អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជួបធ្វើការជាមួយក្រសួងសុខាភិបាល
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ កុម្ភៈ នៅទីក្រុងហាណូយ អគ្គលេខាបក្ស លោកតូ ឡឹម បានអញ្ជើញទៅទស្សនានិងជួបធ្វើការជាមួយក្រសួងសុខាភិបាល ស្តីពីលទ្ធផលអនុវត្តន៍ការងារសុខាភិបាលនាពេលកន្លងមក និងទិសដៅ ភារកិច្ចនាពេលខាងមុខ ព្រមទាំងអបអរសាទរវិស័យសុខាភិបាលក្នុងឱកាសខួបលើកទី ៧០ នៃទិវាគ្រូពេទ្យវៀតណាម (២៧ កុម្ភៈ ១៩៥៥ - ២៧ កុម្ភៈ ២០២៥)។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញជូនផ្កាអបអរសាទរវិស័យសុខាភិបាល ក្នុងឱកាសរំលឹកខួបលើកទី៧០នៃទិវាគ្រូពេទ្យវៀតណាម (រូបថត៖ VOV) |
នៅក្នុងកិច្ចប្រជុំនេះ អគ្គលេខាបក្ស លោកតូ ឡឹម បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះវិស័យសុខាភិបាលដែលបានរួមចំណែកយ៉ាងធំធេងក្នុងការថែទាំសុខភាពរបស់ប្រជាជន។ ទន្ទឹមនឹងនោះ ក្រសួងមានការបោះជំហានលោតផ្លោះក្នុងការលើកកម្ពស់គុណភាពព្យាបាល ការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងការអភិវឌ្ឍន៍សុខាភិបាលទំនើប។ លោកអគ្គលេខាបក្ស តូ ឡឹម បានស្នើឱ្យវិស័យសុខាភិបាលទាំងមូលលើកកម្ពស់គុណភាពនៃប្រព័ន្ធសុខាភិបាលមូលដ្ឋាន; បន្តកែលម្អគុណភាពនៃសេវាវេជ្ជសាស្រ្តដើម្បីទាក់ទាញប្រជាជនឱ្យស្វែងរកការព្យាបាលនៅមូលដ្ឋាន; កែ លម្អប្រសិទ្ធភាពនៃកម្មវិធីចាក់ថ្នាំបង្ការ ពង្រីកការគ្របដណ្តប់នៃកម្មវិធីចាក់ថ្នាំបង្ការ និងលើកទឹកចិត្តដល់សេវាសុខភាពក្រៅវិស័យរដ្ឋ។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា៖ “បង្កើនការអនុវត្តបច្ចេកវិទ្យាក្នុងការពិនិត្យនិងព្យាបាលជំងឺ ជួយអ្នកជំងឺនៅតំបន់ដាច់ស្រយាល ទទួលបានការពិនិត្យព្យាបាលពីវេជ្ជបណ្ឌិតឯកទេស ដោយមិនចាំបាច់ធ្វើដំណើរឆ្ងាយ; បង្កើតប្រព័ន្ធពិគ្រោះយោបល់សុខភាពតាមអ៊ីនធឺណិត ដើម្បីគាំទ្រការធ្វើរោគវិនិច្ឆ័យដំបូង។ ទន្ទឹមនឹងនោះ ត្រូវពង្រីកទម្រង់នៃភាពជាដៃគូរវាងរដ្ឋ និងឯកជន និងបើកទូលាយលំហរសម្រាប់វិស័យឯកជនចូលរួមក្នុងការវិនិយោគលើការសាងសង់មូលដ្ឋានសុខាភិបាល មន្ទីរពេទ្យ មជ្ឈមណ្ឌលថែទាំសុខភាព... និងលើកទឹកចិត្តដល់ការអភិវឌ្ឍន៍មន្ទីរពេទ្យ និងសេវាវេជ្ជសាស្ត្រក្រៅវិស័យរដ្ឋ”។
លោកអគ្គលេខាបក្សបានស្នើឱ្យក្រសួងសុខាភិបាល ផ្តោតលើការលើកកម្ពស់ការស្រាវជ្រាវវិទ្យាសាស្ត្រ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ; សហការជាមួយអង្គការវេជ្ជសាស្ត្រអន្តរជាតិ ដើម្បីបណ្តុះបណ្តាលវេជ្ជបណ្ឌិត និងទទួលបានការផ្ទេរបច្ចេកវិទ្យាទំនើប; បង្កើនការអនុវត្តបញ្ញាសិប្បនិមិត្ត (AI) និងទិន្នន័យធំក្នុងការធ្វើរោគវិនិច្ឆ័យជំងឺ ការព្យាបាល និងការវិភាគនិន្នាការជំងឺរាតត្បាត៕