ៍ល្អ ហើយត្រៀមខ្លួនជាស្រេចបំផុត។ អ្នកអាចសរសេរពាក្យជូនពរឆ្នាំថ្មី ឃ្លាឆ្លងឆ្លើយ កំណាព្យ ឬគ្រាន់តែគោលដៅ និងផែនការរបស់អ្នកសម្រាប់ឆ្នាំថ្មីក៏បានដែរ។ អ្វីដែលសំខាន់នោះគឺ អក្សរទាំងនេះចេញពីបេះដូង និងបង្ហាញពីបំណងប្រាថ្នាដ៏ស្មោះត្រង់របស់អ្នក។
ដោយធ្វើអត្ថាធិប្បាយលើអត្ថបទឧទ្ទេសនាមអំពីទំលាប់ទៅវត្តនាដើមឆ្នាំរបស់ប្រជាជនវៀតណាម មិត្តអ្នកស្តាប់ ផល ផានិត មកពីខេត្តតាកែវ ប្រទេសកម្ពុជា ចង់កម្មវិធីណែនាំអំពីតំបន់ទេសចរណ៍ខាងវិញ្ញាណមួយចំនួនក្នុងឱកាសបុណ្យតេតប្រពៃណី នៅភាគខាងជើងប្រទេសវៀតណាម។
ពិធីបុណ្យប្រាសាទ Den Tran ក្នុងខេត្ត Nam Dinh ។ |
មិត្តអ្នកស្តាប់ ផល ផានិត និងប្រិយមិត្តជាទីមេត្រី! ដើមឆ្នាំថ្មីគឺជាពេលវេលាដ៏សមស្របសម្រាប់ប្រជាជនទៅទស្សនាតំបន់ទេសចរណ៍ខាងវិញ្ញាណ មិនត្រឹមតែដើម្បីបួងសួងសុំសេចក្តីសុខប៉ុណ្ណោះទេ ថែមទាំងបានរីករាយជាមួយនឹងបរិយាកាសដ៏សុខក្សេមក្សាន្តផងដែរ។ យើងខ្ញុំសូមណែនាំពីគោលដៅមួយចំនួនដូចជា៖ វត្ត Huong (ទីក្រុងហាណូយ) ជាវត្តបុរាណដ៏ល្បីល្បាញនិងពិសិដ្ឋបំផុតនៅភាគខាងជើង។ ក្នុងអំឡុងពេលបុណ្យតេត នៅទីនេះបានប្រព្រឹត្តិទៅពិធីបុណ្យវត្ត Huong ដែលទាក់ទាញភ្ញៀវទេសចររាប់លាននាក់ចូលរួមបួងសួងសុំសេចក្តីសុខ មានទ្រព្យសម្បត្តិ និងមានសុខសន្តិភាព។ អ្នកក៏អាចទស្សនាប្រាសាទ Đền Đô ជាប្រាសាទបុរាណនិងល្បីល្បាញនៅខេត្ត Bac Ninh។ នេះជាកន្លែងដែលភ្ញៀវទេសចរណ៍មករំលឹកវិញ្ញាណក្ខន្ធបណ្តាស្តេចនៃរជ្ជកាល Ly ដែលមានគុណូបការៈចំពោះប្រទេសជាតិ និងបួងសួងសុំសេចក្តីសុខក្នុងឆ្នាំថ្មី។
គោលដៅទាក់ទាញមួយទៀតគឺវត្ត Tam Chuc (Ha Nam)។ វត្ត Tam Chuc ត្រូវបានគេស្គាល់ដល់ជាវត្តដ៏ធំនិងស្អាតបំផុតមួយនៅវៀតណាម។ វត្តនេះមានទីធ្លាធំទូលាយ សុខក្សេមក្សាន្ត ស័ក្តិសមសម្រាប់អ្នកដែលចង់ស្វែងរកសន្តិភាព និងបួងសួងសុំសេចក្តីសុខក្នុងឆ្នាំថ្មី។ ប្រាសាទដ៏ល្បីល្បាញបំផុតមួយនៅភាគខាងជើងគឺប្រាសាទ Den Tran ក្នុងខេត្ត Nam Dinh ដែលគោរពបូជាបណ្តាស្តេច Tran ។ ជារៀងរាល់ដើមឆ្នាំថ្មី ប្រជាជននិងភ្ញៀវទេសចរបានសម្រុកមកទីនេះ ដើម្បីចូលរួមក្នុងពិធីបុណ្យ Den Tran បួងសួងសុំសំណាងល្អ និងសុខសន្តិភាពសម្រាប់ក្រុមគ្រួសាររបស់ពួកគេ។