តម្លៃនាំចូលនិងនាំចេញសរុបគិតត្រឹមថ្ងៃទី ១៥ កក្កដា កើនឡើងជាង ១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤
(VOVWORLD) - យោងតាមតួរលេខស្ថិតិបឋម របស់នាយកដ្ឋានគយ (ក្រសួងហិរញ្ញវត្ថុ) តម្លៃនាំចូលនិងនាំចេញសរុបរបស់វៀតណាមចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែកក្កដា សម្រេចបានជាង ៣៨,២១ ពាន់លានដុល្លារអាមេរិក។
លទ្ធផលនេះបាននាំឱ្យតម្លៃនាំចូលនិងនាំចេញសរុបរបស់ប្រទេសចាប់ពីដើមឆ្នាំដល់ថ្ងៃទី ១៥ ខែកក្កដា សម្រេចបាន ៤៧០,៦៣ ពាន់លានដុល្លារអាមេរិក កើនឡើង ១៦,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះតម្លៃនាំចូលនិងនាំចេញសរុបរបស់សហគ្រាសដែលមានការវិនិយោគផ្ទាល់ពីបរទេស (FDI) សម្រេចបានជាង ៣២៩ ពាន់លានដុល្លារអាមេរិក។
តម្លៃនាំចេញនៃផ្នែកទំនិញសំខាន់ៗមួយចំនួនប្រមូលបានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២៥ និងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ប្រភព៖ នាយកដ្ឋានគយ |
បើនិយាយពីការនាំចេញ គិតត្រឹមថ្ងៃទី ១៥ ខែកក្កដា តម្លៃនាំចេញសរុបរបស់វៀតណាមសម្រេចបានជាង ២៣៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១៤,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផ្នែកទំនិញមួយចំនួនបានកើនឡើងដូចជាកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់; គ្រឿងម៉ាស៊ីន ឧបករណ៍ សម្ភារៈ; កាហ្វេ។ល។
តម្លៃនាំចូលនៃក្រុមទំនិញសំខាន់ៗមួយចំនួនបានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២៥ និងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ ប្រភព៖ នាយកដ្ឋានគយ |
ផ្ទុយទៅវិញ តម្លៃនាំចូលរបស់ប្រទេសទាំងមូលគិតត្រឹមថ្ងៃទី ១៥ ខែកក្កដា សម្រេចបានជាង ២៣១,៤ ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះផ្នែកទំនិញមួយចំនួនបានកើនឡើងយ៉ាងខ្លាំងដូចជាកុំព្យូទ័រ ផលិតផលអេឡិចត្រូនិក និងគ្រឿងបន្លាស់; គ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់។ល។
ដូច្នេះហើយ គិតចាប់ពីដើមឆ្នាំរហូតដល់ថ្ងៃទី ១៥ ខែកក្កដា សមតុល្យពាណិជ្ជកម្មទំនិញមានអតិរេកចំនួន ៧,៧៤ ពាន់លានដុល្លារអាមេរិក៕