នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ៖ សេដ្ឋកិច្ចបន្តមាននិន្នាការវិជ្ជមាន រាល់ខែគឺល្អជាងខែមុន
(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំសន្និសីទរដ្ឋាភិបាលប្រចាំខែកក្កដា ឆ្នាំ២០២៥។ សន្និសីទនេះត្រូវបានរៀបចំឡើងតាមអនឡាញជាមួយខេត្ត ក្រុងចំនួន៣៤ ក្រោមឱវាតមជ្ឈិម ដោយពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែកក្កដា និងរយៈពេល ៧ខែដើមឆ្នាំ២០២៥។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំសន្និសីទរដ្ឋាភិបាលប្រចាំខែកក្កដា ឆ្នាំ២០២៥។ រូបថត៖ vov |
ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចសង្គមបន្តមាននិន្នាការវិជ្ជមាន រៀងរាល់ខែគឺល្អជាងខែមុន ហើយគិតសរុបរយៈពេល ៧ ខែដើមឆ្នាំ គឺល្អប្រសើរជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤ លើវិស័យស្ទើរតែទាំងអស់។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា នាពេលខាងមុខ ដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់ គឺត្រូវខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ នាយករដ្ឋមន្ត្រី បានណែនាំឲ្យក្រសួង ស្ថាប័ននានា ជាពិសេសថ្នាក់មូលដ្ឋាន ធ្វើការពិនិត្យ ដោះស្រាយគ្រប់ការលំបាក និងឧបសគ្គនានា ពាក់ព័ន្ធនឹងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរថ្នាក់ ដើម្បីធានាថា អាជ្ញាធរ មូលដ្ឋានដំណើរការប្រកបដោយសមកាលកម្ម និងរលូន បំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងសហគ្រាស; ក្តាប់ជាប់ស្ថានភាពពិភពលោក និងក្នុងស្រុក ដើម្បីឱ្យមានការឆ្លើយតបទាន់ពេលវេលា បត់បែន និងមានប្រសិទ្ធភាព។
“នេះគឺជាបញ្ហាសំខាន់ណាស់ ទាំងមជ្ឈិមនិងមូលដ្ឋានត្រូវតែក្តាប់ជាប់ស្ថានភាព ស្នើរដំណោះស្រាយទាន់ពេលវេលា បត់បែន និងមានប្រសិទ្ធភាព; កៀងគរជាអតិបរិមានូវកម្លាំងរបស់ប្រជាជន សហគ្រាស សង្គម កម្លាំងនៃផែនមហាសាមគ្គីជនជាតិទាំងមូល កម្លាំងនៃបញ្ញា កម្លាំងនៃពេលវេលា និងភាពម៉ឺងម៉ាត់ ... ដើម្បីអនុវត្តភារកិច្ចដែលអាចកើតមានឡើង អាចមានភាពស្មុគស្មាញ និងអាចលើសពីការរំពឹងទុក”៕