មជ្ឈិមបូព៌ា៖ អ៊ីស្រាអែលមានសុទិដ្ឋិនិយមកាន់តែច្រើនអំពីការផ្លាស់ប្តូរចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សា
(VOVWORLD) - នាថ្ងៃទី ៩ ខែធ្នូ នៅទីក្រុង Tel Aviv រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Gideon Saar បានប្រកាសថា ឥឡូវនេះអ៊ីស្រាអែលមានសុទិដ្ឋិនិយមជាង អំពី លទ្ធភាពនៃការសម្រេចបានកិច្ចព្រមព្រៀងដើម្បីប្រគល់ចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សាវិញ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សេរុយសាឡឹម លោក Saar បាននិយាយថា ការចរចាដោយប្រយោលកំពុងដំណើរការ លើការប្រគល់ចំណាប់ខ្មាំងប្រហែល ១០០នាក់ និងយថាទស្សន៍នៃការឈាន ដល់កិច្ចព្រមព្រៀងនេះ ត្រូវបានកែលម្អ។ ប្រមុខការទូតអ៊ីស្រា អែលក៏បានលើកឡើងពីគោលជំហររបស់ប្រទេសនេះថា ត្រូវប្រគល់ចំណាប់ខ្មាំងដែលកំពុងត្រូវបានឃុំឃាំងនៅតំបន់ហ្គាហ្សាមកវិញ មុនពេលអ៊ីស្រាអែលយល់ ព្រមបញ្ឈប់ការប្រយុទ្ធ។
គំនរបែកបាក់ដែលបង្កឡើងដោយជម្លោះនៅ Deir al-Balah ក្នុងតំបន់ហ្គាហ្សា។ រូបថតរូបភាព៖ THX/TTXVN |
នៅថ្ងៃដដែលនោះ កាសែត The National News របស់អេមីរ៉ាត់អារ៉ាប់រួម (UAE) បានរាយការណ៍ថា កងកម្លាំងហាម៉ាស់បានយល់ព្រមជាគោលការណ៍ លើសំណើរបស់អេហ្ស៊ីប ស្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សាក្នុងរយៈពេលជាអតិបរមា៣០ថ្ងៃ និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលមួយចំនួន។ មេដឹកនាំក្រុមហាម៉ាស់ក៏បានបញ្ចេញបញ្ជីឈ្មោះចំណាប់ខ្មាំងដែលក្រុមនេះគ្រោងនឹងដោះលែង ជាផ្នែកមួយក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងផ្លាស់ប្ដូរ ចំណាប់ខ្មាំងជាមួយអ៊ីស្រាអែល។
ទាក់ទិននឹងស្ថានភាពនៅមជ្ឈិមបូព៌ា នៅថ្ងៃដដែលនោះ តំណាងគណៈកម្មាធិការអនុវត្តបទឈប់បាញ់រវាងអ៊ីស្រាអែល និងចលនាហេសបូឡា ដែលមានសមាជិកចំនួន ៥ រួមមានសហរដ្ឋអាមេរិក បារាំង បេសកកម្មរក្សាសន្តិភាព នៃអង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) កងទ័ពលីបង់ និងកងទ័ពអ៊ីស្រាអែលបានជួបប្រជុំជាលើកដំបូងនៅទីក្រុង Naqoura ភាគខាងត្បូងប្រទេសលីបង់។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងគាំទ្របទឈប់បាញ់ដែលបានចូលជាធរមាននៅថ្ងៃទី ២៧ ខែវិច្ឆិការវាងអ៊ី ស្រាអែលនិងចលនាហេសបូឡានៅលីបង់៕