ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន
(VOVWORLD) - ប្រិយមិត្តអ្នកស្តាប់ជាទីមេត្រី! ក្នុងសប្តាហ៍កន្លងមក កម្មវិធីផ្សាយសំឡេងជាភាសាខ្មែរទទួលបានសំបុត្រនិងអ៊ីមែលចំនួន ១១ ពីមិត្តអ្នកស្តាប់។
មិត្តហេង គន្ធា បានផ្ញើអ៊ីមែលមកយើងពីរាជធានីភ្នំពេញ ដោយចែក រំលែកព័ត៌មានលម្អិតអំពីកម្មវិធីវិទ្យុនីមួយៗដែលមិត្តបានតាមដាន។ នៅក្នុងសំបុត្ររបស់មិត្តផ្ញើមកកាន់កម្មវិធី មិត្តបានបង្ហាញពីចំណាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍វេទិកាអនាគតអាស៊ានដែលបានធ្វើឡើង នៅប្រទេស វៀតណាមកាលពីសប្តាហ៍មុន៖ “ខ្ញុំបានដឹងថា ក្នុងការរៀបចំឡើងជាលើកទីមួយនៅឆ្នាំ ២០២៤ វេទិការអនាគតអាស៊ាន AFF បានទាក់ទាញការចូលរួមរបស់អ្នកប្រាជ្ញអន្តរជាតិចំនួន ៩០ នាក់។ ប៉ុន្តែឆ្នាំនេះចំនួននេះលើសពី ២០០ នាក់ ដែលច្រើនជាងទ្វេដង ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ។ ប្រការនេះបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងនៅក្នុងវេទិកា និងបញ្ជាក់ពីសារៈសំខាន់នៃការគ្រប់គ្រងទំនាក់ទំនងបច្ចុប្បន្ន ក៏ដូចជាការគិតគូរអំពីអនាគតរបស់អាស៊ាន។ ជោគជ័យនៃវេទិកាអនាគតអាស៊ានលើកទី២ ឆ្នាំ២០២៥ បានបញ្ជាក់ជាថ្មីម្តងទៀតនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការក្លាយជាសមាជិកសកម្ម មានការទទួលខុសត្រូវក្នុងការកសាង សហគមន៍អាស៊ាន”។
តាងនាមកម្មវិធី យើងខ្ញុំសូមថ្លែងអំណរគុណចំពោះលោក ហេង គន្ធា ដែលតែងតែរួមដំណើរជាមួយកម្មវិធីវិទ្យុរបស់យើងខ្ញុំ។ ដូចប្រិយមិត្តបានដឹងស្រាប់ហើយថា វេទិកាអនាគតអាស៊ានលើកទី២ (AFF) នៅប្រទេសវៀ តណាម ដែលប្រព្រឹត្តទៅពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកុម្ភៈ បានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ដោយបានទាក់ទាញគណៈប្រតិភូជាង ៦០០ នាក់មកចូលរួមដោយផ្ទាល់ ក្នុងនោះមានប្រតិភូអន្តរជាតិជាង ២៣០ នាក់។ របៀបវារៈ AFF ២០២៥ បានលើកយកបញ្ហាសំខាន់ៗជាច្រើន ចាប់ពីនិន្នាការធំរហូតដល់តួនាទីរបស់ស្ត្រីក្នុងការកសាងសន្តិភាព ការពិនិត្យឡើងវិញនូវគោលការណ៍ជាមូលដ្ឋានរបស់អាស៊ាន អភិបាលកិច្ចនៃបច្ចេកវិទ្យាដែលកំពុងរីកចម្រើន...។
មកពីខេត្តស្វាយរៀង (កម្ពុជា) មិត្តអ្នកស្តាប់ សុជាតា ផ្ញើសំបុត្រមកកម្មវិធី ចង់ដឹងដំពីទឹកជ្រោះទឹកក្តៅរ៉ែធម្មជាតិ ដែលមានកម្រិតក្តៅជាងគេនៅប្រទេសវៀតណាម។ ខាងក្រោមនេះយើងខ្ញុំនឹងជម្រាបជូនមិត្តអ្នកស្តាប់ សុជាតា និងលោកអ្នកអំពីប្រភពជ្រោះទឹកក្តៅដែលមានចំណុចក្តៅបំផុតនៅប្រទេសវៀតណាម។
អណ្តូងរ៉ែក្តៅដែលមានកម្រិតពុះខ្ពស់បំផុតនៅប្រទេសវៀតណាមគឺជ្រោះទឹកក្តៅ Bang ដែលមានទីតាំងនៅឃុំ Kim Thuy ស្រុក Le Thuy ខេត្ត Quang Binh (រូបថត៖ baoquangbinh.vn) |
អណ្តូងរ៉ែក្តៅដែលមានកម្រិតពុះខ្ពស់បំផុតនៅប្រទេសវៀតណាមគឺជ្រោះទឹកក្តៅ Bang ដែលមានទីតាំងនៅឃុំ Kim Thuy ស្រុក Le Thuy ខេត្ត Quang Binh។ ដោយមានសីតុណ្ហភាពក្តៅដល់ទៅ១០៥ អង្សាសេ ទឹកក្តៅ Bang ត្រូវបានគេទទួលស្គាល់ថាជា "ជ្រោះទឹកក្តៅ Bang - ជ្រោះទឹកក្តៅដែលមានសីតុណ្ហភាពក្តៅបំផុតក្នុងប្រទេសវៀតណាម"។ ជ្រោះទឹកក្តៅ Bang គឺជាប្រភពទឹករ៉ែក្តៅដែលផ្ទុះចេញពីដីរាប់លានឆ្នាំមកហើយ ជាមួយនឹងកម្រិតក្តៅដែលតែងតែរក្សានៅសីតុណ្ហភាព ១០៥ អង្សាសេ តាំងពីបុរាណកាលមក ជនជាតិ Van Kieu បានចាត់ទុកជ្រោះទឹកក្តៅ Bang ជា "កំណប់ទ្រព្យ" ដែលមាតាធម្មជាតិបានប្រទានឱ្យដើម្បីព្យាបាលជំងឺ និងស្តារសុខភាពឡើងវិញ។ ក្នុងអំឡុងសង្រ្គាម ជ្រោះទឹកក្តៅ Bang គឺជាអាសយដ្ឋានរបស់កងទ័ព Truong Son។ យុទ្ធជនរងរបួស និងឈឺជាច្រើននាក់បានជាសះស្បើយ ដោយសារត្រាំក្នុងជ្រោះទឹក Bang។ ជ្រោះទឹកក្តៅ Bang ត្រូវបានអ្នកវិទ្យាសាស្ត្រវាយតម្លៃថា ជាប្រភពទឹករ៉ែក្តៅធម្មជាតិ ដែលមានសារធាតុរ៉ែដ៏កម្រជាច្រើន ជាមួយនឹងឥទ្ធិពលឱសថសាស្ត្រ ដែលល្អខ្លាំងណាស់ក្នុងការជួយព្យាបាល និងការស្តារសុខភាពមនុស្សឡើងវិញ។
អ្នកនាង សុខ សោភា និស្សិតខ្មែរដែលកំពុងសិក្សានៅទីក្រុងហាណូយ បានផ្ញើលិខិតមកកាន់កម្មវិធី ហើយប្រិយមិត្តចង់ដឹងពីភូមិប្រហិត Uoc Le ។ នៅបន្តកម្មវិធី យើងសូមផ្ញើជូនប្រិយមិត្តនូវព័ត៌មានមួយចំនួនអំពីភូមិសិប្បកម្មប្រពៃណីធ្វើប្រហិតល្បីល្បាញនៅវៀតណាម ជាពិសេសនៅទីក្រុងហាណូយ។
ប្រហិត Uoc Le (រូបថត៖ TTXVN) |
មិត្ត សុខ សោភាជាទីមេត្រី! ជាភូមិបុរាណមួយនៅឃុំ Tan Uoc ស្រុក Thanh Oai ទីក្រុងហាណូយ ភូមិប្រហិត Uoc Le ត្រូវបានគេស្គាល់ថាមានអាជីពជាប្រពៃណីនៃការធ្វើប្រហិតល្បីល្បាញទូទាំងប្រទេស។ ប្រហិត Uoc Le បានចូលក្នុងវប្បធម៌ម្ហូបអាហាររបស់វៀតណាម។ មុខរបរធ្វើប្រហិតនៅក្នុងភូមិមានប្រហែល ៥០០ ឆ្នាំមកហើយ។ ដំណើរការធ្វើប្រហិតនៅភូមិ Uoc Le គឺតឹងរ៉ឹងណាស់ ហើយទាមទារភាពល្អិតល្អន់។ សិប្បករនឹងរើសសាច់ជ្រូកស្រស់ រួចកិនលាយជាមួយគ្រឿងទេសដូចជា អំបិល ស្ករ ម្រេច និងទឹកត្រី។ បន្ទាប់មក ល្បាយនេះត្រូវបានដាក់ចូលជាដំប្រហិតនីមួយៗ។ ប្រហិត Uoc Le គឺជាមុខម្ហូបពិសេសដ៏ល្បីល្បាញរបស់ទីក្រុងហាណូយ ដែលត្រូវបានគេស្គាល់ថាមានរសជាតិឆ្ងាញ់ និងគុណភាពខ្ពស់។ ប្រហិតនេះ ត្រូវបានបម្រើជាញឹកញាប់ក្នុងអាហារជាលក្ខណៈគ្រួសារ ពិធីបុណ្យ និងឱកាសពិសេស។ ប្រសិនបើអ្នកចង់ស្វែងយល់ពីភូមិប្រហិត Uoc Le អ្នកអាចចូលរួមដំណើរទេសចរណ៍ភូមិសិប្បកម្មប្រពៃណី។ ដំណើរកម្សាន្តទាំងនេះនឹងជួយអ្នកឱ្យយល់កាន់តែច្បាស់អំពីដំណើរការផលិតប្រហិត ក៏ដូចជាមានឱកាសដើម្បីរីករាយជាមួយអាហារពិសេសរបស់ភូមិ៕