ជម្លោះហាម៉ាស់ –អ៊ីស្រាអែល៖ ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បន្តចរចាបទឈប់បាញ់
(VOVWORLD) - នាថ្ងៃទី ៨ ខែកក្កដា ប្រធានាធិបតីអាមេរិកលោក Donald Trump បាន ជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមានក្នុងបរិបទដែលលោក Trump បង្កើនសម្ពាធលើមេដឹកនាំអ៊ីស្រាអែល ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ ដោយបញ្ចប់វិបត្តិទាក់ទងនឹងជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប។ នេះជាជំនួបលើកទីពីរ ដែលមេដឹកនាំទាំងពីរបានជួបគ្នាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump (ឆ្វេង) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ក្នុងកិច្ចប្រជុំមួយនៅសេតវិមាន វ៉ាស៊ីនតោន ឌីស៊ី។ រូបថត៖ IRNA/TTXVN |
ថ្លែងទៅកាន់អ្នកសារព័ត៌មានអំពីជំនួបរបស់លោកជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នាថ្ងៃទី ៨ ខែកក្កដា ប្រធានាធិបតីអាមេរិក Donald Trump បានហៅស្ថានភាពនៅតំបន់ហ្គាហ្សាស្ទ្រីបថា ជាសោកនាដកម្មមួយ ដោយសារសង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប បានបង្កជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរសម្រាប់ប្រជាជនជាង ២ លាននាក់នៅឆ្នេរសមុទ្រមេឌីទែរ៉ាណេ ហើយបានបញ្ជាក់ថា លោកនិងនាយករដ្ឋមន្ត្រី Netanyahu ចង់បានដំណោះស្រាយមួយ។
ទន្ទឹមនឹងនេះដែរ បេសកជនពិសេសរបស់ប្រធានាធិបតី Trump ប្រចាំតំបន់មជ្ឈិមបូព៌ា លោក Steve Witkoff សង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងមួយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ប្រហែលជានៅចុងសប្តាហ៍នេះ។ យោងតាមលោករូបនេះ កិច្ចព្រមព្រៀងនឹងរួមបញ្ចូលការប្រគល់ចំណាប់ខ្មាំងដែលនៅរស់ចំនួន ១០ នាក់ដែលត្រូវបានចាប់ធ្វើចំណាប់ខ្មាំង ដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីនចាប់តាំងពីខែតុលាឆ្នាំ ២០២៣ រួមជាមួយនឹងសាកសពរបស់ចំណាប់ខ្មាំងប្រាំបួនផ្សេងទៀត៕