មជ្ឈិមបូព៌ា៖ បទឈប់បាញ់នៅប្រទេសលីបង់ប្រឈមមុខហានិភ័យនៃការដួលរលំ
(VOVWORLD) - បទឈប់បាញ់ដែលបានចូលជាធរមាននៅពាក់កណ្តាលសប្តាហ៍មុននេះនៅក្នុងប្រទេសលីបង់កំពុងប្រឈមមុខហានិភ័យនៃការដួលរលំយ៉ាងធ្ងន់ធ្ងរ នៅពេលដែលកងទ័ពអ៊ីស្រាអែលបន្តបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងខ្លាំងក្លាទៅលើប្រទេសលីបង់ ដោយចោទប្រកាន់កងកម្លាំងហេសបូឡាថាបានរំលោភ លើបទឈប់បាញ់។
សេចក្តីប្រកាសកាលពីយប់ថ្ងៃទី ២ ខែធ្នូ នៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងថា កងទ័ពជើងអាកាសរបស់ប្រទេសនេះ បានបើកការវាយប្រហារជាច្រើនលើប្រទេសលីបង់ តម្រង់ទៅលើសមាជិក ជើងទ្របង្ហោះមីស៊ីល និងមូលដ្ឋានរបស់ក្រុមហេសបូឡា។ សេចក្តីប្រកាសរបស់ IDF បានបញ្ជាក់ថា ការវាយប្រហារនេះគឺដើម្បីឆ្លើយតប ទៅនឹងកម្លាំងហេសបូឡាហ៍ដែលបានបាញ់កាំភ្លើងត្បាល់ចំនួន ២ គ្រាប់ទៅលើទីតាំង យោធារបស់អ៊ីស្រាអែលនៅតំបន់កំពូល Dov នៅជិតព្រំដែនជាមួយប្រទេសលីបង់កាលពីរសៀលថ្ងៃដដែល។
ប្រជាជនលីបង់រីករាយចំពោះបទឈប់បាញ់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ រូបថត៖ New York Times |
បទឈប់បាញ់រយៈពេល ៦០ ថ្ងៃក្នុងប្រទេសលីបង់ ដែលគាំពារដោយសហរដ្ឋអាមេរិក បានចូលជាធរមានជាផ្លូវការនៅព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា។ ទោះជាយ៉ាងណាក៏ដោយ នាប៉ុន្មានថ្ងៃកន្លងទៅ កងទ័ពអ៊ីស្រាអែលបាន ធ្វើការវាយប្រហារជាបន្តបន្ទាប់ រួមទាំងកងកម្លាំងជើងអាកាសនិងជើងគោក សំដៅទៅលើទីតាំងរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។ មជ្ឈដ្ឋានអ្នកវិភាគក្នុងតំបន់មានការព្រួយបារម្ភថា កិច្ចព្រមព្រៀងឈប់បាញ់នឹងត្រូវបានបំបែកក្នុងពេលឆាប់ៗ ហើយជម្លោះដ៏សាហាវនឹងផ្ទុះឡើងម្តងទៀត។
ទាក់ទិននឹងស្ថានភាពនៅមជ្ឈិមបូព៌ា កាលពីថ្ងៃ ២ ខែធ្នូ អង្គការឃ្លាំមើល សិទ្ធិមនុស្សស៊ីរី (SOHR) បានឲ្យដឹងថា ចំនួនអ្នកស្លាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការប្រយុទ្ធគ្នានៅភាគខាងជើងប្រទេសស៊ីរី ចាប់តាំងពីក្រុមឧទ្ទាមបើកការវាយប្រហារដ៏ធំ បានកើនឡើងរហូតដល់ ៥១៤ នាក់ ក្នុងនោះមានជនស៊ីវិលចំនួន ៩២ នាក់។
នៅថ្ងៃដដែលនោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានព្រមាន ពីស្ថានភាពនៃអំពើហិង្សាកើនឡើងនៅក្នុងប្រទេសស៊ីរី ហើយបានអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់៕