ត្រូវមានយន្តការគ្រប់គ្រងយ៉ាងតឹងរ៉ឹងស្តីពីរ៉ែកម្រ និងធនធានយុទ្ធសាស្ត្រជាតិ
(VOVWORLD) - ត្រូវមានយន្តការគ្រប់គ្រងយ៉ាងតឹងរ៉ឹងស្តីពីរ៉ែកម្រ និងធនធានយុទ្ធសាស្ត្រជាតិ ដោយធានាការធ្វើអាជីវកម្ម និងការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពទាក់ទងនឹងសេដ្ឋកិច្ច ទន្ទឹមនឹងនោះធានាបាននូវកត្តាការពារជាតិ និងការគ្រប់គ្រងហានិភ័យបរិស្ថាន គឺជាខ្លឹមសារដែលបានលើកឡើងដោយសមាជិកសភាជាច្រើនរូបនៅក្នុងសម័យពិភាក្សានៅសាលប្រជុំនៅព្រឹកថ្ងៃទី ១ ខែធ្នូ នៅទីក្រុងហាណូយ ស្តីពីសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីភូគព្ភសាស្ត្រ និងធនធានរ៉ែ។
បណ្តាសមាជិកសភាបានឯកភាពគ្នាថា ការធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីភូគព្ភសាស្ត្រនិងធនធានរ៉ែ គឺចាំបាច់ដើម្បីលុបបំបាត់ឧបសគ្គនិងបញ្ហាដែលកើតឡើង ជាពិសេសបញ្ហាទាក់ទងនឹងយន្តការផ្តល់អាជ្ញាប័ណ្ណ ការធ្វើអាជីវកម្ម និងការប្រើប្រាស់ធនធានរ៉ែសម្រាប់ការសាងសង់គម្រោងជាតិសំខាន់ៗ និងគម្រោងវិនិយោគបន្ទាន់ ដើម្បីសម្រេចបាននូវគោលដៅកំណើន។ លោក Trinh Xuan An សមាជិកសភាមកពី ខេត្ត Dong Nai បានស្នើថា៖ “គួរតែមានរ៉ែកម្រ ឬកន្លែងផ្ទុកបំរុងរ៉ែកម្រ សម្រាប់បម្រើការពារជាតិ និងសន្តិសុខ។ ទីពីរ យើងត្រូវបំពេញបន្ថែមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងបច្ចេកវិទ្យា និងទិន្នន័យទាក់ទងនឹងរ៉ែកម្រ ជាពិសេសវិស័យការពារជាតិនិងសន្តិសុខ និងទាក់ទងនឹងទិន្នន័យរ៉ែកម្រនៅក្នុងបញ្ជីអាថ៌កំបាំងរបស់រដ្ឋ។ ខ្លឹមសារមួយចំនួនអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងឧស្សាហកម្ម និងការពារជាតិតែប៉ុណ្ណោះ”។
ចែករំលែកទស្សនៈដូចគ្នា លោក Nguyen Tam Hung សមាជិកសភាមកពីទីក្រុងហូជីមិញ បានចាត់ទុកថា សេចក្តីព្រាងច្បាប់នេះមិនទាន់បញ្ជាក់យ៉ាងច្បាស់ពីយន្តការជ្រើសរើសសហគ្រាសសម្រាប់ការរុករក ធ្វើអាជីវកម្មនិងកែច្នៃរ៉ែកម្រដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនៃសន្តិសុខបច្ចេកវិទ្យា សមត្ថភាពកែច្នៃស៊ីជម្រៅ និងសមត្ថភាពគ្រប់គ្រងបរិស្ថាននៅឡើយទេ ខណៈពេលដែលនេះជាវិស័យរសើប ដែលមានហានិភ័យនៃការកាន់កាប់ធនធាន ឬការលេចធ្លាយបច្ចេកវិទ្យា។
នៅព្រឹកថ្ងៃទី ១ ខែធ្នូដែរ រដ្ឋសភាបានពិភាក្សាអំពីសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ចំនួន ១៥ ក្នុងវិស័យកសិកម្មនិងបរិស្ថាន។ នៅរសៀលថ្ងៃទី១ ខែធ្នូ រដ្ឋសភាបានពិភាក្សានៅក្នុងសាលប្រជុំអំពី៖ សេចក្តីព្រាងច្បាប់ស្តីពីការផ្លាស់ប្តូរឌីជីថល; សេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយមួយចំនួន ដើម្បីលុបបំបាត់ការលំបាក និងឧបសគ្គក្នុងការរៀបចំការអនុវត្តច្បាប់ដីធ្លី៕