អ៊ីរ៉ង់សងសឹក បាញ់មីស៊ីលផ្លោងរាប់រយគ្រាប់តម្រង់លើអ៊ីស្រាអែល
Ba Thi /VOV ប្រចាំនៅអេហ្ស៊ីប -  
(VOVWORLD) - នាយាប់ថ្ងៃទី ១៣ មិថុនា និងព្រឹកថ្ងៃទី ១៤ មិថុនា អ៊ីរ៉ង់បានបើកយុទ្ធនាការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ ដោយបានបាញ់មីស៊ីលផ្លោងរាប់រយគ្រាប់ ដើម្បីវាយប្រហារតំបន់ផ្សេងៗ គ្នាជាច្រើននៅទូទាំងប្រទេសអ៊ីស្រាអែល។ ការវាយប្រហារនេះធ្វើឡើងនៅវេលាម៉ោង៥ ល្ងាច។
បន្ទាប់ពីការវាយប្រហារផ្លូវអាកាសទ្រង់ទ្រាយធំលើកដំបូងរបស់អ៊ីស្រា អែល លើអ៊ីរ៉ង់កាលពីម្សិលមិញ ដោយបានសម្លាប់ឧត្តមសេនីយ៍យោធាជាន់ខ្ពស់អ៊ីរ៉ង់ជាច្រើននាក់។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល ការផ្ទុះដ៏ធំជាបន្តបន្ទាប់ត្រូវបានកត់ត្រានៅក្នុងតំបន់ផ្សេងៗគ្នាជាច្រើន នៅទូទាំងប្រទេសអ៊ីស្រា អែល បន្ទាប់ពីការវាយប្រហារដោយមីស៊ីលចំនួនបីលើកជាប់ៗគ្នាដោយអ៊ីរ៉ង់។ រូបភាពដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមបានបង្ហាញពីជួរផ្សែងដ៏ធំដែលហក់ចេញពីកណ្តាលក្រុង Tel Aviv។ អគ្គីភ័យដ៏ធំមួយបាន ឆាបឆេះនៅជាប់នឹងទីស្នាក់ការក្រសួងការពារជាតិអ៊ីស្រាអែលនៅទីក្រុង Tel Aviv ប៉ុន្តែទំហំនៃការខូចខាតនៅមិនទាន់ដឹងនៅឡើយ។ ការខូច ខាត នៅក្នុងតំបន់ Tel Aviv គឺមិនធ្លាប់មានពីមុនមក ដោយមានអគារនិងយានជំនិះរាប់សិបគ្រឿងរងការខូចខាតដោយមីស៊ីលអ៊ីរ៉ង់ ឬបំណែកនៃមីស៊ីលស្ទាក់ចាប់។
កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថា បានធ្វើការវាយប្រហារលើគោលដៅផ្សេងៗគ្នាជាច្រើននៅទូទាំងប្រទេសអ៊ីស្រាអែល រួមទាំងមជ្ឈមណ្ឌលយោធា និងមូលដ្ឋានទ័ពអាកាសផងដែរ។ មុននេះ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីរសៀលម្សិលមិញ មេបញ្ជាការថ្មីនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ ឧត្តមសេនីយ Mohammad Pakpour បាន ប្តេជ្ញាថានឹងបើកទ្វារនរក និងវាយប្រហារអ៊ីស្រាអែលដោយរន្ទះ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលមកលើប្រទេសអ៊ីរ៉ង់។
Ba Thi /VOV ប្រចាំនៅអេហ្ស៊ីប