កិច្ចសន្ទនាព្រំដែនថៃ-កម្ពុជា៖ ឱកាសបើកចេញសន្តិភាពប្រកបដោយនិរន្តរភាព
(VOVWORLD) - រដ្ឋាភិបាលថៃនាព្រឹកថ្ងៃទី ៧ សីហា បានឲ្យដឹងថា គណៈប្រតិភូថៃដឹកនាំដោយនាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិ កំពុងមានវត្តមាននៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅ ថ្នាក់រដ្ឋមន្ត្រីការពារជាតិជាមួយកម្ពុជា។
ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនកិច្ចប្រជុំ លោក Nattaphon Narkphanit បានបញ្ជាក់ថា កិច្ចសន្ទនាថ្នាក់លេខាធិការដ្ឋានរវាងប្រទេសទាំងពីរកាលពីមុននោះ បានឈានដល់សេចក្តីព្រាងសំណើរួមមួយ។ សំណើនេះត្រូវបានដាក់ជូនក្រុមប្រឹក្សាសន្តិសុខជាតិ និងខុទ្ទកាល័យរដ្ឋាភិបាលថៃ ដើម្បីពិចារណាក្នុងកិច្ចប្រជុំមួយនាថ្ងៃទី ៦ សីហា។ រដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិថៃ បានបន្ថែមថា កិច្ចព្រមព្រៀងឈប់បាញ់រវាងប្រទេសទាំងពីរនឹងត្រូវបានពង្រីកនិងបង្កើនតាមរយៈកិច្ចសហប្រតិបត្តិការ ៣កម្រិត។ ក្នុងនោះ កិច្ចប្រជុំថ្ងៃនេះជាកម្រិតទី២ ប្រសិនបើទទួលបានជោគជ័យ វានឹងបង្កើតសន្ទុះ និងលក្ខខណ្ឌអំណោយផល ដើម្បីជំរុញយន្តការសហប្រតិបត្តិការទ្វេភាគីផ្សេងទៀត រវាងប្រទេសទាំងពីរ ឆ្ពោះទៅរកការរក្សាសន្តិភាពយូរអង្វែង។
គណៈប្រតិភូជាន់ខ្ពស់ថៃនៅអាកាសយានដ្ឋានដនមឿង (ថៃ) ត្រៀមចេញដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ GBC ជាមួយកម្ពុជា ។ ប្រភព៖ រដ្ឋាភិបាលថៃ |
កិច្ចប្រជុំថ្ងៃនេះ ក៏មានវត្តមានតំណាងមកពីប្រទេសចំនួនបី គឺសហរដ្ឋអាមេរិក ចិន និងម៉ាឡេស៊ី ក្នុងនាមជាអ្នកសង្កេតការណ៍ផងដែរ៕