បើកចេញលំហរអភិវឌ្ឍន៍ថ្មីសម្រាប់ទីក្រុង Da Nang
(VOVWORLD) - ពិធីប្រកាសសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីស្តីពីការបង្កើតតំបន់ពាណិជ្ជកម្មសេរី Da Nang បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២២ មិថុនា នៅទីក្រុង Da Nang។
ពិធីប្រកាសសេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីស្តីពីការបង្កើតតំបន់ពាណិជ្ជកម្មសេរី Da Nang បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២២ មិថុនា (រូបថត៖ VGP/Nguyen Hoang) |
ព្រឹត្តិការណ៍នេះគូសសញ្ញាចំណុចរបត់ដ៏សំខាន់មួយ បើកចេញលំហរអភិវឌ្ឍន៍ថ្មីសម្រាប់ទីក្រុង Da Nang សម្រាប់តំបន់ភាគកណ្តាល និងសម្រាប់ប្រទេសទាំងមូល។
អញ្ជើញចូលរួមនិងថ្លែងមតិក្នុងពិធីប្រកាសនោះ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍លោក Nguyen Hoa Binh បានអះអាងថា នេះគឺជាតំបន់ពាណិជ្ជកម្មដំបូងគេដែលត្រូវបានដាក់ពង្រាយនៅវៀតណាម ដែលរំពឹង ថា នឹងតភ្ជាប់សេដ្ឋកិច្ចពិភពលោក រួមចំណែកបង្កើត “ការជំរុញ” សម្រាប់ទីក្រុង Da Nang សម្រាប់តំបន់ និងប្រទេសទាំងមូលក្នុងការអភិវឌ្ឍ។ ក្រៅពីតំបន់ពាណិជ្ជកម្មសេរី រដ្ឋាភិបាលមជ្ឈិមក៏អនុញ្ញាតឲ្យទីក្រុង Da Nang អនុវត្តគំនិតផ្តួចផ្តើមសេដ្ឋកិច្ចថ្មីជាច្រើនដូចជា៖ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ ការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅ ការសាងសង់តំបន់កោះគុជ ... គម្រោងទាំងអស់នេះនឹងធ្វើឱ្យទីក្រុង Da Nang អភិវឌ្ឍកាន់តែខ្លាំងក្លានាពេលខាងមុខ។
ថ្នាក់ដឹកនាំទីក្រុង Da Nang ប្រគល់អនុស្សរណៈយោគយល់គ្នារវាងទីក្រុងនិងវិនិយោគិនយុទ្ធសាស្ត្រ (រូបថត៖ VGP/Nguyen Hoang) |
លោកឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា តំបន់ពាណិជ្ជកម្មសេរី Da Nang នឹងក្លាយជាផ្នែកមួយនៃសេដ្ឋកិច្ចពិភពលោក ប្រៀបបាននឹងទីក្រុង Shenzhen ទីក្រុង Atlanta ជាដើម។ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាល ក្រសួង ស្ថាប័ននឹងបន្តជួយឧបត្ថម្ភទីក្រុង Da Nang ក្នុងការលុបបំបាត់ការលំបាក ស្នើដល់ទីក្រុង Da Nang នូវយន្តការ និងគោលនយោបាយពិសេសនិងលេចធ្លោ ព្រមទាំងផ្តល់សិទ្ធិដល់ទីក្រុង ថែមទៀត។ នៅក្នុងពិធីនេះ គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានប្រគល់អនុស្សារណៈយោគយល់គ្នា ស្តីពីការវិនិយោគនៅតំបន់ពាណិជ្ជកម្មសេរី Da Nang ដល់វិនិយោគិនយុទ្ធសាស្ត្រចំនួន ៨៕
មុននេះនៅថ្ងៃទី១៣ ខែមិថុនា លោកនាយករដ្ឋមន្ត្រីបានចេញសេចក្តីសម្រេចស្ដីពីការបង្កើតតំបន់ពាណិជ្ជកម្មសេរី Da Nang។ តំបន់ពាណិជ្ជកម្មសេរី Da Nang មានផ្ទៃដីប្រមាណ ១.៨៨១ ហិកតា រួមទាំងតំបន់មុខងារ៖ ផលិតកម្ម ភស្តុភារ; ពាណិជ្ជកម្ម - សេវាកម្ម; ឧស្សាហកម្មបច្ចេកវិជ្ជាឌីជីថល បច្ចេកវិទ្យាព័ត៌មាន ការច្នៃប្រឌិត និងប្រភេទនៃមុខងារផ្សេងទៀតដែលកំណត់ដោយច្បាប់។ គោលដៅរយៈពេលវែងគឺដើម្បីកសាងតំបន់ពាណិជ្ជកម្មសេរី Da Nang ទៅជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងបណ្តាញខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក និងតំបន់អាស៊ីប៉ាស៊ីហ្វិក៕