លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ស្នើឱ្យក្រុមហ៊ុន Skoda Group កសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរថយន្តនៅវៀតណាម
(VOVWORLD) - នារសៀលថ្ងៃទី ២៧ មីនា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Klaus Zellmer ប្រធានក្រុមហ៊ុន Skoda Auto Group (សាធារណរដ្ឋឆែក) ដែលកំពុងបំពេញទស្សនកិច្ចនិងធ្វើការនៅវៀតណាម លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសម្ដែងបំណងថា Skoda នឹងចូលរួមអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរថយន្តវៀតណាម។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ (ស្ដាំ) ទទួលជួបលោក Klaus Zellmer ប្រធានក្រុមហ៊ុន Skoda Auto Group។ (រូបថត៖ TTXVN) |
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុន Skoda Auto Group បង្កើនការធ្វើមូលដ្ឋានីយកម្ម; ស្រាវជ្រាវការផលិតម៉ាស៊ីន គ្រឿងបន្លាស់ និងឧបករណ៍សម្រាប់ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតនៅវៀតណាម ដូចជា៖ Truong Hai, Vinfast; ធ្វើពិពិធកម្មផលិតផល; ពិចារណាលើឱកាសសហប្រតិបត្តិការដើម្បីជួយសហគ្រាសវៀតណាមចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផលិតកម្ម និងផ្គត់ផ្គង់របស់ Skoda និង Volkswagen ជាពិសេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
រីឯខ្លួនវិញ លោក Klaus Zellmer បានឲ្យដឹងថា Skoda Auto គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំបំផុតនៅសាធារណរដ្ឋឆែក ដែលត្រូវបានធ្វើឯកជនភាវូបនីយកម្មនៅក្នុងឆ្នាំ ១៩៩១ ហើយបានក្លាយជាផ្នែកមួយនៃក្រុមហ៊ុន Volkswagen Group នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ សព្វថ្ងៃនេះ Skoda មានវត្តមាននៅក្នុងប្រទេសជាង ១០០ ហើយលក់រថយន្តបានជាង ១ លានគ្រឿងក្នុងមួយឆ្នាំ។ លោក Klaus Zellmer បានបញ្ជាក់ថា Skoda មានបំណងចង់ពង្រីកការវិនិយោគ អាជីវកម្ម និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរថយន្តនៅវៀតណាម; ចង់ឲ្យវៀតណាមនឹងបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដូចជា កំពង់ផែសមុទ្រ ឡូជីស្ទីក និងគុណភាពធនធានមនុស្ស ដើម្បីបម្រើដល់ការអភិវឌ្ឍឧស្សាហកម្មរថយន្តនាពេលខាងមុខ៕