នាយករដ្ឋមន្ត្រីសិង្ហបុរីនិងលោកជំទាវភរិយា ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម
(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញនិងលោកជំទាវភរិយា នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋសិង្ហបុរី Lawrence Wong និងលោកជំទាវភរិយា នៅថ្ងៃទី ២៥ មីនានេះ បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong ក្នុងសន្និសីទសារព័ត៌មានស្ដីពីវៀតណាមនិងសិង្ហបុរី បង្កើនទំនាក់ទំនងដល់កម្រិតនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (រូបថត៖ VOV) |
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Lawrence Wong នៅវៀតណាម ចាប់តាំងពីលោកចូលកាន់តំណែងមក។ ក្នុងបទសម្ភាសន៍ជាមួយវិទ្យុសម្លេងវៀតណាម ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅវៀតណាម Jaya Ratnam បានឲ្យដឹងថា ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែមីនា អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ស្តីពីការធ្វើលើកកំពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសិង្ហបុរី។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងទំនាក់ទំនងទ្វេភាគី ដោយបើកចេញទំព័រថ្មីជាមួយនឹងចក្ខុវិស័យរយៈពេលវែង និងគ្រប់ជ្រុងជ្រោយជាង។ ប្រទេសទាំងពីរប្តេជ្ញាជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ដែលជាមូលហេតុដែលនាយករដ្ឋមន្ត្រីសិង្ហបុរីអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមភ្លាមៗ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស; ទន្ទឹមនឹងនេះ ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃទំនាក់ទំនង ក៏ដូចជាសន្ទុះអភិវឌ្ឍន៍ដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការ នៅពេលដែលប្រទេសទាំងពីរកំពុងឈានចូលយុគសម័យថ្មី។
តាមគម្រោង ក្នុងដំណើរទស្សនកិច្ច (២៥-២៦ មីនា) នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong នឹងចូលជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម ក្នុងនោះមានជំនួបពិភាក្សាជាមួយអគ្គលេខាបក្ស លោក តូ ឡឹម និងនាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ដើម្បីបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមរបស់ប្រទេសទាំងពីរក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី៕