ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់៖ សហគមន៍អន្តរជាតិអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់
(VOVWORLD) - នៅក្នុងបរិបទនៃភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់ បណ្តាប្រទេសក្នុងតំបន់និងពិភពលោកអំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ក្នុងសកម្មភាពយោធា និងចាត់វិធានការបង្ការ។
អគារដែលរងការខូចខាតបន្ទាប់ពីការវាយប្រហារដោយមីស៊ីលពីអ៊ីរ៉ង់មកអ៊ីស្រាអែល នៅក្នុងក្រុង Rishon LeZion ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ (រូបថត៖ REUTERS/Ammar Awad) |
នាយប់ថ្ងៃទី ១៤ ខែមិថុនា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi មានជំនួបទូរស័ព្ទបន្ទាន់ជាបន្តបន្ទាប់ទៅកាន់សមភាគីអ៊ីស្រាអែលនិងអ៊ីរ៉ង់ ដើម្បីអំពាវនាវឱ្យមានដំណោះស្រាយសន្តិភាពសម្រាប់តំបន់។ នៅក្នុងការសន្ទនាតាមទូរស័ព្ទទាំងពីរ រដ្ឋមន្ត្រីការបរទេសចិនបាននិយាយថា អ៊ីរ៉ង់និងអ៊ីស្រាអែល គឺជាប្រទេសសំខាន់ទាំងពីរនៅមជ្ឈិមបូព៌ា ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសន្តិភាព និងស្ថិរភាពនៃតំបន់ទាំងមូល។ ដូច្នេះ ការងារបន្ទាន់នាពេលនេះ គឺត្រូវចាត់វិធានការទប់ស្កាត់ភ្លាម ដើម្បីកុំឱ្យជម្លោះកាន់តែឡើងជណ្តើរ ជៀសវាងតំបន់ធ្លាក់ចូលទៅក្នុងភាពវឹកវរធ្ងន់ធ្ងរជាងនេះ។ លោក Wang Yi ក៏បានស្នើថា ក្រុងប៉េកាំងអាចដើរតួនាទីជាអ្នកសម្រុះសម្រួល ហើយត្រៀមជាស្រេច សហការជាមួយគ្រប់ភាគី ដើម្បីស្វែងរកដំណោះស្រាយដោយយុត្តិធម៌។
សហភាពអឺរ៉ុបនិងអារ៉ាប៊ីសាអូឌីតក៏បានអំពាវនាវផងដែរកាលពីម្សិល មិញឱ្យភាគីទាំងអស់គោរពតាមច្បាប់អន្តរជាតិ អនុវត្តការអត់ធ្មត់និងមិនចាត់វិធានការបន្ថែមទៀតដែលអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដូច ជាលទ្ធភាពនៃការបញ្ចេញវិទ្យុសកម្មនុយក្លេអ៊ែរ។
នៅក្នុងការវិវឌ្ឍន៍ពាក់ព័ន្ធ អ្នកវិភាគបានព្រមានថា ប្រេងនិងផលិតផលចម្រាញ់ប្រហែល ២០ លានបារ៉ែលក្នុងមួយថ្ងៃអាចរងផលប៉ះពាល់ ប្រសិនបើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានរំខាន ដោយសារតែជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់៕