ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ទទួលជួបអនុប្រធានក្រុមប្រឹក្សាតំណាងមូលដ្ឋានឥណ្ឌូនេស៊ី

(VOVWORLD) - នារសៀលថ្ងៃទី ១០ កក្កដា នៅវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបអនុប្រធានក្រុមប្រឹក្សាតំណាងមូលដ្ឋានឥណ្ឌូនេស៊ី លោក Yorrys Raweyai។

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ទទួលជួបអនុប្រធានក្រុមប្រឹក្សាតំណាងមូលដ្ឋានឥណ្ឌូនេស៊ី - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន ទទួលជួបអនុប្រធានក្រុមប្រឹក្សាតំណាងមូលដ្ឋានឥណ្ឌូនេស៊ី លោក Yorrys Raweyai។ (រូបថត៖ Le Tuyet/VOV)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានស្នើឲ្យឥណ្ឌូនេស៊ីជួយសម្រួលទំនិញវៀតណាម ជាពិសេសកសិផល និងផលិតផលហាឡាល់ ដើម្បីចូលទៅកាន់ទីផ្សារឥណ្ឌូនេស៊ី; ខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៨; ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យនេសាទ (បានចុះហត្ថលេខាក្នុងខែមករា ឆ្នាំ ២០២៤) សំដៅពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជលផល អភិវឌ្ឍន៍ការនេសាទ និងវារីវប្បកម្មប្រកបដោយចីរភាព ក៏ដូចជាបង្ការទប់ស្កាត់ការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងគ្មានការគ្រប់គ្រង (IUU) ផងដែរ។

រីឯខ្លួនវិញ អនុប្រធានក្រុមប្រឹក្សាតំណាងមូលដ្ឋានឥណ្ឌូនេស៊ី លោក Yorrys Raweyai សង្ឃឹមថា ភាគីទាំងពីរនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខស្បៀងអាហារ សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចវិលជុំ ថាមពលកកើតឡើងវិញ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសការគ្រប់គ្រងកាកសំណល់ប្រកបដោយចីរភាព។

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ទទួលជួបអនុប្រធានក្រុមប្រឹក្សាតំណាងមូលដ្ឋានឥណ្ឌូនេស៊ី - ảnh 2គណៈប្រតិភូនៃភាគីទាំងពីរថតរូបអនុស្សាវរីយ៍។ (រូបថត៖ Le Tuyet/VOV)

ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍រវាងគណៈកម្មាធិការឯកទេសនៃរដ្ឋសភា ក្រុមសមាជិកសភាមិត្តភាព ក្រុមសមាជិកាសភា និងសមាជិកសភាវ័យក្មេង មិនត្រឹមតែលើបញ្ហាច្បាប់ និងស្ថាប័នប៉ុណ្ណោះទេ ថែមទាំងលើបញ្ហាសកលលោកទៀតផង ដូចជាការធ្វើបរិវត្តកម្មឌីជីថល កំណើនបៃតង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ លើសពីនេះ សម្របសម្រួលត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងជាន់ខ្ពស់ ជាពិសេសការកសាងកម្មវិធីសកម្មភាពអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ឥណ្ឌូនេស៊ី រួមទាំងខ្លឹមសារស្តីពីកិច្ចសហប្រតិបត្តិការអន្តរសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ