សហគមន៍អន្តរជាតិវាយតម្លៃជាវិជ្ជមានចំពោះការចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន
(VOVWORLD) - នាថ្ងៃទី ១៦ ឧសភា អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោកស្រី Stephanie Tremblay បានឲ្យដឹងថា អង្គការសហប្រជាជាតិបានស្វាគមន៍ការចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងអ៊ីស្តង់ប៊ុល ហើយបានចាត់ទុកព្រឹត្តិការណ៍នេះជាជំហានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាពប្រកបដោយនិរន្តរភាពនៅអ៊ុយក្រែន។
អង្គការសហប្រជាជាតិក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ទួរគី និងសហរដ្ឋអាមេរិកក្នុងការសម្របសម្រួលការចរចា ហើយបានបញ្ជាក់ថា អង្គការសហប្រជាជាតិនឹងគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយអត្ថន័យដើម្បីសម្រេចបាននូវគោលដៅនេះ។
នាថ្ងៃដដែល ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានឲ្យដឹងថា ការពិភាក្សាស្តីពីការផ្លាស់ប្តូរអ្នកទោសរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងកិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុលបាននាំមកនូវក្តីសង្ឃឹមថា ភាគីទាំងពីរនឹងចាប់ផ្តើមដំណើរការសន្ទនានិងសម្រេចបានលទ្ធផលថ្មី។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani និងរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានស្វាគមន៍ ចំពោះទួរគី ដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែនក្នុងប្រទេសនេះ ដោយចាត់ទុកថា បណ្តាប្រទេសអឺរ៉ុបកំពុងរៀបចំផែនការបន្ថែមទៀតដើម្បីសម្រេចបានសន្តិភាព។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ជាថ្មីម្តងទៀតថា លោកអាចនឹងជួបជាមួយសមភាគីរុស្ស៊ី លោក Vladimir Putin ព្រោះសកម្មភាពនេះគឺចាំបាច់ដើម្បីបញ្ឈប់ជម្លោះនៅអ៊ុយក្រែន៕