ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០៣០ វៀតណាមនឹងក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំងបីនៅអាស៊ីអាគ្នេយ៍អំពីបញ្ញាសិប្បនិម្មិត
(VOVWORLD) - បញ្ញវន្តនិងអ្នកវិទ្យាសាស្ត្រត្រូវតែជាកម្លាំងស្នូលដើម្បីនាំវៀតណាមចូលទៅក្នុងក្រុមប្រទេសឈានមុខគេចំនួនបីនៅអាស៊ីអាគ្នេយ៍ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិមិត្តនៅឆ្នាំ ២០៣០។
អគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញថ្លែងនៅក្នុងសន្និសិទសំណេះសំណាលជាមួយតំណាងបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រទូទាំងប្រទេស (រូបថត៖ VOV) |
នេះជាសំណើដែលលោកអគ្គលេខាបក្ស តូ ឡឹមអញ្ជើញលើកឡើងនៅក្នុងសន្និសីទ ជួបសំណេះសំណាលជាមួយតំណាងបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រ ទូទាំងប្រទេស ដោយគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមរៀបចំលើង នាព្រឹកថ្ងៃទី៣០ ខែធ្នូ នៅទីក្រុងហាណូយ។
អញ្ជើញថ្លែងនៅចំពោះមុខគណៈប្រតិភូចំនួន ២០០នាក់ ដែលជាបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រ ជាមួយនឹងសមិទ្ធិផល និងការរួមចំណែកជាច្រើន ក្នុងវិស័យស្រាវជ្រាវ និងបណ្តុះបណ្តាលទូទាំងប្រទេស អគ្គលេខាបក្ស លោក តូ ឡឹម បានបញ្ជាក់ថា បញ្ញវន្តគឺជាប្រភពធនធានដ៏សំខាន់បំផុតមួយនិងជាកម្លាំងចលករដែលនាំមកនូវភាពលោតផ្លោះ និងវិបុលភាពសម្រាប់ប្រទេសជាតិ។ យោងតាមលោកអគ្គលេខាបក្ស ក្នុងរយៈពេលខាងមុខ នៅពេលដែលប្រទេសជាតិឈានចូលយុគសម័យថ្មី រដ្ឋនិងប្រជាជនរំពឹងកាន់តែខ្លាំងឡើងលើការលះបង់និងការរួមចំណែករបស់ក្រុមបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រ។ ដើម្បីសម្រេចបានប្រការនោះ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា ជាដំបូងត្រូវមានផ្នត់គំនិត និងយន្តការតែងតាំងអ្នកមានបញ្ញានិងអ្នកមានទេពកោសល្យ។
ទាក់ទងនឹងគោលដៅដែលត្រូវខិតខំ លោកអគ្គលេខាបក្សស្នើរឲ្យក្រុមបញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រទូទាំងប្រទេសមានគំនិតច្នៃប្រឌិត និងស្នាដៃវិទ្យាសាស្ត្រចំនួន ១០០ នៅក្នុងចំណាត់ថ្នាក់វិទ្យាសាស្ត្រពិភពលោកនៅឆ្នាំ ២០៣០; ហើយដល់ឆ្នាំ២០៤៥ បញ្ញវន្តវៀតណាមនឹងឈរនៅលំដាប់កំពូលក្នុងតំបន់និងក្នុងចំណោមលំដាប់កំពូលក្នុងពិភពលោក។ លោកអគ្គលេខាបក្សបានសង្កត់ធ្ងន់ថា បញ្ញវន្ត និងអ្នកវិទ្យាសាស្ត្រត្រូវតែជាកម្លាំងស្នូលដើម្បីនាំវៀតណាមចូលទៅក្នុងក្រុមប្រទេសឈានមុខគេចំនួនបីនៅអាស៊ីអាគ្នេយ៍ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បញ្ញាសិប្បនិមិត្តនៅឆ្នាំ ២០៣០; ក្រុមប្រទេសចំនួន ៥០ ដែលនាំមុខគេលើពិភពលោកទាក់ទងនឹងការប្រកួតប្រជែងផ្នែកឌីជីថល និងសន្ទស្សន៍អភិវឌ្ឍន៍រដ្ឋាភិបាលអេឡិចត្រូនិក។ ដល់ឆ្នាំ ២០៤៥ វៀតណាមនឹងក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាឌីជីថលមួយក្នុងតំបន់ និងពិភពលោក; ស្ថិតក្នុងក្រុមប្រទេសឈានមុខចំនួន ៣០ នៅលើពិភពលោកក្នុងការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល៕