សម្របសម្រួលដើម្បីធានាជោគជ័យនៃដំណើរទស្សនកិច្ចការងាររបស់លោកប្រធានរដ្ឋសភាទៅកាន់ប្រទេសស្វីស ម៉ារ៉ុក និងសេណេហ្គាល់
(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែកក្កដា នៅទីស្នាក់ការក្រសួងការបរទេស (ហាណូយ) អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Dang Hoang Giang បានទទួលជួបឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រម៉ារ៉ុកប្រចាំនៅវៀតណាមលោក Jamale Chouaibi, ឯកអគ្គរដ្ឋទូតនៃសហភាពស្វីសប្រចាំនៅវៀតណាម Thomas Gass, និងបានជួបសន្ទនាតាមទូរស័ព្ទ ជាមួយឯកអគ្គរដ្ឋទូតសេណេហ្គាល់ប្រចាំនៅម៉ាឡេស៊ីនិងទទួលបន្ទុកវៀតណាម។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Dang Hoang Giang ទទួលជួបឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រម៉ារ៉ុកប្រចាំនៅវៀតណាម Jamale Chouaibi (រូបថត៖ កាសែតពិភពលោកនិងវៀតណាម) |
ក្នុងបណ្តាជំនួបពិភាក្សានេះ លោកអនុរដ្ឋមន្ត្រី Dang Hoang Giang បានគូសបញ្ជាក់ពីដំណើរបំពេញទស្សនកិច្ចការងារ របស់ប្រធានរដ្ឋសភា វៀតណាម លោក Tran Thanh Man និងភរិយា រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ទៅចូលរួមសន្និសីទអន្តរជាតិនៃប្រធានរដ្ឋសភាពិភពលោក (IPU) លើកទី៦ នៅប្រទេសស្វីស ជាមួយនឹងសកម្មភាពទ្វេភាគីនៅស្វីស។
អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក Dang Hoang Giang ទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំនៅវៀតណាម Thomas Gass (រូបថត៖ កាសែតពិភពលោកនិងវៀតណាម) |
ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសម៉ារ៉ុក និងសេណេហ្គាល់ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ៣០ ខែកក្កដា ដោយបង្ហាញពីការយកចិត្តទុកដាក់របស់ វៀតណាមចំពោះ IPU ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការប្រពៃណីជាមួយសេណេហ្គាល់ ម៉ារ៉ុក ស្វីស ជាប្រទេសទាំងបីក្នុងសហគមន៍ Francophonie។ អនុរដ្ឋមន្ត្រី លោក Dang Hoang Giang សង្ឃឹមថា ដំណើរបំពេញការងារនឹងសម្រេចបានលទ្ធផលសំខាន់ៗ ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម ការអភិវឌ្ឍប្រកបដោយចីរភាព នវានុវត្តន៍ បង្កើតបុព្វបទដើម្បីជំរុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងប្រទេសទាំងបីឱ្យកាន់តែស៊ីជម្រៅថែមទៀត។
រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតនៃប្រទេសសេណេហ្គាល់ ម៉ារ៉ុក និងស្វីសទាំងអស់បានបញ្ជាក់ពីការយកចិត្តទុកដាក់ចំពោះដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភាវៀតណាម ដោយជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងក្លាយជាព្រឹតិ្តការណ៍ថ្មីក្នុងទំនាក់ទំនងជាមួយបណ្តាប្រទេស។ ឯកអគ្គរដ្ឋទូតទាំងបីបានឯកភាពបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថាប័ន អង្គភាពនានានៃក្រសួងការបរទេស ស្ថាប័នរដ្ឋសភាវៀតណាម ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីត្រៀមលក្ខណៈសម្រាប់ដំណើរបំពេញការងារ ធានាបានជោគជ័យ៕