ជំនួយសុខភាពសកលធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៥ ឆ្នាំ
(VOVWORLD) - ការកាត់បន្ថយជំនួយបរទេសទ្រុង់ទ្រាយធំ នឹងជំរុញឱ្យប្រភពជំនួយសុខភាពពិភពលោកធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ១៥ ឆ្នាំ ដែលគូសសញ្ញាការធ្លាក់ចុះនៃការវិនិយោគផ្នែកសុខាភិបាល ដែលធ្វើឲ្យពិភពលោកធ្លាក់ចូលទៅក្នុងយុគសម័យរឹតបន្តឹងការចំណាយផ្នែកសុខាភិបាលសកល។ នេះគឺជាការសន្និដ្ឋាននៅក្នុងរបាយការណ៍មួយរបស់ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិកដែលបានចុះផ្សាយនៅលើទស្សនាវដ្តីវេជ្ជសាស្ត្រដ៏ល្បីល្បាញ The Lancet កាលពីថ្ងៃទី ១៤ ខែកក្កដា។
យោងតាមការប៉ាន់ប្រមាណ បន្ទាប់ពីឈានដល់កំពូល ៨០ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ - ចំណុចកំពូលនៃជំងឺរាតត្បាត COVID-១៩ - ជំនួយសុខភាពសកលសរុបត្រូវបានរំពឹងថានឹងធ្លាក់ចុះដល់ ៣៩ ពាន់លានដុល្លារនៅឆ្នាំនេះ។ នេះគឺជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ២០០៩មក ។
ប្រភពជំនួយដែលផ្តល់ឲ្យការថែទាំសុខភាពសំខាន់ៗដល់ជនក្រីក្រ និងងាយរងគ្រោះបំផុតរបស់ពិភពលោក ត្រូវបានកាត់បន្ថយយ៉ាងខ្លាំងនៅឆ្នាំនេះ ក្នុងនោះសហរដ្ឋអាមេរិកនាំមុខគេ ដោយកាត់បន្ថយ ៦៧%នៃថវិកាជំនួយសុខភាពសកល បើធៀបនឹងឆ្នាំ ២០២៤។ បន្ទាប់មកគឺ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ដោយកាត់បន្ថយ ៤០% ៣៣% និង ១២%។
បណ្តាប្រទេសនៅភាគខាងត្បូងតំបន់សាហារ៉ានៃទ្វីបអាហ្រ្វិក ដូចជាប្រទេសសូម៉ាលី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងម៉ាឡាវី នឹងរងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុត ដោយសារតែថវិកាសម្រាប់សុខាភិបាលរបស់ប្រទេសទាំងនេះ ពឹងផ្អែកយ៉ាងខ្លាំងលើជំនួយអន្តរជាតិ។ លើសពីនេះ ការកាត់បន្ថយជំនួយនឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការព្យាបាលនិងការបង្ការជំងឺគ្រោះថ្នាក់ជាច្រើន រួមទាំងមេរោគហីវ/ជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺរបេងផងដែរ៕។