ការបោះជំហានគួរឲ្យកត់សម្គាល់ដើម្បីនាំវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាក្នុងតំបន់
(VOVWORLD) - ការដែលក្រុមហ៊ុនផលិតបន្ទះឈីប Nvidia (សហរដ្ឋអាមេរិក) ចុះហត្ថលេខាលើ កិច្ចព្រមព្រៀងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និង មជ្ឈមណ្ឌលទិន្នន័យ AI នៅក្នុងប្រទេសវៀតណាម គឺជាការបោះជំហានគួរឲ្យកត់ សម្គាល់ក្នុងផែនការប្រែក្លាយវៀតណាមទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យាក្នុងតំបន់។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Jensen Huang ប្រធាននិងជាអគ្គនាយកNvidia ធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) និងមជ្ឈមណ្ឌលទិន្នន័យ AI នៅវៀតណាម។
(រូបថត៖ Duong Giang/TTXVN) |
នាយកប្រតិបត្តិ (CEO) របស់ Nvidia លោក Jensen Huang កាលពីថ្ងៃទី ៩ ខែធ្នូ បានបញ្ជាក់ថា៖ វៀតណាមមានប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើក រួមមានអ្នកស្រាវជ្រាវ អ្នកចាប់ផ្តើមអាជីវកម្ម និងសហគ្រាស ដែលបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់វិស័យ AI នៅទីនេះ។ Nvidia ចាត់ទុកវៀតណាមជា "ផ្ទះទីពីរ" ហើយប្តេជ្ញាបន្តពង្រីកការវិនិយោគ គាំទ្រការបណ្តុះបណ្តាលអ្នកមានទេពកោសល្យ ក៏ដូចជាកសាងហេដ្ឋារចនាសម្ព័ន្ធ ឌីជីថលនៅក្នុងប្រទេសវៀតណាមផងដែរ។ ការដែល Nvidia ជ្រើសរើសវៀតណាមជា គោលដៅវិនិយោគជាយុទ្ធសាស្រ្ត បានបង្ហាញពីឋានៈកាន់តែសំខាន់របស់ប្រទេសនេះ នៅលើផែនទីបច្ចេកវិទ្យាក្នុងតំបន់ និងលើពិភពលោក។
នាថ្ងៃដដែល គេហទំព័រ opengovasia.com (សិង្ហបុរី) បានឲ្យដឹងថា ការដែល សមាគមសូហ្វវ៉ែនិងសេវាបច្ចេកវិទ្យាព័ត៌មានវៀតណាម (VINASA) ប្រកាសបង្កើត គណៈកម្មាធិការសីលធម៌ AI បានពង្រឹងឋានៈរបស់វៀតណាម ដូច អ្នកត្រួសត្រាយ មួយក្នុងការកសាងគោលនយោបាយ AI ប្រកបដោយការទទួលខុសត្រូវ។ សាស្ត្រាចារ្យ Yoshua Bengio ស្ថាបនិកវិទ្យាស្ថានស្រាវជ្រាវ AI Mila (កាណាដា) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម ហើយបានហៅនេះជា ការបោះជំហានទៅមុខដ៏សំខាន់ ដើម្បីធានាថា AI នៅវៀតណាមនឹងគោរពតាម ស្តង់ដារសកលអំពីតម្លាភាព គណនេយ្យភាព និងផលប្រយោជន៍សង្គម៕