ការនាំចូលនិងនាំចេញត្រូវបានព្យាករណ៍នឹងកើនឡើងពីរខ្ទង់នៅឆ្នាំ២០២៥
(VOVWORLD) - ផលប៉ះពាល់សេដ្ឋកិច្ចពីឆ្នាំនេះនឹងបន្តអូសបន្លាយ ជាមួយនឹងការវិវឌ្ឍន៍ថ្មីផ្នែកភូមិសាស្ត្រនយោបាយ ដែលនឹងបន្តជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចសកលនៅឆ្នាំ ២០២៥ រួមទាំងវៀតណាមផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញនៅតែជាប្រៀបខ្លាំងដែលជួយវៀតណាមរក្សាសន្ទុះកំណើនដ៏ល្អក្នុងឆ្នាំខាងមុខ។ នេះជាមតិដែលបានធ្វើឡើងក្នុងសន្និសីទវិនិយោគឆ្នាំ២០២៥ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ១២ ធ្នូ នៅទីក្រុងហាណូយ។
នៅក្នុងសិក្ខាសាលា អ្នកជំនាញបានឲ្យដឹងថា ការនាំចេញនៅឆ្នាំ២០២៥ នឹងបន្តមានកំណើនល្អ អាស្រ័យដោយកម្លាំងចលករមានស្រាប់ពីឆ្នាំ ២០២៤។ យោងតាមក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ការនាំចេញសរុបក្នុងរយៈពេល ១០ ខែ បានកើនឡើង ១៥,៨% ខ្ពស់ជាង ៣ ដង បើធៀបនឹងគោលដៅដែលរដ្ឋាភិបាលដាក់ចេញនៅឆ្នាំនេះ - ប្រហែល ៦%; អតិរេកពាណិជ្ជកម្មត្រូវបានរក្សានៅកម្រិតខ្ពស់។ ទន្ទឹមនឹងនោះ អតិផរណានៅក្នុងទីផ្សារនាំចេញសំខាន់ៗរបស់វៀតណាម គឺសហរដ្ឋអាមេរិកនិងអឺរ៉ុបត្រូវបានគ្រប់គ្រងយ៉ាងល្អ ហើយកម្លាំងទិញបានកើនឡើងម្តងទៀត ដែលជួយឱ្យអាជីវកម្មវៀតណាមមានឱកាសពង្រីកអតិថិជនកាន់តែច្រើន។
រូបភាព៖ VOV |
លោក Luong Van Khoi នាយករងវិទ្យាស្ថានស្រាវជ្រាវគ្រប់គ្រងសេដ្ឋកិច្ចមជ្ឈិមបានមានប្រសាសន៍ថា៖ “ការនាំចេញនឹងនៅតែមាននិន្នាការកើនឡើងយ៉ាងខ្លាំង។ ព្រោះបច្ចុប្បន្នយើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៦ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីដូចជា CPTPP, EVFTA ក៏ដូចជា RCEP ។ ទាំងនេះគឺជាទីផ្សារដែលយើងធ្វើអាជីវកម្មបានយ៉ាងល្អ មានប្រសិទ្ធភាព និងរួមចំណែកដល់កំណើនពាណិជ្ជកម្ម។ ការផ្ទេរចរន្តដើមទុនវិនិយោគពីប្រទេសជិតខាងមកប្រទេសយើងក៏បានកើនឡើងយ៉ាងខ្លាំង”៕