English Vietnamese Chinese French German Indonesian Japanese Khmer Korean Laotian Russian Spanish Thai

16°C - 26°C

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន

(VOVWORLD) - ជំរៀបសួរមិត្តអ្នកស្ដាប់ជាទីគោរព។ ក្នុងសប្តាហ៍កន្លងទៅ កម្មវិធីផ្សាយជាភាសាខ្មែរមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបន្តទទួលបានសំបុត្រ និងអ៊ីមែលចំនួន ១២ ពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា ក្នុងចំណោមសំបុត្រសរុបជាង ៤០០ ដែលត្រូវបានផ្ញើមកកាន់ប៉ូស្តិ៍ VOV5។


កាលពីសប្តាហ៍មុន ព័ត៌មាននិងអត្ថបទអំពីពិធីបុណ្យដើមឆ្នាំថ្មី និងសកម្មភាពអំណរនិទាឃរដូវនៅទូទាំងប្រទេសវៀតណាម ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តអ្នកស្តាប់ និងមិត្តអ្នកអានកម្ពុជា។ លោក សុគន្ធារិទ្ធ នៅទីក្រុងភ្នំពេញបានផ្ញើសំបុត្រមួយដោយចែករំលែកថា៖ “ពិធីបុណ្យដើមឆ្នាំថ្មីរបស់វៀតណាមពិតជាគួរឲ្យចាប់អារម្មណ៍ និងបង្ហាញពីលក្ខណៈវប្បធម៌នៃតំបន់នីមួយៗ។ ខ្ញុំសង្ឃឹមថា អ្នកនឹងមានខ្លឹមសារបន្ថែមទៀតដែលឆ្លុះបញ្ចាំងអំពីពិធីបុណ្យទាំងនេះ»។

លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី! នៅពេលបុណ្យតេត និងនិទាឃរដូវមកដល់ម្ដងៗ ប្រជាជនវៀតណាមទូទាំងប្រទេស តែងតែអន្ទះសារនាំគ្នាទៅលេងបុណ្យនិទាឃរដូវ។ តាមរយៈពេលវេលា ប្រពៃណីនេះនៅតែបន្តត្រូវបានអភិរក្សនិងអភិវឌ្ឍន៍ដែលក្លាយជាលក្ខណៈស្រស់ស្អាតមួយនាដើមឆ្នាំថ្មី។ ពិធីបុណ្យនីមួយៗបង្កប់នូវលក្ខណៈពិសេស និងគុណតម្លៃរៀងៗខ្លួន ដែលជួយឱ្យមនុស្សជំនាន់ក្រោយយល់អំពីគុណបំណាច់ របស់ជីដូនជីតា និងកាន់តែមានមោទនភាពចំពោះប្រពៃណីរបស់មាតុភូមិ និងប្រទេសជាតិ។ ជាទីកន្លែងដែលប្រជាជនវៀតណាមគ្រប់រូប ទៅលេងកម្សាន្តនានិទាឃរដូវ ពិធីបុណ្យក៏ជាឱកាសដើម្បីរំលឹកដល់ដូនតា បង្ហាញការគោរពដឹងគុណចំពោះបុព្វការីជន ស្វែងយល់ និងថែរក្សាសម្រស់វប្បធម៌ប្រពៃណីរបស់ជាតិផងដែរ។ ដោយបានប្រារព្ធធ្វើឡើងនៅគ្រប់តំបន់ ខេត្ត ក្រុង ពិធីបុណ្យធំៗជាច្រើនបានក្លាយទៅជាម៉ាកយីហោទេសចរណ៍វប្បធម៌ដែលទាក់ទាញភ្ញៀវទេសចររាប់សែននាក់ដូចជា៖ ពិធីបុណ្យវត្ត Huong ពិធីបុណ្យនិទាឃរដូវ Yen Tu ពិធីបុណ្យវិហារស្ដេច Hung... ប្រសិនបើអ្នកមានឱកាសមកវៀតណាមនានិទាឃរដូវ អ្នកគួរតែឆ្លៀតពេលចូលរួមពិធីបុណ្យនិទាឃរដូវណាមួយ ដើម្បីស្វែងយល់ពីភាពស្រស់ស្អាតរបស់ទឹកដី មនុស្ស និងវប្បធម៌វៀតណាម។ វាប្រាកដប្រជាថា នឹងក្លាយជាបទពិសោធន៍ដ៏គួរឲ្យចាប់អារម្មណ៍ និងមិនអាចបំភ្លេចបាន។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន - ảnh 1ពិធីបុណ្យ Tich Dien ឆ្នាំ២០២៥ប្រព្រឹត្តទៅនៅទីរួមស្រុក Duy Tien ខេត្ត Ha Nam។ (រូបថត៖ VOV)

ក៏ទាក់ទងនឹងប្រធានបទនៃពិធីបុណ្យនិទាឃរដូវ មិត្តអ្នកស្តាប់ ស៊ុន ផល នៅរាជធានីភ្នំពេញ បានផ្ញើសំណួរមកកាន់កម្មវិធីថា៖ «កម្ពុជា និងវៀតណាម សុទ្ធតែជាប្រទេសដែលផ្តល់តម្លៃលើវិស័យកសិកម្ម។ កាលពីសប្តាហ៍មុន ខ្ញុំបានអានព័ត៌មានអំពីពិធីបុណ្យ Tich Dien នៅប្រទេសវៀតណាម ហើយចង់ស្តាប់បន្ថែមទៀតអំពីពិធីបុណ្យនេះ ព្រោះនៅក្នុងប្រទេសកម្ពុជាក៏មានទិវាបុណ្យមួយដែលមានអត្ថន័យស្រដៀងគ្នាដែរ"។

មិត្ត ស៊ុន ផល និងមិត្តអ្នកស្តាប់ជាទីមេត្រី! ជាទូទៅ ពិធីបុណ្យ Tich Dien Doi Son របស់ វៀតណាម និងព្រះរាជពិធីច្រត់ព្រះនង្គ័លរបស់កម្ពុជា មានភាពស្រដៀងគ្នាជា ច្រើន ដោយបង្កប់នូវអត្ថន័យ លើកទឹកចិត្តប្រជាកសិករឲ្យខិតខំប្រឹងប្រែងធ្វើពលកម្ម បួងសួងសុំឲ្យអាកាសធាតុនិងរដូវអំណោយផល។ យោងតាមឯកសារប្រវត្តិសាស្ត្រ កាលពី១០៣០ឆ្នាំមុន ស្តេច Le Dai Hanh ដែលមានការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ វិស័យកសិកម្ម បានយាងទៅកាន់តំបន់ភ្នំ Doi ទន្លេ Chau (សព្វថ្ងៃគឺស្ថិតនៅទីរួមស្រុក Duy Tien ខេត្ត Ha Nam) ដើម្បីបំផុសពិធីបុណ្យចុះស្រែនៅដើមឆ្នាំថ្មី ហើយទ្រង់ក៏បាន កាន់នង្គ័លចុះស្រែដោយខ្លួនឯងផងដែរ។ ចាប់តាំងពីពេលនោះមក ពិធីបុណ្យច្រត់ ព្រះនង្គ័លត្រូវបានចាត់ទុកថា ជាថ្ងៃបុណ្យជាតិ និងជាពិធីបុណ្យចុះស្រែដ៏ធំបំផុតនៃតំបន់ ដីសណ្ដភាគខាងជើង។ ពិធីបុណ្យនេះក៏ត្រូវបានរដ្ឋទទួលស្គាល់ថាជា “បេតិកភណ្ឌ វប្បធម៌អរូបីជាតិ” ជាពិធីបុណ្យមួយដ៏សម្បូរទៅដោយលក្ខណៈមនុស្សសាស្ត្រ មាន អត្ថន័យដ៏ជ្រាលជ្រៅក្នុងការលើកទឹកចិត្តការធ្វើកសិកម្ម បង្ហាញពីការដឹងគុណចំពោះ បុព្វបុរសក្នុងការគាស់រានដី ពង្រីកផ្ទៃដីស្រែ លើកត្រដែតទស្សនៈទានថា៖ យកកសិកម្មជាមូល ដ្ឋានគ្រឹះនៃស្ថិរភាពជាតិ និងស្ថិរភាពសង្គម។

ការឆ្លើយសំបុត្ររបស់មិត្តអ្នកស្ដាប់និងមិត្តអ្នកអាន - ảnh 2ប្រជាជននៅភ្ញៀវទេសចរមកទស្សនាការតាំងពិព័រណ៍ចង្កៀងគោមអន្តរជាតិ Ocean ឆ្នាំ២០២៥។ (រូបថត៖ VOV)

ហើយនៅក្នុងផ្នែកចុងក្រោយនៃកម្មវិធីប្រអប់សំបុត្រមិត្តអ្នកស្ដាប់សប្តាហ៍នេះ យើងសូមណែនាំជូនប្រិយមិត្តអំពីការតាំងពិព័រណ៍ចង្កៀងគោមអន្តរជាតិ Ocean ដែលជាព្រឹត្តិការណ៍កម្សាន្ត-សិល្បៈដ៏ទាក់ទាញ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសវៀតណាម តាមសំណើរបស់មិត្តអ្នកស្តាប់ សុង សារិទ្ធ និស្សិតខ្មែរដែលកំពុងសិក្សានៅទីក្រុងហាណូយ។

លោកអ្នកនាងនិងប្រិយមិត្តជាទីគោរព! ការតាំងពិព័រណ៍ចង្កៀងគោមអន្តរជាតិ Ocean ឆ្នាំ២០២៥ គឺជាព្រឹត្តិការណ៍មួយក្នុងក្របខ័ណ្ឌនៃពិធីបុណ្យពន្លឺបូព៌ា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៨ ខែមករា ដល់ថ្ងៃទី ១៦ ខែមីនា នៅតំបន់ទីក្រុង Vinhomes Ocean Park ២ (Van Giang, Hung Yen) ដោយទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកទស្សនា និងកម្សាន្ត។ ដោយបានប្រមូលផ្តុំស្នាដៃធំៗចំនួន ៣០ មកពីប្រទេសឈានមុខចំនួន ៥ ក្នុងសិល្បៈចង្កៀងគោម រួមមាន៖ ចិន ជប៉ុន កូរ៉េខាងត្បូង ថៃ និងវៀតណាមនោះ ការតាំងពិពណ៌ចង្កៀងគោមអន្តរជាតិ Ocean គឺជាការគួបផ្សំបែបសិល្បៈរវាងពន្លឺ និងវប្បធម៌ ដែលនិទានរឿងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំក្នុងបរិយាកាសចម្រុះពណ៌ និងច្នៃប្រឌិត។ លាតសន្ធឹងតាមដងផ្លូវប្រហែល ២ គីឡូម៉ែត្រ គឺជាគំរូចង្កៀងគោមយក្ស ដែលបំផុសគំនិតពីរឿងព្រេងនិទានរបស់វៀតណាម និងប្រទេសផ្សេងៗដូចជារូបភាពបិតាមាតាជាតិ Lac Long Quan - Au Co, ព្រះ Giong, ត្រីគល់រាំងប្រែក្លាយជានាគ, នាគសយក្ស វាំងមច្ឆា... ជាពិសេស ភ្ញៀវទេសចរក៏អាចគយគន់ស្នាដៃដែលបានបង្កើតកំណត់ត្រាសម្រាប់ចង្កៀងគោមដ៏ធំបំផុតនៅវៀតណាមដោយមានឈ្មោះថា "ដួងព្រលឹងពិសិដ្ឋវៀតណាម"។ ស្នាដៃនេះបង្កើតឡើងវិញនូវរូបភាពទីក្រុងបុរាណ Hoi An ខ្នាតតូចមួយ ជាមួយនឹងទូកដែលពោរពេញទៅដោយប្រទីបចម្រុះពណ៌។ ក្រៅពីការតាំងពិពណ៌ចង្កៀងគោមសិល្បៈ ក្នុងក្របខ័ណ្ឌពិធីបុណ្យពន្លឺបូព៌ាឆ្នាំ ២០២៥ ក៏មានព្រឹត្តិការណ៍និងសកម្មភាពកម្សាន្តដ៏វិសេសវិសាល ដែលអូសបន្លាយក្នុងអំឡុងពេល ៥៨ ថ្ងៃ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ