សាកលវិទ្យាល័យវៀតណាម និងអាមេរិកជំរុញកិច្ចសហប្រតិបត្តិការតាមរយៈគម្រោងជាក់ស្តែង
(VOVWORLD) - នាព្រឹកថ្ងៃទី៣១ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបគណៈប្រតិភូនៃសាកលវិទ្យាល័យល្បីៗចំនួន ២១ នៅសហរដ្ឋអាមេរិក ដែលកំពុងអញ្ជើញចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរការសិក្សា អន្តរជាតិ (IAPP) ឆ្នាំ ២០២៥ នៅប្រទេសវៀតណាម។
កម្មវិធីនេះគឺសំដៅតភ្ជាប់ជាយុទ្ធសាស្ត្ររវាងសាកលវិទ្យាល័យវៀតណាមជាមួយសាកលវិទ្យាល័យអាមេរិក គាំទ្រ សាកលវិទ្យាល័យពីភាគីទាំងពីរដើម្បីកសាងផែនការសហប្រតិបត្តិការជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។
នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានទទួលជួបគណៈប្រតិភូនៃសាកលវិទ្យាល័យល្បីៗចំនួន ២១ នៅសហរដ្ឋអាមេរិក។ (រូបថត៖ VOV) |
ថ្លែងមតិជាមួយគណៈប្រតិភូ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានស្នើថា សាកលវិទ្យាល័យនៃប្រទេសទាំងពីរសម្របសម្រួលកសាងគម្រោង ផែនការសហ ប្រតិបត្តិការរយៈពេលវែង ជាក់ស្តែង ប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព ជាមួយ នឹងទម្រង់សម្បូរបែប មានភាពច្នៃប្រឌិត និងភាពបត់បែន ហើយផ្ដោតលើវិស័យថ្មី ដើម្បីជួយវៀតណាមទាញយកសក្ដានុពលពីលំហសមុទ្រ លំហអាកាស និងលំហ ក្រោមដី។ ដោយសង្កត់ធ្ងន់ថា ថ្មីៗនេះ សាជីវកម្មធំៗរបស់អាមេរិក ដូចជា Intel, NVIDIA, Apple... បានមកស្វែងយល់ និងវិនិយោគ ពង្រីកប្រព័ន្ធអេកូឡូស៊ីនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសាកលវិទ្យាល័យនៃភាគីទាំងពីរពិភាក្សាយ៉ាងសកម្មលើកម្មវិធីកិច្ចសហប្រតិបត្តិការជាក់លាក់ ជាពិសេសលើវិស័យបច្ចេកវិទ្យាខ្ពស់ AI semiconductor ជីវបច្ចេកវិទ្យា សុខភាព កសិកម្ម ភាសាបរទេស ការបណ្តុះបណ្តាល ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ តាមតម្រូវការរបស់សាជីវកម្ម និងសហ គ្រាសនៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការស្រាវជ្រាវនិងអភិវឌ្ឍន៍។ លោក នាយករដ្ឋមន្ត្រីបានស្នើឱ្យថ្នាក់ដឹកនាំសាលានិយាយទៅកាន់រដ្ឋបាលប្រធានាធិបតីលោក Donald Trump ដើម្បីទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារក្នុងពេលឆាប់ៗនេះ; លុបចោលការរឹតត្បិតលើការនាំចេញបច្ចេកវិទ្យាខ្ពស់ចំពោះវៀតណាម; បង្កើតលក្ខ ខណ្ឌសម្រាប់វៀតណាមបន្តអភិវឌ្ឍន៍។
ចំណែកខាងអាមេរិកវិញ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc E. Knapper និងតំណាងសាកលវិទ្យាល័យអាមេរិកបានវាយតំលៃខ្ពស់ចំពោះយុទ្ធ សាស្ត្រអភិវឌ្ឍន៍របស់វៀតណាម ជាពិសេសលើវិស័យអប់រំបណ្តុះបណ្តាល ហើយ និយាយថា ត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការ និងប្រកៀកស្មាជាមួយវៀតណាម ដើម្បីអនុវត្តន៍យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេសក្នុងវិស័យអប់រំ បណ្តុះ បណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកកំពស់គុណភាពធនធានមនុស្ស រួមចំណែកធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក៕