ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន
(VOVWORLD) - ជំរៀបសួរមិត្តអ្នកស្ដាប់ជាទីគោរព។ ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន ១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបជិត ៤០០ ដែលបានផ្ញើមកកាន់កម្មវិធីនានារបស់ VOV5។
លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! បន្ទាប់ពីយើងខ្ញុំជូនព័ត៌មានអំពីការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម” ឆ្នាំ ២០២៥ កាលពីសប្តាហ៍មុន មានមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជាមួយចំនួនបានផ្ញើសំបុត្រមកកម្មវិធី ដោយបង្ហាញពីការយកចិត្តទុកដាក់ដល់ការប្រឡងនេះ។ មិត្តអ្នកស្តាប់ សូវ សម្បត្តិ នៅរាជធានីភ្នំពេញបានសម្តែងថា៖ “ខ្ញុំឃើញថា ការប្រឡងឆ្នាំនេះមានអត្ថន័យច្រើនណាស់ ព្រោះថាឆ្នាំ ២០២៥ បានគូសសញ្ញានូវផ្លាស់ប្តូរដ៏ធំធេងជាច្រើនរបស់ប្រទេសវៀតណាម។ ខ្លឹមសារនៃសំណួរក៏ទាមទារឱ្យបេក្ខជនមានការយល់ដឹងក្នុងកម្រិតជាក់ស្ដែងមួយអំពីស្ថានភាពនយោបាយ-សេដ្ឋកិច្ច-សង្គមរបស់វៀតណាម និងការអភិវឌ្ឍរបស់វិទ្យុសម្លេងវៀតណាមផងដែរ។ សូមជូនពរអ្នកទាំងអស់គ្នានឹងទាក់ទាញមិត្តអ្នកស្តាប់ជាច្រើនឲ្យចូលរួមការប្រឡងនេះ”។
លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព! ដូចដែលយើងខ្ញុំបានរាយការណ៍មកថា ចាប់ពីថ្ងៃទី ១០ ខែមីនា ដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ វិទ្យុសម្លេងវៀតណាមនឹងរៀបចំការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម” សម្រាប់ជនបរទេស និងអាណិកជនវៀតណាម ជុំវិញពិភពលោក ឬនៅប្រទេសវៀតណាម។ ការប្រឡងនេះគឺជាសកម្មភាពសំខាន់មួយឆ្ពោះទៅកាន់ការរំលឹកខួបលើកទី ៨០ ទិវាបង្កើតវិទ្យុសម្លេងវៀតណាម (ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ១៩៤៥ - ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៥)។ តាមរយៈការប្រឡង មិត្តអ្នកស្តាប់ និងមិត្តអ្នកអានអន្តរជាតិមានឱកាសបង្ហាញពីក្តីស្រឡាញ់ និងការយល់ដឹងអំពីទឹកដី មនុស្សវៀតណាម ក៏ដូចជាចំណាប់អារម្មណ៍របស់ពួកគេចំពោះវិទ្យុសម្លេងវៀតណាមផងដែរ។ ការប្រឡង ក៏រួមចំណែកអនុវត្តន៍គោលជំហរ គោលមាគ៌ានិង គោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីព័ត៌មានកិច្ចការបរទេស; ពង្រឹងទំនាក់ទំនងរវាងវិទ្យុសម្លេងវៀតណាមជាមួយមិត្តអ្នកស្តាប់បរទេស និងបងប្អូនជនរួមជាតិវៀតណាមរស់នៅឆ្ងាយពីមាតុភូមិផងដែរ។ ការប្រឡង “តើអ្នកដឹងអ្វីខ្លះអំពីវៀតណាម” ត្រូវបានរៀបចំឡើងក្នុងទម្រង់នៃការសរសេរ ឆ្លើយសំណួរចំនួន ៥ របស់គណៈកម្មាធិការរៀបចំ។ សំណួរនិងបទបញ្ញត្តិនៃការប្រឡងត្រូវបានផ្សាយក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់ប្រចាំសប្តាហ៍ ហើយត្រូវបានបង្ហោះលើគេហទំព័រ vovworld.vn។ បេក្ខជនដែលឈ្នះរង្វាន់ខ្ពស់ក្នុងការប្រឡងនឹងទទួលបានរង្វាន់ជាដំណើរកម្សាន្តឥតគិតថ្លៃរយៈពេល ៥ ថ្ងៃ ៤ យប់នៅប្រទេសវៀតណាម រួមជាមួយនឹងកាដូមានតម្លៃជាច្រើន។
ពាក់ព័ន្ធនឹងការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីប្រទេសវៀតណាម ឆ្នាំ២០២៥ មិត្តអ្នកស្តាប់ សុង សារិទ្ធ និស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសវៀតណាម បានផ្ញើសំបុត្រមក កាន់កម្មវិធី ដោយចែករំលែកថា៖ “ក្នុងនាមជានិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសវៀតណាម ខ្ញុំចង់ចូលរួមក្នុងការប្រឡងនេះ។ ខ្ញុំក៏សង្ឃឹមដែរថា អ្នកនឹងជួយផ្តល់យោបល់សម្រាប់ឆ្លើយសំណួរទាក់ទិននឹងទិសដៅ និងគោលដៅរបស់វៀតណមក្នុងយុគសម័យនៃការស្ទុះឈានទៅមុខ”។
មិត្ត សុង សារិទ្ធ និងប្រិយមិត្តជាទីមេត្រី! តាមប្រសាសន៍របស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក To Lam យុគសម័យនៃការស្ទុះឈានទៅមុខរបស់ប្រជាជាតិវៀតណាម គឺជាយុគសម័យនៃការស្ទុះផ្លោះ ពន្លឿនការអភិវឌ្ឍក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម កសាងប្រកបដោយជោគជ័យនូវប្រទេសវៀតណាមសង្គមនិយមដ៏ខ្លាំងមាំមួន ប្រជាធិបតេយ្យ យុត្តិធម៌ អរិយធម៌ វិបុលភាព និងសុភមង្គល; តាមទាន់ ឈានទៅមុខ និងប្រកៀកស្មាជាមួយមហាអំណាចពិភពលោក។ អាទិភាពកំពូលក្នុងយុគសម័យថ្មីគឺអនុវត្តន៍ប្រកបដោយជោគជ័យនូវគោលដៅយុទ្ធសាស្ត្រនៅឆ្នាំ២០៣០ វៀតណាមក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានឧស្សាហកម្មទំនើប និងប្រាក់ចំណូលមធ្យមកម្រិតខ្ពស់; នៅឆ្នាំ ២០៤៥ វៀតណាមក្លាយទៅជាប្រទេសសង្គមនិយមអភិវឌ្ឍន៍ ដែលមានប្រាក់ចំណូលខ្ពស់; ប្រជាជនទាំងអស់ត្រូវបានអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយ មានជីវភាពសម្បូរធូរធារ មានសេរីភាព សុភមង្គល និងអរិយធម៌។ កាលពីចុងឆ្នាំមុន នាយកដ្ឋានផ្សាយសម្លេងជាភាសាបរទេស VOV5 ក៏បានចាក់ផ្សាយ និងបង្ហោះផ្នែកខ្លឹមសារថ្មីដោយប្រធានបទ “វៀតណាម - យុគសម័យនៃការស្ទុះឈានទៅមុខ” ដោយមានព័ត៌មាន និងអត្ថបទជាច្រើនទាក់ទងនឹងខ្លឹមសារនេះ។ អ្នកអាចរកឃើញចម្លើយសម្រាប់សំណួរនៃការប្រឡង នៅពេលតាមដានខ្លឹមសារផ្សាយនៅលើ VOV5 និងអានគេហទំព័រ vovworld.vn របស់យើងខ្ញុំរហូតដល់ថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០២៥។
ប្រសិនបើអ្នកមានចម្ងល់ ឬត្រូវការជំនួយនៅពេលចូលរួមការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីវៀតណាមនោះ សូមកុំស្ទាក់ស្ទើរផ្ញើសំបុត្រមកកាន់កម្មវិធី។ យើងខ្ញុំប្រាកដប្រជានឹងគាំទ្រអ្នកឱ្យអស់ពីសមត្ថភាព។ សូមលោកអ្នកនាងនិងប្រិយមិត្តស្តាប់ VOV ចូលរួមការប្រឡង តើអ្នកដឹងអ្វីខ្លះអំពីវៀតណាមឆ្នាំ ២០២៥ និងបង្ហាញពីក្តីស្រឡាញ់របស់អ្នកចំពោះ VOV និងប្រទេសវៀតណាមណា។ សូមជូនពរលោកអ្នកនាងនិងប្រិយមិត្តទទួលបានជោគជ័យក្នុងការប្រឡងនេះ។
ប្រជុំកោះ Cat Ba (ទីក្រុង Hai Phong) មានទេសភាពដ៏ស្រស់បំព្រង ដែលជាការលាយឡំនៃព្រៃឈើ សមុទ្រ និងប្រព័ន្ធល្អាងភ្នំ ដែលមានកោះធំ និងតូចជាង ៣៦០ និងប្រព័ន្ធអេកូឡូស៊ីចម្រុះដ៏កម្រ។ (រូបថត៖ haiphongdpi.gov.vn) |
ទុកព័ត៌មានអំពីការប្រឡងមួយអន្លើសិន នៅផ្នែកចុងក្រោយនៃនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ប្រចាំសប្តាហ៍នេះ តាមសំណើរបស់មិត្ត លឹម ចាន់ដា និស្សិតខ្មែរនៅមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឱសថ Thai Binh យើងខ្ញុំសូមណែនាំដល់អ្នកទាំងអស់គ្នាអំពីប្រជុំកោះ Cat Ba ជារមណីយដ្ឋានដ៏ល្បីល្បាញនៅប្រទេសវៀតណាម ដែលទើបតែត្រូវបានជ្រើសរើសឲ្យក្លាយជាកន្លែងថតខ្សែភាពយន្តដ៏ល្បីល្បាញមួយរបស់ Hollywood។
លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព! ប្រជុំកោះ Cat Ba (ទីក្រុង Hai Phong) មានទេសភាពដ៏ស្រស់បំព្រង ដែលជាការលាយឡំនៃព្រៃឈើ សមុទ្រ និងប្រព័ន្ធល្អាងភ្នំ ដែលមានកោះធំ និងតូចជាង ៣៦០ និងប្រព័ន្ធអេកូឡូស៊ីចម្រុះដ៏កម្រ។ ប្រជុំកោះនេះត្រូវបានអង្គការយូណេស្កូ ទទួលស្គាល់ជាបេតិកភណ្ឌធម្មជាតិពិភពលោកក្នុងឆ្នាំ ២០២៣។ បរិយាកាសធម្មជាតិដ៏ធំល្វឹងល្វើយ ច្រាំងថ្មចោតដែលព័ទ្ធជុំវិញឆ្នេរខ្សាច់ ប្រព័ន្ធល្អាងភ្នំលាក់ខ្លួននៅក្នុងប្រជុំកោះ និងទឹកសមុទ្រពណ៌ខៀវថ្លា គឺជាកត្តាដែលជួយឱ្យ Cat Ba ត្រូវបានជ្រើសរើសឱ្យក្លាយជាកន្លែងថតស៊េរីភាពយន្ត “សម្ព័ន្ធភាពនៃរឿងព្រេង” (League of Legends) ដែលត្រូវបាន Hollywood ផលិតដោយផ្អែកលើ ល្បែងអនឡាញដ៏ល្បីល្បាញទូទាំងពិភពលោក។ មុននោះ ខ្សែភាពយន្ត Kong៖ Skull Island ក៏បានជ្រើសរើសតំបន់ទេសចរណ៍ Trang An ខេត្ត Ninh Binh ប្រទេសវៀតណាម ជាកន្លែងថតភាពយន្តនេះផងដែរ។ ការក្លាយទៅជាកន្លែងថតភាពយន្ត Hollywood ល្បីៗ ពិតជានឹងរួមចំណែកផ្សព្វផ្សាយរូបភាពទេសចរណ៍វៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ៕