វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ

(VOVWORLD) - លោកស្រី Pham Thu Hang បានបញ្ជាក់ថា ក្រុមការងារនេះក៏នឹងធ្វើការស្រាវជ្រាវដើម្បីស្នើទិសដៅ ដំណោះស្រាយ យន្តការ និងគោលនយោបាយដើម្បីជម្នះពុះពារលើការលំបាក និងឧបសគ្គ ព្រមទាំងព្យាករណ៍ ឆ្លើយតបជាមួយនឹងគោលនយោបាយប្រកបដោយភាពបត់បែន ទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។

វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ - ảnh 1រោងចក្រចម្រាញ់ប្រេង Nghi Son ដែលប្រើប្រាស់ប្រេងឆៅពីមជ្ឈិមបូព៌ាជាវត្ថុធាតុដើម នៅតែបន្តដំណើរការប្រកបដោយស្ថិរភាព និងគ្មានការរំខាន។ (រូបថត៖ TTXVN)

នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំដែលបានធ្វើឡើងនៅរសៀលថ្ងៃទី ៥ ខែមីនា នៅទីក្រុងហាណូយ ឆ្លើយតបទៅនឹងសំណួរអំពីការធានាសកម្មភាពពាណិជ្ជកម្ម សេដ្ឋកិច្ច និងសន្តិសុខថាមពលរបស់វៀតណាម នៅចំពោះមុខ ភាពតានតឹងនៅមជ្ឈិមបូព៌ា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang បានឲ្យដឹងថា នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ កាលពីថ្ងៃទី ៤ ខែមីនា បានចុះហត្ថលេខាលើសេចក្តីសម្រេចបង្កើតក្រុមការងារមួយ ដើម្បីធានាសន្តិសុខថាមពល នៅចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញនៃជម្លោះនៅមជ្ឈិមបូព៌ា។

វៀតណាមនឹងមិនទុកឲ្យខ្លួនឯងត្រូវភ្ញាក់ផ្អើលទាក់ទងនឹងសន្តិសុខថាមពលនោះទេ - ảnh 2អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Pham Thu Hang។ (រូបថត៖ ក្រសួងការបរទេស)

ក្រុមការងារនេះមានភារកិច្ចតាមដាន វាយតម្លៃ និងព្យាករណ៍ស្ថានភាពជាប្រចាំ រៀបចំការអនុវត្ត ត្រួតពិនិត្យ បូកសរុប និងដោះស្រាយការលំបាក និងឧបសគ្គពាក់ព័ន្ធឲ្យទាន់ពេលវេលា ដើម្បីធានាការផ្គត់ផ្គង់ប្រេងឥន្ធនៈគ្រប់គ្រាន់សម្រាប់សកម្មភាពផលិតកម្ម អាជីវកម្ម និងការប្រើប្រាស់របស់ប្រជាជនផងដែរ។ លោកស្រី Pham Thu Hang បានបញ្ជាក់ថា ក្រុមការងារនេះក៏នឹងធ្វើការស្រាវជ្រាវដើម្បីស្នើទិសដៅ ដំណោះស្រាយ យន្តការ និងគោលនយោបាយដើម្បីជម្នះពុះពារលើការលំបាក និងឧបសគ្គ ព្រមទាំងព្យាករណ៍ ឆ្លើយតបជាមួយនឹងគោលនយោបាយប្រកបដោយភាពបត់បែន ទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមក៏បានធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពនៃការការពារពលរដ្ឋផងដែរ ដោយបញ្ជាក់ថា បច្ចុប្បន្នមានពលរដ្ឋវៀតណាមជាង ១២.០០០ នាក់ដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅមជ្ឈិមបូព៌ា។ ពលរដ្ឋវៀតណាមនៅទីនោះជាទូទៅមានស្ថិរភាព ហើយមិនទាន់មានព័ត៌មានណាមួយអំពីពលរដ្ឋដែលរងផលប៉ះពាល់ដោយជម្លោះនៅឡើយទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ