ទីក្រុងហូជីមិញ និងទីក្រុង Da Nang មានវឌ្ឍនភាពដ៏អស្ចារ្យនៅក្នុងតារាងចាប់ផ្តើមអាជីវកម្មសកល
(VOVWORLD) - របាយការណ៍ "សន្ទស្សន៍ប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្មសកលឆ្នាំ ២០២៥” ដែលត្រូវបានមជ្ឈមណ្ឌលស្រាវជ្រាវនិងធ្វើផែនទីនៃប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្មសកល StartupBlink ប្រកាសនាពេលថ្មីៗនេះ បានឲ្យដឹងថា ទីក្រុងហូជីមិញបានកើន ១កាំ ឡើងដល់ចំណាត់ថ្នាក់ទី ១១០ នៅក្នុងប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្មសកល ដោយសម្រេចបានចំណាត់ថ្នាក់ខ្ពស់បំផុតមិនធ្លាប់មាន។
នេះក៏ជាលើកទីមួយហើយ ដែលទីក្រុងស្ថិតក្នុង Top៥ ប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្ម នៅអាស៊ីអាគ្នេយ៍។ StartupBlink វាយតម្លៃទីក្រុងហូជីមិញជាមជ្ឈមណ្ឌលចាប់ផ្តើមអាជីវកម្មដ៏រស់រវើក និងសកម្មបំផុតនៅក្នុងប្រទេសវៀតណាម។ ទីក្រុងនេះមានការរីកចម្រើនយ៉ាងខ្លាំងក្នុងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធ ហើយកំពុងក្លាយជាគោលដៅគួរឱ្យកត់សម្គាល់នៅក្នុងតំបន់អាស៊ី ជាមួយនឹងសហគមន៍ចាប់ផ្តើមអាជីវកម្មប្រកបដោយភាពស្វាហាប់និងច្នៃប្រឌិត ការគាំទ្រយ៉ាងសកម្មពីរដ្ឋបាលទីក្រុង និងបរិយាកាសធុរកិច្ចកាន់តែប្រសើរឡើង។
ទីក្រុងហូជីមិញបានកើន ១កាំ ឡើងដល់ចំណាត់ថ្នាក់ទី ១១០ នៅក្នុងប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្មសកល ហើយក៏ជាប់ចំណាត់ថ្នាក់ក្នុង Top៥ នៅអាស៊ីអាគ្នេយ៍ជាលើកដំបូងផងដែរ។ រូបភាព៖ VNA |
យោងតាមរបាយការណ៍របស់ StartupBlink បានឱ្យដឹងថា ទីក្រុង Da Nang របស់វៀតណាមបានរីកចម្រើនយ៉ាងខ្លាំងដោយការកើនឡើង ១៣០កាំ ដោយឈានដល់ចំណាត់ថ្នាក់ទី ៧៦៦នៅទូទាំងពិភពលោក។
តារាងរៀបចំណាត់ថ្នាក់របស់ StartupBlink គឺជាឧបករណ៍វាយតម្លៃដ៏មានកិត្យានុភាពជាសកល ដែលវាស់ស្ទង់ប្រព័ន្ធអេកូចាប់ផ្តើមអាជីវកម្ម ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា៖ ចំនួននៃការចាប់ផ្តើមអាជីវកម្ម គុណភាព និងទំហំនៃធនធានគាំទ្រ (ដូចជាមូលនិធិវិនិយោគ និងបរិយាកាសធ្វើការរួមគ្នា) កម្រិតនៃការតភ្ជាប់សកល គោលនយោបាយក្នុងស្រុក និងសមត្ថភាពនវានុវត្តន៍៕