គ្រោះថ្នាក់នៅពីក្រោយការលេចធ្លាយព័ត៌មានលើកម្មវិធី Signal
(VOVWORLD) - ព័ត៌មានលម្អិតនៃការវាយប្រហារដោយកងទ័ពអាមេរិកប្រឆាំងនឹងកងកម្លាំង Houthi ក្នុងប្រទេសយេម៉ែន ត្រូវបានចែករំលែកដោយចៃដន្យជាមួយអ្នកកាសែតម្នាក់នៃទស្សនាវដ្តី The Atlantic តាមរយៈកម្មវិធីផ្ញើសារ Signal ដែលនាំមកនូវការចាប់អារម្មណ៍យ៉ាងខ្លាំងនិងគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ។ ឧបទ្ទវហេតុនេះអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប។
នៅក្នុងការជជែកជាក្រុម មានការសន្ទនាដ៏គួរឱ្យភ្ញាក់ផ្អើលមួយ មិនមែនដោយសារតែវាបង្ហាញអ្វីថ្មីនោះទេ ប៉ុន្តែដោយសារតែសេចក្តីប្រកាសនិងទស្សនៈច្បាស់លាស់របស់សមាជិកជាន់ខ្ពស់នៃរដ្ឋបាលប្រធានាធិបតី Donald Trump ចំពោះអឺរ៉ុប។ ខ្លឹមសារនៃការសន្ទនារួមមានសំណើដើម្បីបញ្ឈប់ការវាយប្រហារលើកងកម្លាំង Houthi ព្រោះប្រការនេះ មានអត្ថប្រយោជន៍ដល់សេដ្ឋកិច្ចអឺរ៉ុបច្រើនជាងអាមេរិក។
រូបភាព៖ Reuters |
លោកអនុប្រធានាធិបតី Vance បានសរសេរថា "ខ្ញុំគិតថាយើងកំពុងធ្វើខុស។ ៣% នៃពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកឆ្លងកាត់ព្រែកជីកស៊ុយអេ។ ប៉ុន្តែ អឺរ៉ុបមាន ៤០% នៃពាណិជ្ជកម្មឆ្លងកាត់តំបន់នេះ។ ខ្ញុំមិនប្រាកដថាលោកប្រធានាធិបតីយល់ឃើញថា ប្រការនេះមិនស៊ីសង្វាក់គ្នាជាមួយនឹងសាររបស់លោកចំពោះអឺរ៉ុបនៅពេលនេះ។ ខ្ញុំពិតជាស្អប់ការសង្គ្រោះអឺរ៉ុបម្តងទៀត" ។
ក្នុងពេលនោះ រដ្ឋមន្ត្រីការពារជាតិ លោក Hegseth បានគាំទ្រការវាយប្រហារនេះ ប៉ុន្តែបានបង្ហាញពីទស្សនៈដូចគ្នានឹងអនុប្រធានាធិបតី Vance ។ ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុត ការសម្របសម្រួលមួយត្រូវបានដាក់ចេញ នៅពេលដែលសហរដ្ឋអាមេរិកបន្តធ្វើការវាយប្រហារ ប៉ុន្តែទាមទារឱ្យអឺរ៉ុបបង់ថ្លៃ។ ទីប្រឹក្សាសន្តិសុខជាតិ លោក Michael Waltz បានសរសេរថា "តបតាមសំណើរបស់ប្រធានាធិបតី យើងកំពុងសម្របសម្រួលជាមួយក្រសួងការពារជាតិ និងក្រសួងការបរទេស ដើម្បីកំណត់ការចំណាយពាក់ព័ន្ធ និងដាក់បន្ទុកលើអឺរ៉ុប"។
លេខាធិការសារព័ត៌មានសេតវិមាន Karoline Leavitt ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៦ ខែមីនា។ រូបថត៖ Reuters |
កិច្ចសន្ទនានេះត្រូវបានចាត់ទុកថា ស្របតាមគោលជំហរដែលរដ្ឋបាលអាមេរិកបានអនុវត្តចំពោះអឺរ៉ុបនាពេលថ្មីៗនេះ ជាពិសេសទាក់ទងនឹងការរួមចំណែកដល់អង្គការណាតូ និងជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ការលេចធ្លាយនេះ អាចបង្កឱ្យមានភាពតានតឹងថ្មីរវាងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនាពេលខាងមុខ។ សរសេរនៅលើបណ្តាញសង្គម X នៅថ្ងៃទី ២៦ ខែមីនា អតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Guy Verhofstadt បានសម្តែងថា "សារទាំងនេះគឺជាការដាស់តឿនមួយទៀតដែលបង្ហាញថា អឺរ៉ុបត្រូវការមានខឿនការពារជាតិពិតប្រាកដ។ តើដល់ពេលណាទើបមេដឹកនាំ EU ធ្វើសកម្មភាពជាក់ស្តែង?"៕