ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ
(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសំឡេងវៀតណាម VOV5 បានទទួលសំបុត្រ និងទូរស័ព្ទចំនួន ៣៧១ ពីមិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន ៣៥ ក្នុងនោះកម្មវិធីភាសាខ្មែរទទួលបានសំបុត្រចំនួន ១២។ តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះការចែករំលែក និងចំណាប់អារម្មណ៍របស់មិត្តអ្នកស្តាប់ទាំងអស់។
ក្នុងសប្តាហ៍កន្លងទៅនេះ យើងខ្ញុំបន្តទទួលបានសំបុត្រ និងសំណួររបស់អ្នកស្តាប់ដែលចង់ស្វែងយល់អំពីវប្បធម៌ ប្រទេសជាតិ និងប្រជាជនវៀតណាម។ មិត្តអ្នកស្តាប់ជាច្រើនបានសម្តែងការចាប់អារម្មណ៍ចំពោះកម្មវិធី “Bach Hoa Bo Hanh” ដែលមានការចូលរួមពីប្រជាជននិងអ្នកស្ម័គ្រចិត្តជិត១០០០នាក់ ស្លៀកពាក់សំលៀកបំពាក់ប្រពៃណីវៀតណាមពីសម័យកាលផ្សេងៗគ្នាជាច្រើន។ មិត្តអ្នកស្តាប់ ជា សុខចាន់ កម្ពុជាបានចែករំលែកថា៖ “ខ្ញុំបានមើលវីដេអូអំពីកម្មវិធី “Bach Hoa Bo Hanh” នៅលើបណ្តាញសង្គម ហើយមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការស្រលាញ់និងការអភិរក្សវប្បធម៌ប្រពៃណីរបស់យុវជនវៀតណាម។
កម្មវិធី “Bach Hoa Bo Hanh” ត្រូវបានរៀបចំឡើងជាលើកដំបូងនៅទីក្រុងហូជីមិញ នាថ្ងៃទី ៨ ខែមិនា។ |
មិត្ត ជា សុខចាន់ និងប្រិយមិត្តជាទីមេត្រី។ ដោយប្រព្រឹត្តិទៅជាលើកដំបូងនៅទីក្រុងហូជីមិញ “Bach Hoa Bo Hanh” ត្រូវបានប្រារព្ធឡើងដោយជោគជ័យនាថ្ងៃទី ៨ មិនា ឆ្នាំ ២០២៥ ដោយទាក់ទាញមនុស្សជិត ១.០០០ នាក់មកចូលរួមក្នុងក្បួនដង្ហែរតាមដងវិថី ក្នុងសង្កាត់លេខ ១។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃពិធីបុណ្យអាវផាយ ទីក្រុងហូជីមិញ ឆ្នាំ ២០២៥ ដែលរៀបចំឡើងដោយមន្ទីរទេសចរណ៍ទីក្រុងហូជីមិញ សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។ សំលៀកបំពាក់ប្រពៃណីរាប់រយរបស់រាជវង្ស Ly, Tran, Le និង Nguyen ត្រូវបានសម្តែងនៅទីនេះ ដែលរួមចំណែកលើកតម្កើងសម្រស់ស្អាតនៃសំលៀកបំពាក់ប្រពៃណីរបស់វៀតណាម។ ពីព្រឹត្តិការណ៍តូចមួយដែលមានអ្នកចូលរួមជាង ១០០ នាក់ប៉ុណ្ណោះ បន្ទាប់ពីរៀបចំចំនួន ៥ លើក "Bach Hoa Bo Hanh" បានក្លាយជាសកម្មភាពវប្បធម៌ដែលត្រូវបានទន្ទឹងរងចាំ ដោយបង្ហាញពីចំណង់ចំណូលចិត្តនិងការអភិរក្សវប្បធម៌របស់យុវជនវៀតណាម។
ក្រៅពីព័ត៌មានអំពីជីវភាពវប្បធម៌និងសង្គម ប្រធានបទម្ហូបអាហារក៏ទទួលបានការចាប់អារម្មណ៍ពីមិត្តអ្នកស្តាប់ជាច្រើនផងដែរ។ ក្នុងចំណោមនោះ មិត្តអ្នកស្តាប់ ឡាយ ដារិទ្ធ មកពីខេត្តតាកែវ ប្រទេសកម្ពុជា ចង់ឲ្យកម្មវិធីឧទ្ទេសនាមអំពីមុខម្ហូប សាច់ជ្រូកខ្វៃដ៏ល្បីល្បាញ់នៅភូមិបុរាណ Duong Lam ទីក្រុងហាណូយ។
មិត្ត ឡាយ ដារិទ្ធ និងប្រិយមិត្តជាទីមេត្រី! មកដល់ភូមិបុរាណ Duong Lam ភ្ញៀវទេសចរណ៍មិនអាចរំលងឱកាសដើម្បីពិសារមុខម្ហូបពិសេសដ៏ល្បីល្បាញ់របស់ទឹកដីនេះគឺសាច់ជ្រូកខ្វៃលើដងឫស្សី។ យោងទៅតាមរឿងព្រេងនិទាន នៅពេលដែលស្តេច Ngo Quyen បានទទួលជ័យជម្នះនៅទន្លេ Bach Dang (ឆ្នាំ ៩៣៨) ព្រះអង្គបានធ្វើពិធីជប់លៀងជាមួយកងទ័ពនូវសាច់ជ្រូកខ្វៃលើដងឫស្សី។ ប្រជាជន Duong Lam មានមោទនភាពចំពោះប្រវត្តិសាស្ត្រនេះ និងរក្សាររូបមន្តប្រពៃណីរហូតមកដល់ពេលនេះ។
សាច់ជ្រូកខ្វៃលើដងឫស្សី ។ រូបថត៖ vtcnews |
សាច់ជ្រូកខ្វៃលើដងឫស្សី គឺជាមុខម្ហូបបែបសាមញ្ញ ដែលត្រូវបានរៀបចំយ៉ាងហ្មត់ចត់ពីសាច់ជ្រូកបីជាន់ស្រស់ៗ។ សាច់ជ្រូកត្រូវបានប្រឡាក់ដោយគ្រឿងទេសដ៏សម្បូរបែប បន្ថែមស្លឹកត្របែកខ្ចីចិញ្ច្រាំឲ្យល្អិត បង្កើតបានជាក្លិនក្រអូបដែលមិនអាចទ្រាំបាន។ សាច់ជ្រូកត្រូវបានចងរុំជុំវិញដងឫស្សី ហើយអាំងលើធ្យូងក្តៅ អស់រយៈពេលជាច្រើនម៉ោងក្រោមបាតដៃដ៏ប៉ិនប្រសប់របស់អ្នកស្រុក។ សាច់ជ្រូកខ្វៃមានពណ៌លឿង ស្បែកក្រៀម ស្រួយចូលមាត់ ខណៈពេលដែលសាច់ខាងក្នុងនៅតែទន់ រស់ជាតិផ្អែម និងបង្កប់នូវរសជាតិប្រពៃណីរបស់ភូមិបុរាណ Duong Lam។ រីករាយជាមួយសាច់ជ្រូកខ្វៃ Duong Lam មិនត្រឹមតែមានអារម្មណ៍នៃរសជាតិឆ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពិសោធន៍ផ្នែកមួយនៃវប្បធម៌ភោជនាងារដ៏វិសេសវិសាលនៃភូមិបុរាណនេះទៀតផង។
ជាបន្តកម្មវិធី គឺសំបុត្ររបស់មិត្តអ្នកស្តាប់ ផល ផានិត មកពីភ្នំពេញ កម្ពុជា ដែលចង់ស្វែងយល់អំពីវត្ត Bat Long ជាវត្តពិសេសមួយដែលត្រូវបានស្រោបមាស ស្ថិតនៅកណ្តាលបឹងមួយ ក្នុងខេត្ត Ninh Binh។
មិត្តអ្នកស្តាប់ ផុល ផានិត និងប្រិយមិត្តជាទីមេត្រី។ វត្ត Bat Long ត្រូវបានអ្នកស្រុកហៅថា វត្តមាស ត្រូវបានសាងសង់នៅលើកោះតូចមួយនៅកណ្តាលបឹង Ca Voi (ឬបឹង Nui Lo) ក្នុងទីក្រុង Hoa Lu ខេត្ត Ninh Binh ។ វត្តនេះត្រូវបានកសាងឡើងវិញនៅលើមូលដ្ឋានចាស់និងស្ថាបត្យកម្មរបស់វត្ត Bat Long Tu ជាវត្តបុរាណដែលត្រូវបានសាងសង់ឡើងដោយស្តេច Le Dai Hanh កាលពីជាង ១០០០ ឆ្នាំមុន។
វត្ត Bat Long ត្រូវបានសាងសង់នៅលើកោះតូចមួយនៅកណ្តាលបឹង Ca Voi (ឬបឹង Nui Lo) ក្នុងទីក្រុង Hoa Lu ខេត្ត Ninh Binh ។ |
វត្ត Bat Long មានស្ថាបត្យកម្មដ៏វិសេសវិសាល សំណងទាំងមូលត្រូវបានសាងសង់ឡើងពីឈើផ្ជឹក រួមផ្សំជាមួយនឹងសសរថ្មបៃតង ដំបូលប្រក់ក្បឿងត្រូវបានរចនាឡើងតាមរចនាបថបុរាណ ដំបូលរាងកោងទៅលំហមេឃ។ មកដល់វត្ត Bat Long អ្នកទស្សនាងឿងឆ្ងល់យ៉ាងខ្លាំង ព្រោះ ក្បូរក្បាច់រចនាទាំងខាងក្នុងនិងខាងក្រៅសុទ្ធតែស្រោបមាស បណ្តាលឱ្យវត្តកាន់តែស្រស់ស្អាត។ កាលពីមុន ដើម្បីទៅដល់វត្ត ភ្ញៀវត្រូវធ្វើដំណើរដោយទូក។ បច្ចុប្បន្ននេះ គណៈគ្រប់គ្រងវត្តបានដំឡើងប្រព័ន្ធស្ពានអណ្តែតទឹកលើផ្ទៃទឹកបឹង ដើម្បីបង្កភាពងាយស្រួលដល់ប្រជាជននិងភ្ញៀវទេសចរណ៍។
មិត្តអ្នកស្តាប់ជាទីមេត្រី! រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕