ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ

(VOVWORLD) - ក្នុងសប្តាហ៍កន្លងទៅ គណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសំឡេងវៀតណាម VOV5 បានទទួលសំបុត្រ និងទូរស័ព្ទចំនួន 421 ពីមិត្តអ្នកស្តាប់មកពីប្រទេសនិងតំបន់ដែនដីចំនួន 35 ក្នុងនោះកម្មវិធីភាសាខ្មែរទទួលបានសំបុត្រចំនួន 12។ ក្នុងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះការចែករំលែក និងចំណាប់អារម្មណ៍របស់និត្តអ្នកស្តាប់ទាំងអស់។

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំបន្តទទួលបានសំបុត្រនិងសំណួររបស់មិត្តអ្នកស្តាប់ដែលចង់ស្វែងយល់អំពីវប្បធម៌ ប្រទេសជាតិ និងប្រជាជនវៀតណាម។ ក្នុងនោះ មិត្តអ្នកស្តាប់ ជា សុខចាន់ កម្ពុជា ដែលបច្ចុប្បន្នកំពុងរស់នៅ និងធ្វើការនៅទីក្រុងហូជីមិញ បានផ្ញើសំណួរថា៖ «ខ្ញុំបានឃើញនៅលើបណ្ដាញសង្គម មានយុវជនវៀតណាមជាច្រើនបានចែករំលែករូបភាពស្លៀកពាក់សំលៀកបំពាក់ប្រពៃណីជាមួយនឹងឆ័ត្រដ៏គួរឱ្យស្រឡាញ់ ដែលមានរាងដូចមេអំបៅ។ តើនេះជាផលិតផលសិប្បកម្មប្រពៃណីវៀតណាមមែនទេ? សូមឧទ្ទេសនាមបន្ថែមអំពីឆ័ត្រដ៏ពិសេសនេះ។

មិត្ត ជា សុខចាន់ និងប្រិយមិត្តជាទីមេត្រី។ ឆ័ត្រដែលអ្នកបានរៀបរាប់នោះមានឈ្មោះថា ឆ័ត្រមេអំបៅ ជាផលិតផលសិប្បកម្មមួយដែលបានកត់ត្រានៅក្នុងសៀវភៅ Techniques of the Annamese ដែលសរសេរដោយអ្នកនិពន្ធជនជាតិបារាំង Henri Oger ក្នុងឆ្នាំ ១៩០៩។ ឆ័ត្រមេអំបៅបុរាណ មានដៃធ្វើពីឫស្សី ស៊ុមធ្វើពីបន្ទះឬស្សី និងដំបូលធ្វើពីក្រដាស Do លាបជ័រ តុបតែងដោយអំបោះចម្រុះពណ៌។ ឆ័ត្រមេអំបៅមានច្រើនពណ៌ដូចជា ខ្មៅ បៃតង ឬលឿង ហើយត្រូវបានប្រើប្រាស់អាស្រ័យលើវណ្ណៈសង្គម។ ឆ័ត្រមេអំបៅត្រូវបានប្រើប្រាស់ភាគច្រើនដោយគ្រួសារអភិជន។ នៅក្នុងរូបថតឯកសារមួយចំនួន វាក៏ត្រូវបានប្រើប្ររាស់ជាវត្ថុតុបតែងផងដែរ។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 1រូបភាពឆ័ត្រមេអំបៅ ក្នុងសៀវភៅ Techniques of the Annamese របស់អ្នកនិពន្ធ Henri Oger និងឆ័ត្រមេអំបៅដែលលោក Phung Nguyen Anh Khoa បានបង្កើតឡើងវិញ។

ផលិតផលសិប្បកម្មដ៏ស្មុគស្មាញនេះបច្ចុប្បន្នកំពុងត្រូវបានយុវវ័យនិយមចូលចិត្ត និងធ្វើតាម ដោយផ្អែកលើការណែនាំយ៉ាងលម្អិតនៅលើ Fanpage Khoa Phung's Art Corner របស់បុរសជំនាន់ 9X Phung Nguyen Anh Khoa។ បន្ទាប់ពីចំណាយពេលយូរនៃការស្រាវជ្រាវ ស្វែងយល់ ដើម្បីស្ដារឡើងវិញឆ័ត្រមេអំបៅតាមឯកសារចាស់ៗ Anh Khoa បានសម្រេចចិត្តចែករំលែកព័ត៌មានលម្អិតនៃវិធីសាស្ត្រផិតឆ័ត្រមេអំបៅតាមអ៊ីនធឺណិត ដើម្បីឱ្យមនុស្សកាន់តែច្រើនស្គាល់ដល់ តាមនោះ ធ្វើឱ្យលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិវៀតណាមរស់ឡើងវិញ។

មិត្តអ្នកស្តាប់ ឡាយ ដារិទ្ធ មកពីខេត្តតាកែវ កម្ពុជា ចង់ឲ្យកម្មវិធីណៃនាំអំពីភូមិតម្បាញសូត្រល្បីៗមួយចំនួនក្នុងប្រទេសវៀតណាម។ តទៅនេះជាភូមិតម្បាញសូត្រមួយចំនួនដែលយើងខ្ញុំចង់ឧទ្ទេសនាមដល់ប្រិយមិត្តទាំងអស់៖

មិត្ត ឡាយ ដារិទ្ធ និងប្រិយមិត្តជាទីមេត្រី! វៀតណាមមានមោទនភាពដែលមានមរតកវប្បធម៌តម្បាញសូត្រដ៏សម្បូរបែប បានបង្ហាញតាមរយៈភូមិសិប្បកម្មប្រពៃណីដ៏ល្បីល្បាញ ដែលលាតសន្ធឹងពីភាគខាងជើងទៅខាងត្បូង។ ភូមិសូត្រ Van Phuc (ហាណូយ) មានប្រវត្តិជាង ១.០០០ ឆ្នាំ គឺជាកន្លែងចាប់ផ្តើមនៃរបរត្បាញសូត្រនៅវៀតណាម ដែលល្បីល្បាញដោយមានសូត្រទន់រលោងជាមួយក្បូរក្បាច់រចនាដ៏ប្រណិត។ ចំណែកឯភូមិសូត្រ Nha Xa (ហាណាម) នាំមកនូវផលិតផលសូត្រដែលមានគុណភាពខ្ពស់ ត្បាញដោយបាតដៃយ៉ាងប៉ិនប្រសប់ មានភាពធន់ខ្ពស់ ពណ៌ធម្មជាតិ និងប្រណិត។

មកដល់ភូមិភាគកណ្តាល ភូមិសូត្រ Ma Chau ក្នុងស្រុក Duy Xuyen ខេត្ត Quang Nam មានភាពល្បីល្បាញដែលត្រូវបានជ្រើសរើសជាតំបន់ឯកទេសតម្បាញសូត្រដើម្បីបម្រើអភិជននិងមន្ត្រីរាជការតាំងពីសតវត្សទី ១៥។ ការដាំដើមមន ការចិញ្ចឹមដង្កូវនាង និងការត្បាញសូត្រនៅភូមិ Ma Chau  សុទ្ធតែធ្វើឡើងនៅក្នុងភូមិ ដោយមានការចូលរួមពីគ្រួសារសិប្បកម្មរាប់រយ។ ចំណែកឯសូត្រ Tan Chau (An Giang) នៅភាគខាងត្បូង មានភាពទាក់ទាញជាមួយនឹងពណ៌ខ្មៅរលោងពិសេស ជ្រលក់ពណ៌ពីផ្លែឈើក្នុងស្រុក បង្កើតភាពធន់ខ្ពស់ ប្រើប្រាស់បានយូរ។ ភូមិសិប្បកម្មទាំងនេះមិនត្រឹមតែជាកន្លែងផលិតផលិតផលសូត្រដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងជាកន្លែងអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីរបស់វៀតណាមទៀតផង។

ជាបន្តកម្មវិធី គឺសំបុត្ររបស់មិត្តអ្នកស្តាប់ ឡេង ប៊ុណ្ណា កម្ពុជា ដែលចង់ស្វែងយល់អំពីតំបន់ទេសចរណ៍ដ៏ទាក់ទាញក្នុងខេត្ត Quang Ninh។

ការឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ក្នុងសប្ដាហ៍កន្លងទៅ - ảnh 2ក្រៅពីសម្រស់ធម្មជាតិ ខេត្ត ក្វាងនីញ ក៏មានសកម្មភាពទេសចរណ៍ចម្រុះ និងសម្បូរបែប ។ រូបថត៖ baoquangninh

មិត្តអ្នកស្តាប់ឡេង ប៊ុណ្ណា និងប្រិយមិត្តជាទីមេត្រី។ ខេត្តក្វាងនីញ ជាត្បូងពេជ្រនៃតំបន់ភាគឦសានប្រទេសវៀតណាម មិនត្រឹមតែល្បីល្បាញជាមួយឈូងសមុទ្រហាឡុងដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងមានគោលដៅដ៏គួរឲ្យទាក់ទាញជាច្រើនទៀតផងដែរ។ ចាប់ពីកោះធម្មជាតិដូចជាកោះ កូតូ កោះ Quan Lan ជាមួយទឹកសមុទ្រពណ៌ខៀវស្រងាត់ និងឆ្នេរខ្សាច់ពណ៌ស រហូតដល់តំបន់ទេសចរណ៍ទំនើបៗដូចជាកោះ Tuan Chau ជាកន្លែងដែលភ្ញៀវទេសចរអាចរីករាយជាមយយនឹងសេវាកម្មស្នាក់នៅលំដាប់ខ្ពស់ និងសកម្មភាពកម្សាន្តដ៏រស់រវើក។ ខេត្តក្វាងនីញក៏ជាកន្លែងរក្សាទុកនូវតម្លៃវប្បធម៌ប្រវត្តិសាស្ត្រដ៏យូរលង់ ជាមួយនឹងរមណីយដ្ឋានប្រវត្តិសាស្ត្រ Yen Tu ដ៏ស័ក្តិសិទ្ធិ និដែលផ្សារភ្ជាប់នឹងរាជវង្ស Tran ក្នុងប្រវត្តិសាស្ត្រវៀតណាម។ ក្រៅពីនោះ ក៏មានលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃបណ្តាភូមិជនជាតិភាគតិចនៅឃុំ Binh Lieu ទៀតផង។ ភ្ញៀវទេសចរដែលមកកាន់ខេត្ត ក្វាងនីញ មិនត្រឹមតែបានទស្សនាសម្រស់ធម្មជាតិដ៏អស្ចារ្យប៉ុណ្ណោះទេ ថែមទាំងមានឱកាសស្វែងយល់ពីលក្ខណៈវប្បធម៌វិសេសវិសាល និងពិសោធន៍សកម្មភាពទេសចរណ៍ចម្រុះ និងសម្បូរបែបផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។ សូមជំរាបលា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ